ព្រឹតិ្តការណ៍ថ្មីៗ

ស ថេត ស្នើភាគីវៀតណាម ជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

3 ខែ មុន 157 តូ សុផល

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះបានទទួលជួបគណ:ប្រតិភូវៀតណាម ដែលមកបំពេញទស្សនកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឯកឧត្ដមស ថេត បានថ្លែង ថា ឯកឧត្ដមមកកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ មិនទាន់បាន១ឆ្នាំនៅឡើយទេ ដោយឯកឧត្ដមមានបំណងបង្កើតក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានគ្នាប្រមាណជា៦០នាក់។ ក្រុមកុម៉ង់ដូនេះ គឺត្រូវចេះរបៀបបាញ់កាំភ្លើងវែង កាំភ្លើងខ្លី និងរបៀបការពារថ្នាក់ដឹកនាំផងដែរ។

នៅចំពោះមុខគណៈប្រតិភូវៀតណាម ឯកឧត្ដមស្នងការនគរបាល រាជធានីភ្នំពេញ បានស្នើឲ្យទទួលយកសំណើជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ រាយការណ៍ជូនថ្នាក់ដឹកនាំវៀតណាមផង ព្រោះធនធានមនុស្ស និងសម្ភារៈសម្រាប់បំពាក់នោះ គឺខាងស្នងការរាជធានីភ្នំពេញ បានជ្រើសរើស និងបញ្ជាទិញរួចរាល់ហើយ តែនៅខ្វះការបណ្ដុះបណ្ដាលលើជំនាញនេះប៉ុណ្ណោះ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរ ថា ចាប់ពីពេលនេះតទៅ នៅប្រទេសកម្ពុជា នឹងមានកិច្ចប្រជុំធំៗជាច្រើន ហើយក្រុមកុម៉ង់ដូនេះទៀតសោត ក៏ជួយបន្ថែមទៀតទៅលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ឲ្យបានកាន់តែល្អប្រសើរ ថែមទៀតផង។

គណ:ប្រតិភូវៀតណាម បានសន្យា ថា នឹងយកសំណើនេះទៅរាយការណ៍ ជូនថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីពិចារណា ទៅលើការជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!