ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី ចេញឆក់ទូរស័ព្ទ IPhone X-Max បានសម្រេច​ តែជិះរត់ទាំងភ័យស្លន់ស្លោ​ ទៅបុករថយន្ត​

4 ខែ មុន 99 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ជនសង្ស័យ​២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅ​ឲ្យ​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ​ បន្ទាប់​ពី​បាន​ធ្វើសកម្ម​ភាព​ឆក់ទូរ​ស័ព្ទ​ដៃ​មួយគ្រឿងពីបុរសម្នាក់ជិះម៉ូតូកាន់ទូរស័ព្ទបម្រុងដាក់ចូល​ហោប៉ៅ​ បាន​សម្រេច​ នៅត្រង់​ចំណុច​ក្បែរ​​ភោជនីយដ្ឋាន​យីហោ​ ស៊ី​តធី​ហ្គោល​ ផ្លូវ​២០២​ ក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ហើយ​ក៏ព្យាយាម​បើក​រត់គេចខ្លួនទាំងភ័យស្លន់ស្លោ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ បណ្តាលឲ្យ​ដួល​ម៉ូតូ​ នៅត្រង់​ចំណុច​ខាងកើត​ផ្សារ​សំណង់​១២​​ ផ្លូវ​២៦៥​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ​ខណ្ឌទួលគោក​ ហេតុ​ការណ៍​នេះបាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​០០:១៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៩នេះ។

ជនសង្ស័យ​ទី​១មានឈ្មោះ​ ពេជ្រ​ សូណារ៉ុង​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​។

និងទី២​មានឈ្មោះ​ ទូច​ ណារាជ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ជាសិស្ស​ថ្នាក់ទី១២​ នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ ស្នាក់នៅ​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​។

ជនរងគ្រោះ​មានឈ្មោះ​ ​រ៉ា រីណា​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ សំណង់ស៊ីវិល ស្នាក់នៅក្នុង​សង្កាត់​កាកាប​ទី​១​ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីពី​បុរស​ដែល​ជា​ជនរងគ្រោះ​បានរៀបរាប់ប្រាប់​ភ្នាក់ងារ TNN ​ដឹង​ថា​ នៅមុន​ពេលកើតហេតុ​ ជនរងគ្រោះ​បាន​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយស័រស្មាសវី​ (Suzuki Smash-V) ពណ៌ស​ ពាក់ស្លាកលេខ​បាត់​ដំបង​1S-4391 ទើប​តែ​ចេញមកពី​ផឹកស៉ី​ជាមួយ​មិត្តភ័ក្ដិ​នៅ​ហាង​ ស៊ីតធី​ហ្គោល ​បំណងត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ឯពោធិ៍ចិនតុង​ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០២​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។ លុះមកដល់​ចំណុច​កើតហេតុ​ ជនរងគ្រោះ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​មួយគ្រឿងម៉ាក​ អាយហ្វូន​អ៊ិច​ម៉េក​ (Iphone X Max) បំរុង​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​ ខណៈ​ពេល​នោះ​ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៩​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ ​1HO-3378 ដោយ​ជិះ​មកពី​ក្រោយ​រួច​ក៏​បាន​ធ្វើសកម្ម​ភាព​ឆក់ទូរ​ស័ព្ទ​ដៃ​ពី​ជនរងគ្រោះ​បាន​សម្រេច​ ហើយ​ក៏​ព្យាយាម​បេីក​ម៉ូតូ​រត់​គេច​ខ្លួន​ទៅ​។

ភ្លាម​ៗ​នោះ​ជនរងគ្រោះ​ក៏​ស្រែក​ចោរ​ៗជិះ​ដេញ​តាម​ពី​រហូត​ទៅ​ដល់​ខាង​មុខ​ចំណុច​ផ្សារ​សំណង់​១២​ខាងលើ​ ក៏បណ្ដាល​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បោះ​ចោល​ទូរស័ព្ទ​ដៃ​ដែល​ធ្វើ សកម្មភាព​ឆក់​បាន​ពី​ជនរងគ្រោះ​ រួច​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឲ្យ​​ដួលម៉ូតូ​ ហើយក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​​នៅ​ក្បែរនោះ​ នាំ​គ្នា​ជួយ​ចាប់​ឃាត់​បាន និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជេីង​ឡើង​ទ្រោម​ខ្លួន​ រួច​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋាន​នាំ​យក​ទៅ​សាកសួរ​ ។

ចំណែក​ទូរស័ព្ទ​ដៃ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​ធ្វើ​​សកម្មភាព​ឆក់​ពី​ជនរងគ្រោះ​ បានសម្រេចហេីយ​ ក្នុងអំឡុងពេល​ជិះរត់ទាំងភ័យស្លន់ស្លោ​នោះ​ បានយក​ទៅ​បោះចោលន ហេីយ​រក​មិន​ឃើញ​នោះទេ។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​រួមទាំង​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋាន​នាំ​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹកល្អក់​ទី​៣​ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ដើម្បីរង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​វិញ​ច្បាប់​ជាបន្ត​ទៀត​៕​ ដោយបងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ