ព្រឹតិ្តការណ៍ថ្មីៗ

គេងយោលអង្រឹង ចាំគូរពិសេស បងៗខាងច្បារអំពៅទៅដល់ល្មម!

1 ខែ មុន 156 តូ សុផល

ភ្នំពេញ  ៖ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ជាច្រើននាក់ ចុះទៅឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងជល់មាន់តាមOnline មួយកន្លែងជ្រកក្រោមស្លាកយីហោ ហាងកាហ្វេយីហោ ដុង ហេងលី ឃាត់ខ្លួនមនុស្ស១៧នាក់ និងម៉ូតូ៣៣គ្រឿង ទូរទស្សន៍ធំតូច១០គ្រឿង រួមនិងតុកៅអីជាច្រើនទៀត ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលទីតាំងមួយនេះ បានជ្រកក្រោមស្លាកយីហោហាងកាហ្វេ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៧ ក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងដោយមានការដឹកនាំនិងបញ្ជារដោយផ្ទាល់ពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយលោក ណុប ផា អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រួមនិងកងកម្លាំងជាច្រើននាក់ ចុះឆ្មក់បង្ក្រាបទីតាំងខាងលើនេះ ដែលជ្រកក្រោមស្លាកយីហោ ហាងកាហ្វេ ដុង ហេងលី តែធាតុពិតវិញនោះ គឺបានបង្កប់ល្បែងស៊ីសងចាក់ភ្នាល់មាន់ជល់ តាមOnlineដោយដាក់ទូរទស្សន៍តូច ធំៗបញ្ចាំ ងមានតុកៅអីជាច្រើនទុកសម្រាប់អង្គុយភ្នាល់ ថែមទាំងមានអង្រឹងសម្រាប់ដេកពេកចុកចង្កេះទៀតផងពិតជាមិនធម្មតាមែនចំពោះទីតាំងមួយនេះ។

ជាក់ស្តែងក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនមនុស្ស២១នាក់ ក្នុងនោះមានទាំងម្ចាស់ទីតាំង និងអ្នកចាក់ ដកហូតម៉ូតូ៣៣គ្រឿង ទូរទស្សន៍ តូច ធំ១០គ្រឿង រួមនិងតុកៅអីជាច្រើនផងដែរ។

បច្ចុប្បន្នចំពោះវត្ថុតាងមានម៉ូតូទូរទ្សន៍ តុ កៅអីខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ ចំណែកមនុស្សទាំង២១នាក់ ត្រូវបាននាំខ្លួនមកកាន់ អធិការនគរបាលខណ្ឌដើម្បីធ្វើការអប់រំ និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

គួរអោយកត់សម្គាល់ផងដែរថា ចាប់តាំងមេប៉ូលិស និង ចៅហ្វាយក្រុង បញ្ជាអោយបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទ អាជ្ញាធរខណ្ឌមួយចំនួនបានចុះបង្ក្រាបជារឿយៗ ជាពិសេស វង់ល្បែង ជល់មាន់ តាមសង្វៀនលួចលាក់ តាមដីទំនេរទុកចោល នានា តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ល្បែងភ្នាល់ជល់មាន់តាម Online តាមហាងកាហ្វេ រីកដុះដាលដូចផ្សិត ទូទាំងរាជធានីភ្នំពេញ ដែលយូរៗម្តង បងៗសមត្ថកិច្ច និង អាជ្ញាធរ លោកចុះបង្ក្រាបម្តង។

ល្បែងភ្នាល់ ជល់មាន់តាម Online ជាល្បែងស៊ីសង ប្រភេទថ្មី ដែលបងប្អូនអ្នកញៀនល្បែងនៅភ្នំពេញមួយចំនួន បាននិង កំពុងពេញនិយមយ៉ាងខ្លាំង នេះមិនរាប់បញ្ចូល ល្បែងមួយចំនួនទៀតដូចជា៖ ល្បែងភ្នាល់ទឹកភ្លៀង ហ្គេមអនឡាញ ២៤ម៉ោង ហ្គេមបាញ់ត្រី ភ្នាល់បាល់ ឆ្នោតយួន និងបៀរអាប៉ោងជាដើម។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនបន្តមើលរំលងទៀតទេ៕ ដោយ ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!