ព្រឹតិ្តការណ៍ថ្មីៗ

ចិនបងតូចបងធំ២ក្រុម បើករថយន្តទំនើបបុកគ្នា​ ហេីយចុះមកវាយថែមទៀត​ របួសម្នាក់​ ហើយមិនអស់ចិត្តហៅបក្ខពួកមកថែម

3 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡើងដោយជនជាតិ​ចិនជាអ្នក​បើកបរ​ កេីតឡើងជាញឹកញាប់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀតជាក់ស្ដែង​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរទាំងកណ្ដាលអាធ្រាត្រ បន្ទាប់ពីជនជាតិចិនអ្នកលេង​២ក្រុម បើករថយន្តបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តទាំងសងខាង ហើយឈានដល់កេីតមានហិង្សាដេញវាយគ្នាពេញផ្លូវផ្អើលអស់សមត្ថកិច្ចកាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន​ លើផ្លូវលេខ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ព្រំប្រទល់ជាមួយសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ TNN ដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក​ Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-3367 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួចដំណេីរប្រុសស្រី៥នាក់ទៀត ជាជនជាតិចិនដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលបុកចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម្ខាងទៀតវិលមួយជុំរងការខូចខាតយ៉ាងដំណំ។

បន្ទាប់មកភាគីខាងរថយន្តពណ៍សដោយអាងគ្នាច្រេីនក៏ចុះពីរថយន្តដេញវាយភាគីម្ខាងទៀតទេីបតដៃរបួសម្នាក់។ មួយសន្ទុះក្រោយមកពួកគេមិនអស់ចិត្តក៏ហៅបក្ខពួកមកបន្ថែមទៀតទាំងសងខាង បំណងមកវាយគ្នាទៀត ទោះជាសមត្ថកិច្ចនៅកន្លែងកេីតហេតុក៏ដោយ​ ក៏ភាគីទាំងសងខាងហៅគ្នាមកកាន់តែច្រេីន​ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ​ ភ្លាមនោះ​កម្លាំងសមត្ថកិច្ច​ខណ្ឌចំការមន​ បានរាយការណ៍សុំកម្លាំងបន្ថែម​ ចុះមកជួយអន្តរាគមន៍​ ទើបក្រុមជនជាតិចិនទាំងនោះ​ បំបែកគ្នារៀងៗខ្លួន​ ។

បច្ចុប្បន្នក្រោយកើតហេតុ​ សហការជាមួយ​សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយបងម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!