ព្រឹតិ្តការណ៍ថ្មីៗ

បុកបារ៉ាស​ និងសមត្ថកិច្ច​២នាក់ ដួលរបួសធ្ងន់ស្រាល នៅគោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ខណ្ឌមានជ័យ​!

3 ខែ មុន 74 តូ សុផល

ភ្នំពេញ​ ៖ យ៉ាងហោចណាស់​ មន្ត្រីនគរបាលខណ្ឌមានជ័យ​២រូប បានរងរបួសធ្ងន់និងស្រាល​ ខណៈពេលកម្លាំងអធិការនគរបាលខណ្ឌមានជ័យ កំពុងដាក់គោលដៅធ្វេីការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍​ ទប់ស្កាត់​គ្រឿងញៀន​ ស្រាប់តែ​មានបុរសម្នាក់ មិនដឹងចេញពីផឹកស្រាកន្លែងណាទេ​ បានបើកម៉ូតូមួយគ្រឿង ទាំងស្រវឹងស្រា​ ក្នុងល្បឿនលឿន ជ្រុលទៅបុកបារ៉ាស់ត្រួតពិនិត្យពេញទំហឹង រួមទាំងមន្ត្រីនគរបាល២នាក់ កំពុងឈរលេីក​ដំបងពិល សម្រួលចរាចរណ៍​ បណ្ដាលឲ្យ​ខ្ទាតដួលបោកនឹងថ្នល់​ ភ្លាមនោះបុរសម្ចាស់ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

ហេតុការណ៍នេះ​ បានកើតមានឡើងនៅវេលាម៉ោង១១យប់ ថ្ងៃសុក្រ​ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចទល់មុខ​ក្រុមហ៊ុន​វេងហួត ផ្លូវ២៧១ ភូមិ៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

មន្ត្រីនគរបាលដែលរងរបួសមានឈ្មោះ ទី១.លោកអនុសេនីយ៍ឯក ជឿន​ សាវុធ អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលកងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ រងរបួសជេីងធ្ងន់គួរសម ។ ទី២.លោលអនុសេនីយ៍ឯក សូរ សេរីវុធ នាយរង​ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ រងរបួសដៃ ។ ចំណែកឯបុរសដែលស្រវឹងស្រាបេីកម៉ូតូបុកសមត្ថកិច្ចបណ្ដាលឲ្យរបួសនោះ មានឈ្មោះ លឹម សុខា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក​ដេប៉ូ​លក់គ្រឿងសំណង់​ នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ និងស្នាក់នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ​ បានប្រាប់ឲ្យភ្នាក់ងារ​ TNN បានដឹងថា​ នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋានគរបាលខណ្ឌមានជ័យ ២៥នាក់ ដឹកនាំដោយអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់​ សុវង្ស​ អធិការរងខណ្ឌ​ និងវរសេនីយ៍ត្រី ជឹម សុភ័ក្រ​ អធិការរង ក្រោមការបញ្ជាផ្ទាល់របស់លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានធ្វើការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ទប់ស្កាត់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចកើតហេតុខាងលើ ។ ខណៈពេលដែលសមត្ថកិច្ចកំពុងធ្វើការ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​វាស់​ជាតិ​ស្រវឹង ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លងកាត់គោលដៅត្រួតពិនិត្យ ​អោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​ឲ្យ​បាន​ត្រឹមត្រូវ ចំណែក​អ្នក​បើករថយន្ត ត្រូវ​ពាក់​ខ្សែ​ក្រ​វា​ត់​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

ក្រោយមកស្រាប់តែមានបុរសម្នាក់ មិនដឹងចេញពីផឹកស្រាកន្លែងណាទេ​ បានបើកម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៍ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1GD-8854 ទាំងស្រវឹងស្រា​ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន​ស្លេវ ចូលដល់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតែមិនបន្ថយល្បឿន ស្រាប់តែជ្រុលទៅបុកបារ៉ាស់ដែលដាក់អក្សរបន្ថយល្បឿន​ និងដាក់ដំបងពិល​ភ្លឹបភ្លែត​ៗ រួមទាំងមន្ត្រីនគរបាល​២រូបកំពុង​ដំបងពិល​សម្រួលចរាចរណ៍​ បណ្ដាលឲ្យ​ខ្ទាតដួលបោកនឹងថ្នល់​ ភ្លាមនោះបុរសម្ចាស់ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ ។ ចំណែកមន្ត្រីនគរបាលដែលរងរបួសជេីងធ្ងន់​ ត្រូវបានបញ្ជូនតាមរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទៅពិនិត្យ​និងព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ​ ។

តែអ្នកបើកបរម៉ូតូដែលស្រវឹងនោះ​ រឹងទទឹង​ មកព្រមអោយសមត្ថកិច្ច​ផ្លំពិនិត្យអាកុលឡេីយ​ ដាច់ខាត់ទាល់តែសមត្ថកិច្ច នាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងអោយទាក់ទងទៅសាច់ញាតិ​មក​ដល់​ ទេីបយល់ព្រមឲ្យសមត្ថកិច្ចវាស់ជាតិអាកុល ជាក់ស្ដែង​លទ្ធផល​ត្រួតពិនិត្យ​​ មានជាតិ​អាកុល​ក្រោម​០,៧៥​មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ ហេីយដោយសារតែមានរបួស​រលោតដៃរលោតជេីង​ ទេីបសមត្ថកិច្ចយល់ព្រមអោយ​សាច់ញាតិ​ធានាយកទៅផ្ទះ​លាងរបួស​សិន​ ដោយរងចាំព្រឹកស្អែក​ ចាំ​យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ដេីម្បីដោះស្រាយ​តាម​នីតិវិធី​។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖ ១-រថយន្តឆ្លងកាត់គោលដៅចំនួន ២៤០គ្រឿង ។ ២-ម៉ូតូឆ្លងកាត់គោលដៅចំនួន ៣៤០គ្រឿង (ក្នុងនោះ ដែលអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព​ ​ត្រូវបាន​ធ្វើការ​ត្រួតពិនិត្យ ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ ដល់​បងប្អូន​​ឲ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និងឃាត់ម៉ូតូចំនួន​ ០២គ្រឿង (ក្នុងនោះអត់ស្លាកលេខ ១គ្រឿង និងស្រវឹងជិះបុកសមត្ថកិច្ច​ ១គ្រឿង) យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់)។​ ៣-អាវុធឆ្លងកាត់ គ្មាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!