ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចរថយន្ត​ PRIUS ពីមជ្ឈមណ្ឌលថែទាំរថយន្ត “មាតា” ក្នុងខណ្ឌមានជ័យ​ តែមិនដឹងជាប់GPS បានបើកគេចខ្លួនឆ្លងខេត្ត

1 ខែ មុន 76 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ មកធ្វើការជាកម្មករលាងរថយន្តក្នុងមជ្ឈមណ្ឌលថែរាំរថយន្តមួយកន្លែងទើបតែបាន២ថ្ងៃតែប៉ុណ្ណោះ បែរជាថ្លើមធំហ៊ានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ចេញពីមជ្ឈមណ្ឌលថែទាំរថយន្តខាងលើ ដោយមិនដឹងថារថយន្តនោះមានភ្ជាប់ប្រព័ន្ធGPS និងមានបង្កប់កាមេរ៉ាផងនោះ តែត្រូវបានជនរងគ្រោះ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ និងនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ ក៏ដូចជាសមត្ថកិច្ចប៉ុស្តិ៍ត្រាំកក់ ដេញតាមសញ្ញារថយន្តដែលជនសង្ស័យលួចទៅ រហូតស្ទាក់ឃាត់បាននៅចំណុចទីតាំងចាក់សាំងមួយកន្លែង ទើបជនរងគ្រោះបើករថយន្តទៅពាំងនៅខាងមុខតែម្តង បណ្តាលឲ្យប៉ះរថយន្តរងការខូចខាតបន្តិចបន្តួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមជ្ឈមណ្ឌលថែទាំរថយន្តយីហោ «មាតា» មានទីតាំងនៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដេញចាប់បាននៅចំណុចផ្លូវជាតិលេខ៤១ ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចរថយន្តខាងលើឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើសកម្មភាពលួច ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-7042 ចេញពីមជ្ឈមណ្ឌលថែទាំរថយន្តយីហោ «មាតា» មានទីតាំងស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបើករត់គេចបាត់ ក្រោយពីជនសង្ស័យរូបនេះ បានចូលមកធ្វើការនៅក្នុងក្នុងមជ្ឈមណ្ឌលថែទាំរថយន្តខាងលើ បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ ទើបជនរងគ្រោះប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ម្យ៉ាងរថយន្តដែលចោរលួចយកទៅនោះ ត្រូវបានម្ចាស់ភ្ជាប់ GPS និងមានបំពាក់កាមេរ៉ាផងដែរ ។

ក្រោយពីទទួលបានព័ត៌មានចោរកម្ម លួចរថយន្តខាងលើ តាមរយៈប្រពន្ធGPS រថយន្តនេះកំពុងបើករត់គេច តាមផ្លូវជាតិលេខ៤១ កាត់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ឲ្យចេញល្បាតត្រួតពិនិត្យ ពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់វេលាម៉ោង០៥:២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញបានប្រទះរថយន្តភិនភាគខាងលើ ទេីបកម្លាំងជំនាញបានដេញនិងស្ទាក់ ដោយរថយន្តបានបើករថយន្តទៅពាំងពីមុខរថយន្តមួយទៀត ដែលត្រូវចោរលួចយកទៅនោះ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចផងដែរ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញបានគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ យកទៅសាកសួរ​ និងកសាងសំណុំរឿងប្រគល់ជនសង្ស័យឲ្យទៅនគរបាលប៉ុស្តិ៍បឹងទំពុនទី២ នៃអធិការនគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការបន្តតាមនីតិវិធីវិញ ។

បច្ចុប្បន្នដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកមកធ្វេីការសាកសួរ និងចាត់ការបន្តតាមនីតិវិធី​ ៕​ ដោយបងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!