ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងល្បែងស៊ីសង​ហ្គេមបាញ់ត្រី​ ក្នុងសង្កាត់បឹងទំពុនទី២ សង្ស័យអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍ មិនរាយការណ៍ជូនថ្នាក់លើ?

1 ខែ មុន 157 តូ សុផល

រាជធានីភ្នំពេញ​ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់​ហ្គេមបាញ់ត្រី​មួយកន្លែងទៀត​ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ សង្ស័យអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ ជាអ្នកអនុញ្ញាតិ និងមិនរាយការណ៍ជូនថ្នាក់ខណ្ឌ ទើបបានជាបណ្ដោយឲ្យបើកទទួលក្រុមក្មេងទំនើង​ចូលលេង​ពពាក់ពពូនគ្នា​ ដោយសុវត្ថិភាព ពេលចូលលេងក៏ស្ងាត់​ ចេញមកវិញក៏ស្ងាត់ ទើបមិនទាន់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតនោះ។

ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់អ្នកយកព័ត៌មានអង្គភាព​ TNN ថា នៅផ្ទះ​ទ្វារកញ្ចក់​គ្មានលេខមួយ​កន្លែង​ ស្ថិតនៅតាមបណ្ដាយផ្លូវ៣៧១ ជិតក្លោងទ្វាវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ បានលួចលាក់បើកទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់នោះ កំពុង​បើក​លេង​យ៉ាង​រំភើ​យ និង​មាន​ក្រុម​ក្មេង​ស្ទាវ​ជា​ច្រើន​បាន​ចូល​លេង​ទាំង​យប់ទាំង​ថ្ងៃ​ ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំង ពួកគាត់មិនដឹងថា ក្រុមម្ចាស់ទីតាំងនេះចេះសិល្ប៍ស្ពិនភ្នែក ឬក៏ខាងអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ ជាអ្នកអនុញ្ញាតនោះឡើយ។

ប៉ុន្តែបើមើលទៅសកម្មភាពការបើកលេងនេះ​ គឺបើកលេងជាលក្ខណៈបំភ័ណ្ឌភ្នែកមហាជន មិនបើកចំហរទេ ដោយនូវខាងក្នុងប្រមូលម្តុំដោយក្រុមក្មេងទំនើង គេចសាលា គេចផ្ទះសំបែង ពួនសង្ងំនៅក្នុងនោះ សង្ស័យតែទីតាំងហ្គេមបាញ់ត្រីនេះ មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀនពិតមែនផង ។

សូមបញ្ជាក់ថា​ ហ្គេមបាញ់ត្រី​នេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​ ដោយ​ប្រើប្រាស់​លុយ​ ទើប​អាច​លេង​បាន វា​ជា​ហ្គេ​ម​មួយ​ប្រភេទ​ ដែល​ច្បាប់​ហាមប្រាម​ ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេវា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ ឲ្យ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ​អើ​ង​ហើ​ង ។ លុះពេលចាញ់អស់លុយ​ ​អាច​បែកគំនិត​​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ ។ ហើយទីតាំង​ដែល​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី គឺជា​ទីតាំង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ព្រោះ​រាល់ពេល​ដែល​កម្លាំង​អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ខណ្ឌទាំង១២​ មិនថាតែខណ្ឌមានជ័យនោះទេ ដែលធ្វើការ​ចុះ​បង្ក្រាប​ម្តង​ៗ គឺ​តែង​ដកហូត​បាន​វត្ថុ​តាង ​ពាក់ព័ន្ធ​គ្រឿងញៀន​ជា​បន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ទៀតថា​កន្លងទៅ​ អាជ្ញាធរខណ្ឌមានជ័យ បាន​​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​​ទាំងមូល ​​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ពេលវេលា​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ​តម្រុយ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​ទីតាំង​បទល្មើស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់​ជាដើម ដេីម្បីឲ្យបងប្អូន​ចូលរួម​សហការ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​រម្យ​នា​ផងដែរ​។

តែផ្ទុយទៅវិញ បែរជា​ទីតាំងល្បែងស៊ីសងខុសច្បាប់​ហ្គេមបាញ់ត្រី​ ក្នុងសង្កាត់បឹងទំពុនទី២ សង្ស័យអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍បឹងទំពុនទី២ មិនរាយការណ៍ជូនថ្នាក់ខណ្ឌ​ ?

សង្ស័យជាអ្នកអនុញ្ញាតិផងមើលទៅ ទើបបានជាបណ្ដោយឲ្យម្ចាស់ទីតាំង បើកទ្វារទទួលភ្ញៀវ​យ៉ាង​អ៊ើហ៊ើយដូច្នេះ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!