ព្រឹតិ្តការណ៍ថ្មីៗ

ត្រឹមមួយពព្រិចភ្នែកសោះ មឈូស ៣រៀបទន្ទឹមគ្នា

1 សប្តាហ៍ មុន 177 តូ សុផល

 

បន្ទាយមានជ័យ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងខណ:ដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកដីបុកពីក្រោយពេញទំហឹង។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នៅចំនុចមុខក្លោងទ្វារវត្ត អណ្ដូង ថ្មមាស ស្ថិតក្នុង ភូមិ អណ្ដូង ថ្មមាស សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍និយាយថា នៅមុនកើតហេតុម៉ូតូហុងដាឌ្រីម  សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបើកឡើងជែងរថយន្ត ធំដឹកដី  ម៉ាក Fuso ពាក់ស្លាកលេខ ភ្នំពេញ  3A-3754 ក្នុងទិសដៅស្របគ្នាហើយក៏គេចចូលមកស្តាំវិញបន្ទាប់ពីគេចចេញពីរថយន្តដែលបើកបរបញ្ជាសទិសគ្នា ក៏ត្រូវរថយន្តដឹកដីស្របទិសនោះបុកពីក្រោយពេញទំហឹងកិនស្លាប់ទាំងបីនាក់តែម្តង។

លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានអោយដឹងថាជនរងគ្រោះទាំងបីនាក់មានឈ្មោះ

ទី១ ឈ្មោះ  ផាត  ភាព  ភេទប្រុស  អាយុ  ៣៦ឆ្នាំ  (អ្នកបើកបរម៉ូតូ)

ទី២ ឈ្មោះ  ផាត  ភាន  ភេទប្រុស  អាយុ  ២៣ឆ្នាំ  (អ្នករួមដំណើរម៉ូតូ)

ទី៣  ស្រី  តំ  ភេទស្រី  អាយុ  ១៩ឆ្នាំ  (អ្នក រួមដំណើរ) អ្នកទាំង បី រស់នៅ  ភូមិក្បាលថ្នល់  ឃុំព្រៃខ្ពស់  ស្រុកបរវេល  ខេត្តបាត់ដំបង  ។

លោក ធិន ស៊ិនដេត បន្តថាក្រោយការវាស់វែងនិងពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថាករណីគ្រោះថ្នាក់នេះគឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយត្ន័ ជែងក្នុងស្ថានភាពគ្រោះថ្នាក់។

សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត  ឈ្មោះ  ហេង  វាសនា  ភេទប្រុស  អាយុ  ២៧ឆ្នាំ  រស់នៅ ផ្ទះ ថៅកែឈ្មោះ កុយ ស្ថិតក្នុង  ភូមិបាលិលេយ្យ ២  សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយ មានជ័យ  ត្រូវបានកំលាំងសមត្ថកិច្ចនគរ បាលក្រុងប៉ោយប៉ែត  ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!