ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! ២ម៉ោង ៤ដង!

3 សប្តាហ៍ មុន 189 តូ សុផល

ភ្នំពេញ ៖ រយៈពេលមិនដល់២ម៉ោងផង នៅក្នុងសង្កាត់៣ នៃខណ្ឌចំការមន មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៤ករណីបន្តបន្ទាប់គ្នា បង្កឡើងដោយ ការបើកបរមិនគោរពភ្លើងស្តុប បញ្ច្រាសទិសដៅ ចរាចរណ៍  ពិសារគ្រឿងស្រវឹង  និងបើកបរក្នុងល្បឿនលឿន បង្កឲ្យមានមនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់និងស្រាល និងខូចខាតម៉ូតូចំនួន៥គ្រឿង ក្រឡាប់កង់បីឥណ្ឌាមួយគ្រឿង និងរថយន្តបង្កហេតុចំនួន២គ្រឿង បានបើកគេចខ្លួនបាត់ស្រមោល  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បានកើតមានឡើងនៅចន្លោះម៉ោង១០យប់ ថ្ងៃទី២០  ខែឧសភា  ដល់ម៉ោង០០:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារិ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងសង្កាត់ចំនួន៣ នៃទឹកដីខណ្ឌចំការមន ។

ករណីទី១ កើតឡើងនៅវេលាម៉ោង១០:១២នាទីយប់ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម  មុខផ្ទះលក់សំបកកង់រថយន្តមួយកន្លែង  ជិតស្តុបវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១  បង្កឡើងដោយ រថយន្ត ម៉ាកសឺដេស ពណ៍ទឹកប្រាក់  សាក្សីថាពាក់ស្លាកលេខភ្នំពេញ  2P-2007 បើកទៅបុកពីក្រោយ ម៉ូតូ  Honda Click ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  1FR-0880 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលរងរបួសធ្ងន់ (ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះ) ចំណែករថយន្តបង្កបើករត់បាត់ស្រមោល  រីឯម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន។

ករណីទី២ កើតឡើងនៅវេលាម៉ោង១០:២៤នាទីយប់  នៅតាមបណ្ដោយវិថីឧកញ៉ា ជ្រុន យូហាក់ (ផ្លូវ២៩៤) កែងផ្លូវលេខ២៩ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ បង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង  និងបើកបរក្នុងល្បឿនលឿន  ខ្វះការប្រុងប្រយ័ត្ន  រវាងម៉ូតូ Yamaha Fino ពណ៍ក្រហម  ពាក់ស្លាក់លេខភ្នំពេញ  1X-8599 បើកបរដោយបុរសម្នាក់  (ទំនងជាស្រវឹង)  ប៉ះជាមួយម៉ូតូមួយគ្រឿងទៀត  ម៉ាក Honda Dream ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1AV-0165 បើកបរដោយបុរសនារី២នាក់ បណ្ដាលឲ្យរងរបួសទាំងសងខាង  (ធ្ងន់ម្នាក់  ស្រាល ២នាក់ )។ ដោយភាគីទាំងសងខាង  ហៅបងប្អូនមកជួយដោះស្រាយរៀងខ្លួន និងធ្វើឲ្យការដោះស្រាយគ្នាមិនត្រូវ  ថែមទាំងឈ្លោះប្រកែកគ្នា រកខុសរកត្រូវមិនឃើញ  បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ចោមរោមមើល ពេញកន្លែងកើតហេតុ  ។

ករណីទី៣  កើតឡើងនៅវេលាម៉ោង១០:៤០នាទីយប់  នៅតាមបណ្ដោយផ្លូវសបិត ត្រង់ចំណុចផ្លូវបែកជាបួន  ជិតក្រសួងបរិស្ថានថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ បង្កឡើងដោយ រថយន្ត ម៉ាក Morning ពណ៍ស ស្លាកលេខភ្នំពេញ  2AS-7312 បើកបរបញ្ច្រាសទៅបុកម៉ូតូ Smash Revo ពណ៍សលាយខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1CO-9345 បើកបរដោយស្រីម្នាក់  ទើបចេញពីធ្វើការនៅផ្សារទំនើប អ៊ីអន បណ្ដាលឲ្យខ្ទាតដួលបោកនឹងថ្នល់  រងរបួសជើងនិងដៃខាងស្ដាំប៉ុណ្ណោះ  ព្រោះស្ត្រីរងគ្រោះ បានពាក់មួកសុវត្ថិភាព  ទើបមិនប៉ះពាល់ដល់ក្បាល។ ចំណែករថយន្តបង្ក  បានព្យាយាមបើករត់គេចចេញពីកន្លែងហេតុ បាត់ស្រមោល តែមានអ្នកបើកកង់បីថតស្លាកលេខ បានយ៉ាងច្បាស់  និងយកមកឲ្យស្ត្រីរងគ្រោះ ទុកជា ភស្តុតាង  រួចឡើងជិះរ៉ឺម៉កកង់បីទៅលាងរបួសដោយខ្លួនឯង។

ចំណែកឯម៉ូតូត្រូវ សមត្ថកិច្ចយកទៅរក្សាទុក បណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំ ម្ចាស់ម៉ូតូ មកដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកមុខម្ចាស់រថយន្តបង្ក  អោយចូលខ្លួនមកដោះស្រាយតាមច្បាប់។

ករណីទី៤  កើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់  នៅចំណុចផ្លូវបំបែកជាបួន  ស្តុបគីរីរម្យ ផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ បង្កឡើងដោយការបើកបរ បំពានភ្លើងស្តុប រវាងកង់បីឥណ្ឌាមួយគ្រឿង ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  1HM-5694 បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវម្នាក់ មកដល់ចំណុចផ្លូវបំបែកជាបួនស្រាប់តែមានបុរសជនបរទេស ស្បែកខ្មៅ បើកម៉ូតូមួយគ្រឿង  ពណ៍លឿងលាយខ្មៅ ម៉ាក TTX  ពាក់ស្លាក់លេខភ្នំពេញ  1DB-3254 ក្នុងល្បឿនលឿន និងបំពានស្តុប ចរាចរណ៍  ពណ៍ក្រហម ក៏ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលក្រឡាប់កង់បីឥណ្ឌា ផ្ងារជើងម្ខាង និងបណ្ដាលឲ្យរងរបួសស្រាលទាំង៣នាក់តែម្ដង  តែក្រោយកើតហេតុបុរសស្បែកខ្មៅ  បានដើរលេងនិយាយទូរសព្ទ រួចក៏បានអូសក្រឡាឡើងជិះ កង់បីគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដង។ ចំណែកឯម៉ូតូនិងកង់ឥណ្ឌាត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក បណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំ ធ្វើការស្រាវជ្រាវ រកម្ចាស់ម៉ូតូ អោយចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!