ព្រឹតិ្តការណ៍ថ្មីៗ

ប្តីប្រពន្ធថៅកែ ក្រុមហ៊ុនឈ្លោះគ្នា ពលរដ្ឋ៣៨គ្រួសារ ទិញដីដោយស្របច្បាប់ បែរត្រូវរងគ្រោះទៅវិញ

5 ខែ មុន 79 តូ សុផល

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ បានសម្រេចនាំគ្នាដាក់ពាក្យប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីទាមទារយុត្តិធម៌ សិទ្ធស្របច្បាប់ សុច្ចរិតភាព និងសិទ្ធិកាន់កាប់ដីធ្លីដែលពួកគាត់បានទិញដោយស្របច្បាប់ពីក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd)។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋបានប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ ទាមទារឲ្យទទួលស្គាល់សិទ្ធិស្របច្បាប់ ជាម្ចាស់កម្មសិទ្ធិដីធ្លី ពួកគាត់ទាំង ៣៨គ្រួសារ មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលពួកគាត់បានទិញពីក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី(DETA W TRADING Co.,Ltd) ដោយស្របច្បាប់ និងមានអាជ្ញាធរទទួលស្គាល់។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ពួកគាត់ទាំង ៣៨គ្រួសារ បានទិញដីទំហំ ៩០១,៥ហិកតា ពីឈ្មោះ នួន ច័ន្ទមករា ដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd)។

ក្រោយពីទិញដីខាងលើដោយស្របច្បាប់ពីឈ្មោះ នួន ច័ន្ទមករា ដោយមានអាជ្ញាធរភូមិ ឃុំ និងស្រុក បានទទួលស្គាល់ក្នុងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ទាំង ៣៨គ្រួសាររួចហើយនោះ ពួកគាត់ដាំដុះ និងអាស្រ័យផលនៅលើដីនោះ ដោយបានចំណាយប្រាក់កាសជាច្រើន និងកម្លាំងញើសឈាម ក្នុងការដាំដុះ និងថែទាំដំណាំ រហូតដល់សព្វថ្ងៃ។

ប៉ុន្តែដោយសារតែវិវាទរវាងលោកស្រី នួន ច័ន្ទមករា និងប្តីឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ ជាប្រធានក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ដែលបានប្រគល់សិទ្ធិជូន លោកស្រី នួន ចន្ទ័មករា ជាប្រពន្ធក្នុងការចាត់ចែង ការលក់ ការធ្វើកិច្ចសន្យា ការចុះហត្ថលេខា និងផ្តិតមេដៃលើសំណុំឯកសារផ្សេងៗ ជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ពន្ធ័ លើការលក់ដីធ្លី បែរជាប្តីចោទប្រកាន់ថាប្រពន្ធ របស់លោកឈ្មោះ នួន ច័ន្ទមករា បានយកដីទៅលក់ឲ្យពលរដ្ឋដោយខុសច្បាប់ទៅវិញ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុច្ចរិតភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់ យ៉ាងធ្ងន់ធ្ងរព្រោះតែលោក រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជាប្តីបានប្តឹងចង់បានដីទាំងអស់នោះពីប្រជាពលរដ្ឋទៅវិញ។

សូមជម្រាបជូនផងដែរថា ដោយសារតែជម្លោះរវាងលោកស្រី នួន ច័ន្ទមករា និងប្តីឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) បានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ខូចខាតផលដំណាំ និងខាតបង់ប្រាក់កាសជាច្រើនដោយមិនអាចថែទាំ និងអាស្រ័យផល នៅលើដីចំការដែលខ្លួនទិញដោយស្របច្បាប់បានទេ ព្រោះតែលោក រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) បានប្តឹងសុំរក្សាការពារបណ្តោះអាសន្ន ដោយហាមឃាត់ និងដាក់កម្លាំងចាំចាប់ ប្រជាពលរដ្ឋមិនឲ្យថែទាំដំណាំ និងអាស្រ័យផល នៅក្នុងដីចំការទិញស្របច្បាប់របស់ពួកគាត់៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ