ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារងគ្រោះដែលត្រូវបនប្រល័យពូជសាសន៍កាប់សម្លាប់

5 ខែ មុន 21 តូ សុផល

ស្វាយរៀង៖  ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃទិវាជាតិនៃការចងចាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត សម្លាប់ នៅចេតិយតំកល់អដិ្ឋធាតុជនរងគ្រោះ ស្ថិតនៅក្នុងវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ខាត់ សាខន សមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាច បានឡើងអានវិយោគកថារួចមកលោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវអំណរគុណស្ថាប័ន អង្គភាព អាជ្ញាធរស្រុក ដែលបានរួមគ្នារៀបចំពិធីរំលឹកព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជារបស់យើងបានជួបប្រទះ ដែលឧក្រិដ្ឋកម្មនេះ បានកើតឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយបនប៉ុលពតឬរបបប្រល័យពូជសាសន៍។ ការប្រារព្ធពិធីនាពេលនេះ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជាទាំងមូល កំពុងទទួលបាននូវសុខសន្តិភាពពេញលេញនៅផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ សណ្តាប់ធ្នាប់ នីតិរដ្ឋត្រូវបានពង្រឹង សេដ្ឋកិច្ចបន្តរក្សាបានកំណើនក្នុងរង្វង់ជាង៧%។ រីឯងការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត មានផ្លូវថ្នល់ មន្ទីរពេទ្យ អគ្គីសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ កំពង់ផែ ព្រលានយន្តហោះ បាននិងកំពុងរកចិត្តទុកកសាង យ៉ាងផុសផុល សកម្ម គគ្រឹកគគ្រេង។ ទំនាក់ទំនងអន្តរជាតិ កាន់តែល្អប្រសើរ ជាពិសេសប្រទេសរបស់យើង បានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចូលរួមក្នុងការថែរក្សាសន្តិភាព ប្រទេសមួយចំនួន នៅទ្វីបអាហ្វិច។

ឆ្លៀតឱកាសនោះលោក នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងជិត ឆ្ងាយ ទាំងកម្ពុជានិងមិត្តភ័ក្រ្តបរទេសដែលបានជួយអភិវឌ្ឍស្រុករមាសហែក។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នេះ គឺជាការចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ នាពេលនេះ ក្នុងគោលបំណង ដើម្បីរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមាតុភូមិនិងអាយុជីវិតដែលប្រជាជនកម្ពុជា ស្លូតត្រង់ ត្រូវបានកាប់សម្លាប់ និងស្លាប់យ៉ាងអយុត្តិធម៌ ដោយទង្វើយង់ឃ្នងព្រៃផ្សៃ ដែលដឹកនាំប្រទេសដោយបនប្រល័យពូជសាសន៍ ប៉ុលពត និងមូលហេតុនៃការឡើងគ្រប់គ្រងប្រទេសដោយឃាតករបាតដៃប្រលាក់ឈាមមនុស្ស ព្រមទាំងបានធ្វើការគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់អាយុជីវិតដោយសារតែរបបព្រៃផ្សៃយង់ឃ្នងនេះ ជាមួយគ្នាក៏គោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាស្នេហាជាតិ ស្នេហាយុត្តិធម៌ មិត្តភ័ក្របរទេសដែលបានធ្វើពលិកម្មក្នុងបុព្វហេតុសង្រ្គោះអាយុជីវិតប្រជាជនខ្មែរ ផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ។ និងរំលឹកដឹងគុណដល់ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានយកជីវិតធ្វើដើមទុន កសាងកម្លាំង ដឹកនាំ ការតស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសជាតិយើងបានរស់ឡើងវិញ នាំមកនូវសុខសន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដើម្បីជាការចងចាំនិងរៀនសូត្រពីមេរៀនអាក្រក់ក្នុងប្រវត្តិសាស្ត្រនៃការជ្រើសរើសបក្សនយោបាយ អ្នកដឹកនាំប្រទេសជាតិ ទន្ទឹមនឹងនោះសំដៅលើកកម្ពស់ប្រុងប្រយ័ត្នចំពោះឧបាយកល ឃោសនា មូលបង្កាច់ លាបពណ៌ បង្កជម្លោះ បំបែកបំបាក់ បង្កភាពវឹកវរសង្គម ការសន្យាបោកបញ្ឆោត ដែលនាំទៅដល់គ្រោះមហន្តរាយសារជាថ្មី មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ដល់បងប្អូនយ៉ាងច្បាស់ថាមានតែថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទេ ដែលបានបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ នាំមកនូវសន្តិភាព ជាអ្នកការសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ និងប្រតិបត្តិត្រឹមត្រូវនូវច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ជាអ្នកគោរពខ្ជាប់ខ្ជូននូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងមានគោលជំហរច្បាស់លាស់មិនយកឯករាជ្យ បូរណៈភាព អធិបតេយ្យជាតិ ទៅប្តូរនិងជំនួយដាច់ខាត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ