ព្រឹតិ្តការណ៍ថ្មីៗ

តើអាចទទួលបានពន្លឺយុត្តិធម៌ដូចគ្នាដែរឬទេ? ករណីនិស្សិតស្រី២នាក់ដែលស្លាប់ក្រោមកង់ឡានរបស់អ្នកមានទ្រព្យដូចគ្នា ! 

4 ខែ មុន 131 តូ សុផល

ភ្នំពេញ៖ បើទោះជាតុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ជាកូនស្រីថៅកែសណ្ឋាគារមួយនៅខេត្តសៀមរាប

ដែលបើករថយន្តបុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់ ដាក់ពន្ធនាគារ១ឆ្នាំ (អនុវត្តទោស ២ខែ) និងផ្តល់សំណងទៅគ្រួសារជនរងគ្រោះប្រមាណជាជាង ៧ម៉ឺនដុល្លារ ក៏មហាជនមួយចំនួននៅតែរិះគន់ថា ហាក់មិនទាន់សមចំពោះកំហុសរបស់អ្នកប្រព្រឹត្ត និងអយុត្តិធម៌ចំពោះអ្នកស្លាប់នៅឡើយ។

បើគេក្រឡេកមើលទៅករណីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នានេះដែរ ដែលរថយន្តក្រុមហ៊ុនសំណង់ SL របស់លោកឧត្តមសេនីយ៍ទោ ស៊ី លាង ជានាយរងសេនាធិការអាវុធហត្ថលើផ្ទៃប្រទេស និងជាថៅកែសាលារៀនឯកជនម្នាក់ផង បានកិននិស្សិតស្រីម្នាក់ស្លាប់ និងម្តាយរបស់នាងរងរបួសធ្ងន់ នៅខេត្តកំពង់ស្ពឺ តើមកដល់ពេលនេះជិត ៥ខែទៅហើយគ្រួសាររបស់ជនរងគ្រោះទទួលបានអ្វីខ្លះក្រៅពីទឹកភ្នែក?

បើគេមើលឲ្យជ្រៅទៅលើករណីទាំងពីរនេះ គេឃើញស្គាល់អ្នកបង្ក និងមានអ្នកស្លាប់ដូចគ្នា ប៉ុន្តែយុត្តិធម៌ហាក់មិនដូចគ្នាឡើយ មិនដូចបែបនេះក៏អាចមកពីមានអ្នកជួយឈឺឆ្អាលខុសគ្នាក៏ថាបាន។

ករណីកញ្ញា យិន ម៉ាណា បើករថយន្ត Range Rover 7777 បុកនិស្សិតឈ្មោះ ឌុំ រីដា ស្លាប់មានបងប្អូនដែលនិយមប្រើប្រាស់ហ្វេសប៊ុកខិតខំជួយ រិះគន់ និងសំណូមពរឲ្យមានការអនុវត្តច្បាប់លើជនបង្កឲ្យបានម៉ឺងម៉ាត់ រហូតដំណឹងនេះបានជ្រាបដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ចំណែកនិស្សិតស្រីជនរងគ្រោះឈ្មោះ ជា ហ៊ុយណា និងម្តាយឈ្មោះ សួស ស្រីពៅ ត្រូវរថយន្តក្រុមហ៊ុន SL របស់លោកផ្កាយ២ ស៊ី លាង បុកស្លាប់ និងរងរបួសជិត៥ខែមកនេះ ពុំសូវមានមហាជនជួយតស៊ូមតិដើម្បីជំរុញឲ្យក្រុមជនបង្កចេញមុខមកទទួលខុសត្រូវនោះទេ។

សូមរម្លឹកថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូក្រុមហ៊ុន SL របស់លោកឧត្តមសេនីយ៍ទោ ស៊ី លាង បានបុកជនរងគ្រោះឈ្មោះ ជា ហ៊ុយណា ស្លាប់នៅនឹងកន្លែង និងម្តាយនាងរងរបួសបាក់ដងកាំបិតបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិ៤១ ភូមិក្រាំងសរសរ ឃុំស្វាយរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ទោះជាយ៉ាងណា សំណុំរឿងចរាចរណ៍មួយនេះ ត្រូវបានលោក អ៊ី សាវិញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានលោក ខៃ សម្ភស្ស ជាតំណាងអយ្យការ បានបើកសវនាការកាត់ក្តីកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដោយមិនមានវត្តមានរបស់ភាគីក្រុមហ៊ុន SL ឡើយ។

ក្រោយពីសាកសួរដេញដោល តុលាការខេត្តកំពង់ស្ពឺ បានលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ