ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត ! ប៉ូលិសចុះបិទ និងឃាត់ខ្លួនប្រធានក្រុមហ៊ុន GCG Asia ២នាក់ប្តីប្រពន្ធ ដែលយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់ខុសច្បាប់បង្ហោះហ្វេសប៊ុក

1 សប្តាហ៍ មុន 198 តូ សុផល

ភ្នំពេញ ៖ ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច និងមន្រ្តីធនាគារជាតិ ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ីផងដែរ យកទៅសួរនាំដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ឥឡូវកម្លាំងរបស់យើង សហការជាមួយមន្រ្តីធនាគារជាតិ បានចុះឆែកឆេរ និងបានបិទអាជីវកម្មជាបណ្តោះអាសន្ន រួមទាំងឃាត់ខ្លួនប្រធានក្រុមហ៊ុន ទាំង២នាក់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ី យកទៅសួរនាំចាត់ការបន្តទៀត»។

បើតាមមន្រ្តីនគរបាលរូបនេះ ក្រុមហ៊ុនខាងលើអាចជាប់ព័ន្ធការលាងលុយកង្វក់ និងឆបោកលុយពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត តែយ៉ាងណានោះរង់ចាំការសួរនាំបន្តទៀត។

បើតាមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចចុងក្រោយ ឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។

សូមបញ្ជាក់ កាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!