ព្រឹតិ្តការណ៍ថ្មីៗ

ឪពុក ចេវ សុវឌ្ឍនា ជឿថា កូនខ្លួនចងក និង​មិន​​ប្តឹងអ្នកណា​ឡើយ តែ នគរបាលជំនាញ​ក្រសួង​មហាផ្ទៃ​ថា ត្រូវគេ​សម្លាប់ រួច​យក​ទៅព្យួរក

2 ខែ មុន 310 តូ សុផល

ភ្នំពេញ៖ សវនាការសំណុំរឿងឃាតកម្មលើជនរង​គ្រោះ ចេវ សុវឌ្ឍនា ​ហៅ ស្រីពៅ ​ដែលជាសង្សាររបស់លោក ​ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវឈានដល់ការសាកសួរសាក្សី​ដាក់បន្ទុក ដែលជានគរបាលជំនាញក្រសួងមហាផ្ទៃ។

នៅព្រឹកនេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស ​និងវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ​បានថ្លែងនៅក្នុងសវនាការថា ​ក្រោយពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំ​ក្រសួង ​និងមានការឯកភាពពីលោក ជីវ ចាន់តារា ​ព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូង​ខេត្តតាកែវផង លោកបានបើកការស៊ើបអង្កេតសារជាថ្មីលើករណីស្លាប់របស់ជនរងគ្រោះ​ ឈ្មោះ ចេវ សុវឌ្ឍនា ដើម្បីរកឲ្យឃើញការពិត។

លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា​ បញ្ជាក់ថា «ក្រោយពីយើងប្រមូលរបាយការណ៍របស់​នគរបាលកោសល្យវិច័យ ខេត្តតាកែវ និងពិនិត្យមើលរូបថតរបស់ជនរងគ្រោះ នៅកន្លែងកើតហេតុ យើងបានកត់សម្គាល់ថា ​នៅមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលត្រូវមានការស៊ើបអង្កេត​ឲ្យបានស៊ីជម្រៅ​បន្ថែមទៀត»។

«ក្រោយពី​ចុះទៅពិនិត្យជាក់ស្តែង​នៅបន្ទប់ ដែលជនរងគ្រោះ​ ស្លាប់ និងពិនិត្យលើរូបថតជនរងគ្រោះ​ ចប់សព្វគ្រប់​ យើងសន្និដ្ឋានថា ​ជនរងគ្រោះពិតជា ត្រូវគេសម្លាប់លើគ្រែ រួចហើយយកទៅចងព្យួរក ដើម្បីបង្វែងដានសមត្ថកិច្ច»​។

លោកឧត្តមសេនីយ៍ទោ​ ទិត្យ ប៊ុនណា ​បន្ថែមថា «បើយើងពិនិត្យលើចំងាយពីគ្រែទៅកន្លែងចងក មានប្រវែង ៦០សង់ទីម៉ែត្រ បើជនរងគ្រោះ យកខ្សែវាំងននមកចងក រួចលោតពីលើគ្រែ ដើម្បីសម្លាប់ខ្លួន នោះវីសរបស់វាំងនននោះ នឹងរបើកពីជញ្ជាំង ព្រោះវីស ២គ្រាប់ ដែលគេបុកទៅ​នឹង​ជញ្ជាំង មានជម្រៅរាក់ មិនអាចទ្រទម្ងន់របស់ជនរងគ្រោះ​បានទេ។ ដូច្នេះយើង​​សន្និដ្ឋានថា ជនរងគ្រោះ ត្រូវគេសម្លាប់ រួចហើយទើបយកទៅព្យួរកជាក្រោយ។ ម្យ៉ាងបើផ្អែកលើរូបថត​បង្ហាញថា​ គ្រែ និងទូរស័ព្ទរបស់​រងគ្រោះ ពេលស្លាប់មានសភាព​មិនរៀប​រយ​នោះ​ទេ»។

ក្រោយពីពិនិត្យ​ និងស្រាវជ្រាវរួចរាល់​ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ​បានប្រគល់របាយការណ៍​សន្និដ្ឋាន​ជូនថា្នក់ដឹកនាំក្រសួង ដើម្បីឲ្យនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បើកការស៊ើបអង្កេតស្វែងរកជន​ដៃ​ដល់​ជាបន្តទៀត។

ដោយឡែក សាក្សីម្នាក់ទៀត ឈ្មោះ ចេវ សារ៉េន ​ជាឪពុកបង្កើតរបស់ជនរងគ្រោះ​ឈ្មោះ ចេវ សុវឌ្ឍនា ​បានអះអាងបញ្ជាក់​​ជូនសវនាការថា លោកជឿលើកម្មផលរបស់កូនស្រី​លោក ហើយលោកពិតជាទទួលស្គាល់ថា​ កូនស្រីលោកចងកសម្លាប់ខ្លួន ដូចអ្វីដែលនគរបាល និងមន្ត្រីជំនាញ ខេត្តតាកែវ បានសន្និដ្ឋាន ព្រោះពេលលោកទៅ​ទទួលសពកូនស្រីរបស់លោក លោកបានពិនិត្យ​លើសាកសព​កូនស្រី​ជាច្រើនម៉ោង លោកមិនបានឃើញស្លាកស្នាម គួរឲ្យសង្ស័យថា ​មានគេសម្លាប់ រួចយកទៅចង​ព្យួរកនោះទេ។

ឪពុករបស់​ជនរងគ្រោះ បានបង្ហើបជូន​អង្គសវនាការថា លោកពិតជាមិនបានដឹងអំពីទំនាក់ទំនង​ស្នេហារបស់​កូនស្រី និងលោក ឡាយ វណ្ណៈ ​នោះទេ ​ប៉ុន្តែកាលពីអំឡុងឆ្នាំ២០១៦​ កូនស្រីរបស់​លោក ធ្លាប់លេបថ្នាំសម្លាប់ខ្លួន​ម្តងដែរ តែត្រូវមិត្តភក្តិ និងលោក ឡាយ វណ្ណៈ ​ជួយបញ្ជូនទៅ​សង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេល។

នៅមុនពេល​ស្លាប់ កូនស្រីរបស់លោកធ្លាប់ បានព្រលយពាក្យថា នាងមានរឿងរ៉ាវស្មុគស្មាញ​ជាច្រើន ​តែលោកមិនបាន​ចាប់អារម្មណ៍ ​ព្រោះលោកគិតថា ​វាជារឿងការងាររបស់កូន​។

លោក ចេវ សារ៉េន ​បន្តថា​ «ខ្ញុំអរគុណណាស់ ចំពោះការខិតខំរបស់បងប្អូននគរបាលក្រសួងមហាផ្ទៃ និងតុលាការ​ ប៉ុន្តែតាំងពីដើម​រហូតមក ខ្ញុំមិនដែល​បានប្តឹងចោទប្រកាន់ជនណាម្នាក់ថា បានសម្លាប់​កូន​ស្រីខ្ញុំនោះ​ទេ។ ​ម្យ៉ាងទៀត ខ្ញុំក៏មិនដែលបានទាមទារសំណងអ្វីទាំងអស់​ ព្រោះខ្ញុំជឿលើកម្មផល​ បើកូនស្រីខ្ញុំ​ ឬខ្ញុំមានកម្មអ្វីពី​ជាតិ​មុនមក ដូច្នេះខ្ញុំខិតខំធ្វើបុណ្យជាតិនេះ សូមឲ្យជាតិក្រោយ កុំកើតរឿង​បែបនេះ​ទៀត»។

បន្ទាប់ពី​សាក​សួរដេញដោលពេញមួយព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ​ លោក ហម ម៉េងសែ ​ប្រធានក្រុមប្រឹក្សាចៅ​ក្រមជំនុំជម្រះ បានលើកពេលសវនាការសំណុំរឿងនេះ ទៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៩ ខាងមុខ​បន្តទៀត។

សូមបញ្ជាក់ថា​តុលាការបានចោទប្រកាន់លើ​ឈ្មោះ ឡាយ វណ្ណៈ​ ភេទប្រុស អាយុ ៤៥ឆ្នាំ ​និងឈ្មោះ ឡាយ ​ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ​ (ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ) ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោ​ សង្កាត់រកាក្នុង ក្រុងដូនកែវ ​ខេត្តតាកែវ ​កាលពីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៨​ យោងតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។ ​

ចំណែកជនជាប់ចោទ​ឈ្មោះ ម៉េន សាម៉ៃ ​ភេទប្រុស​ អាយុ ៣៦ឆ្នាំ ​ជាតៃកុងឡានរបស់លោក​ ឡាយ វណ្ណៈ ​និងឈ្មោះ ​ជឹម វុធ ​ហៅ ថូត ​ភេទប្រុស ​អាយុ ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់​ជនរងគ្រោះ​ពីបទ លាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិ​ផ្សារតាកោ សង្កាត់រកាក្នុង​ ក្រុងដូនកែវ ​ខេត្តតាកែវ ​កាលពីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៨ យោងតាមមាត្រា ៥៣២ នៃក្រមព្រហ្ម​ទណ្ឌ។

សូមជម្រាប​ជូនថា​ នៅក្នុងសវនាការនាពេលកន្លងមក ក្រុមជនជាប់ចោទសុទ្ធតែ​បដិសេធថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូចការចោទ​ប្រកាន់​របស់​តុលាការ។

ដោយឡែក សាក្សីជាមន្ត្រីកោសល្យវិច័យនៅខេត្តតាកែវ សុទ្ធ​តែ​អះ​អាង​​ថា ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា ពិតជាចងក​សម្លាប់​ខ្លួន មិនមែនជា​រឿង​ឃាតកម្ម​នោះ​ទេ។

គួររំលឹកថា​ ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា ​ហៅ ស្រីពៅ ត្រូវគេប្រទះឃើញចងកស្លាប់ ក្នុងបន្ទប់​គេង​របស់នាង​ នៅក្នុងផ្ទះជួល​ដ៏ធំមួយ ដែលលោក ឡាយ វណ្ណៈ ​ជាអ្នកជួលឲ្យនៅក្នុង​ភូមិផ្សារតា​កោរ ​សង្កាត់រការក្នុង ​ក្រុងដូនកែវ ​ខេត្តតាកែវ។កាលពីល្ងាចថ្ងៃ​ទី២៦ ខែមករា​ ឆ្នាំ២០១៨ កន្លងទៅ។

ភ្លាមៗករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ​ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ​ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញ​របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោល​គឺជារឿងឃាតកម្ម​ ដោយមានអ្នកបញ្ជា ​និងរៀបចំទុក​សម្លាប់ជន​រងគ្រោះ។

ក្រោយពីបើក​ការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួន​ក្រុមជនជាប់ចោទទាំង ៤នាក់​ខាងលើ បញ្ជូនទៅតុលាការ​ចាត់ការ​តាមច្បាប់៕ (ពូ ម៉ូតូឌុប)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!