ព្រឹតិ្តការណ៍ថ្មីៗ

ប្រមូលផ្តុំគ្នា ក្នុងបំណងចាប់ទន្ទ្រានយកដីរបស់រដ្ឋយ៉ាងអនាធិបតេយ្យ អភិបាលខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយ

4 ខែ មុន 40 តូ សុផល

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

នាថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការដោះស្រាយ និងផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីបញ្ហាច្បាប់ និងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយប្រជាពលរដ្ឋទាំងអស់នោះ ប្រមាណជិត១០០នាក់ មកពី៨ខេត្តផ្សេងៗគ្នា បានមក ប្រមូលផ្តុំគ្នា ក្នុងបំណងចាប់ទន្ទ្រានយកដីរបស់រដ្ឋយ៉ាងអនាធិបតេយ្យ ដែលសម្បទានទៅឲ្យក្រុមហ៊ុន ភាពីម៉ិច អភិវឌ្ឍន៍ដំណាំដំឡូងមី ស្ថិតនៅចំណុចដំបូង ១០០ ក្នុងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ឯកឧត្តមចុះមកនាពេលនេះ ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ ដោយមិនប្រកាន់ និងដាក់ទោសពៃរ៍អ្វីនោះឡើយ សំខាន់គឺផ្សព្វផ្សាយឲ្យបងប្អូនយល់ដឹងពីច្បាប់ និងសូមឲ្យគោរពច្បាប់ទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា បងប្អូនពុកម៉ែសុទ្ធសឹងមកពីបណ្តាខេត្តផ្សេងៗគ្នាទាំង៨ នៅទូទាំងប្រទេស ដោយសារតែចង់បានដីអាស្រ័យផលពិតប្រាកដ និងចាញ់បោកមេខ្យល់ប៉ះបោរនាំមក។ តែការចង់បាននេះ បងប្អូនត្រូវដឹងថា មិនមែនចេះតែចង់បានដោយបំពានច្បាប់ ចាប់យកទីនេះទីនោះឡើយ ផ្ទុយទៅវិញនៅពេលដែលគេអនុវត្តន៍ច្បាប់ បងប្អូនត្រូវខាតបង់ពេលវេលា និងមានវិប្បដិសារីអស់មួយជីវិត។

ឯកឧត្តម ថ្លែងទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអាចឲ្យបងប្អូនណាម្នាក់ អត់ដីសម្រាប់រស់នៅនោះឡើយ កត្តាដែលសំខាន់បងប្អូនពុកម៉ែ ត្រូវធ្វើជាពលរដ្ឋល្អ ក្នុងការគោរពច្បាប់របស់ប្រទេស។

ឯកឧត្តមបានបន្ថែមថា ក្រោយពីស្រង់បញ្ជីឈ្មោះរបស់បងប្អូនរួចរាល់ហើយ ឯកឧត្តមនឹងបញ្ជូនឈ្មោះទាំងអស់នោះ ទៅបណ្តាខេត្តដែលបងប្អូនរស់នៅ ហើយឯកឧត្តមនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅអភិបាលខេត្តរបស់បងប្អូន ដើម្បីពិនិត្យបច្ចុប្បន្នភាព និងកង្វះខាតដីពិតប្រាកដ ស្នើសុំដីសម្បទានសង្គមកិច្ច ផ្តល់ជូនបងប្អូនទៅតាមលទ្ធភាពជាក់ស្តែង ត្រូវចាំថា «ទោះយូរយ៉ាងណាក៏យើងទទួលបានដីដោយស្របច្បាប់នោះផងដែរ»។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តល់ជូន សារុង មី អង្ករ និងថវិកា សម្រាប់ជាស្បៀង និងមធ្យោបាយ ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន ព្រមទាំងផ្តល់ជូនលេខទូរស័ព្ទទាំងពីរប្រព័ន្ធរបស់ឯកឧត្តម នៅពេលដែលត្រូវការសុំអន្តរាគមន៍ជួយដោះស្រាយ។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល នៅមុនចុះធ្វើការដោះស្រាយ និងផ្សព្វផ្សាយបញ្ហាច្បាប់ ជូនពលរដ្ឋដែលចំណាកស្រុក ចូលមកមានបំណងចាប់យកដីរបស់រដ្ឋនោះ, ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ជូនស្បៀង ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ជាង៧៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ដែលពួកគាត់ទាំងអស់នោះសុទ្ធសឹងមានជីវភាពខ្វះខាតពិតប្រាកដ ខណៈពេលដែលប៉ុន្មានថ្ងៃកន្លងមក មានភ្លៀងធ្លាក់ពិបាកនឹងប្រកបរបររកស៊ីទទួលទាន៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ