ជួប សម្លាប់ ត្រូវ តុលាការកំពូល​ ផ្តន្ទាទោស ដាក់គុកអស់មួយជីវិត រឿងសម្លាប់​បណ្ឌិត កែម ឡី

3 សប្តាហ៍ មុន 97 តូ សុផល

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសសាលដីកា សម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារមួយជីវិត ក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី។

សូមជម្រាបជូនថា សវនាការនៃសំណុំរឿងឃាតកម្មមួយនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅដោយមានឯកឧត្តម គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងឯកឧត្តម អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ជាតំណាងមហាអយ្យការ។

គួរបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការ សាលាដំបូង​រាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសកាលពីដើមឆ្នាំ២០១៧ ដាក់ ពន្ធនាគារអស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់។

ដោយយល់ថា ខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការសាលាឧទ្ធរណ៍ប្រកាសសាលដីកាតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ហើយជនជាប់ចោទកើត​ទុក្ខពុំសុខចិត្ត និងសម្រេចចិត្តប្តឹងសារទុក្ខទៅតុលាការកំពូល។

គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាន់ពីកើតហេតុភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ យកទៅសាកសួរ ទើបជនជាប់ចោទសារភាពថា រូបគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែ​រឿងជំពាក់លុយមិនសង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!