ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហាដីរវាងរោងចក្រកែវ និងប្រជាពលរដ្ឋភូមិបុរីកម្មករ ត្រូវបាន លោក នុត ពុធដារ៉ា ចុះផ្សព្វផ្សាយពន្យល់ណែនាំបន្ថែម

6 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩

ដោយមានការយកចិត្តទុកដាក់ និងណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋភូមិបុរីកម្មករ សង្កាត់ជើងឯក អំពី បញ្ហាដីរវាងរោងចក្រកែវ និងប្រជាពលរដ្ឋភូមិបុរីកម្មករ។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច កាត់ឆ្វៀលដីរោងចក្រកែវ ជូនប្រជាពលរដ្ឋភូមិបុរីកម្មករ ដែលជាគ្រួសារអតីតបុគ្គលិករោងចក្រកែវ បានកាន់កាប់កន្លងមក ទៅតាមនីតិវិធី។

 

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ ការិយាល័យភូមិបាលខណ្ឌ សង្កាត់ ភូមិ បាននិងកំពុងដំណើរការនីតិវិធី នៃការធ្វើប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ។

បច្ចុប្បន្ន ជាដំណាក់កាល នៃការកំណត់ព្រំប្រទល់រវាងដីរបស់រោងចក្រកែវ ដែលគ្រប់គ្រងដោយក្រសួងឧស្សហកម្ម និងសិប្បកម្ម ជាមួយនឹងដីលំនៅដ្ឋានដែលប្រជាពលរដ្ឋភូមិបុរីកម្មករបានកាន់កាប់។

គួរបញ្ជាក់ថា៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ ក៏ដូចជាអជ្ញាធរសង្កាត់ ភូមិ តែងបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបុរីកម្មករ អំពីករណីខាងលើ និងតែងបានយកចិត្តទុកដាក់គិតគូរអំពីបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ចំពោះការជួបប្រជុំ និងធ្វើការផ្សព្វផ្សាយ ថ្ងៃនេះដោយសារមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានដឹងអំពីបញ្ហាខាងលើ ទើបស្នើសុំអោយមានការពន្យល់បំភ្លឺបន្ថែម។

 

មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ក៏បានធ្វើការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលបានទាមទារនូវការផ្តល់កម្មសិទ្ឋិដីធ្លីតាមទំហំកាន់កាប់ជាក់ស្តែង ដែលពុំទាន់ស្រុះស្រួលពីបញ្ហាព្រំដី រវាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងប្រជាពលរដ្ឋ ដែលជាហេតុនាំឲ្យរដ្ឋបាលសុរិយោដីរាជធានីភ្នំពេញ ពុំទាន់ឈានដល់ការប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ឋជូនបាន(ក្បាលដីមានវិវាទ)។

ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មការរដ្ឋបាល នឹងខិតខំរកមធ្យោបាយដោះស្រាយជាមួយសាមីក្រសួងនិងបងប្អូនប្រជាពលរដ្ឋនាពេលខាងមុខ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ