ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋចំនួន១២គ្រួសារ រងគ្រោះដោយខ្យល់កន្ក្រាក់ នៅស្រុកអង្គរជុំ បានទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តសៀមរាប

4 ខែ មុន 63 តូ សុផល

ខេត្តសៀមរាប៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ក្រាក់ និង អគ្គីភ័យ ចំនួន១២គ្រួសារ មកពី៣ឃុំ របស់ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី ជួបសំណេះសំណាល និង នាំយកអំណោយមនុស្សធម៌ប្រគល់ជូន កាលពីព្រឹក ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកអង្គរជុំ ក្នុងនោះឃុំស្រែខ្វាវ រលំផ្ទះ១ខ្នង របើកដំបូលធ្ងន់ធ្ងរ ០៨ខ្នង , ឃុំ គោកដូង របើកដំបូលផ្ទះធ្ងន់ធ្ងរ ២ខ្នង និង ឃុំចារឈូក ឆេះផ្ទះ១ខ្នង ។

ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ ទាង អេង ទៀសីហា ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះ និង អគ្គីភ័យទាំងបីឃុំ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែង ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។ ជាក់ស្ដែងថ្ងៃនេះដោយទទួលបានព័ត៌មានថា មានប្រជាជនរងគ្រោះធម្មជាតិនៅបីឃុំ ក្នុងស្រុកអង្គរជុំ ហើយនៅថ្ងៃនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីយកមកចែកជូនបងប្អូនផងដែរ។

លោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនៅកណ្ដោចកណ្ដែង និងស្លាប់ដោយអត់អាហារ និង គ្មានទីជំរកនោះឡើយ។លោកជំទាវ ទាង អេង ទៀសីហា បានមានប្រសាសន៍បន្ថែមទៀតថាទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត ការខ្វះខាត របស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។

លោកជំទាវក៏បានលើកផងដែរថា ដោយការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យឃុំ ស្រុកមួយចំនួនខ្វះខាតទឹកប្រើប្រាស់នោះ សាខាកាកបាទ ក្រហមខេត្ត ក៏បានធ្វើការខួងអណ្តូងទឹកស្អាត ដោយប្រើប្រាស់ម៉ូទ័របូម នៅតាមអនុសាខាគ្រប់ស្រុក ដើមី្បងាយស្រួលក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ ទៅតាមបណ្តា ភូមិ ឃុំ ខ្វះខាតទឹកផងដែរ ។ ក្នុងនោះដែរលោកជំទាវ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេលដែលមានប្រធានស័ក្តណាកើតឡើង សូមឲ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និង មានភ្លៀង ផ្គររន្ទះ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែលងាយ បង្កភាពគ្រោះថ្នាក់ដល់ខ្លួន ។ ម៉្យាងទៀតដោយការបម្រែបម្រួលអាកាសធាតុនៃភពផែនដី សូមបងប្អូនយកចិត្តទុកដាក់ ចំពោះកូន តូចៗរបស់ខ្លួន កុំឲ្យមានជម្ងឺសង្កាត់ ចំណីចំណុកផ្សេងៗ សំខាន់ចំពោះភ្លើងផ្សែង នារដូវប្រាំងនេះ ព្រមទាំងធ្វើការដាំដុះនូវដំណាំរួម ផំ្ស ចិញ្ចឹនសត្វ ដើមី្បផ្គត់ផ្គង់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ ព្រមទាំងត្រៀមលក្ខណៈនូវឧបករណ៍កសិកម្ម ក្នុងការភ្ជួររាស់ ព្រោះថា រដូវវស្សានឹងចូលមកដល់ហើយ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ចំពោះគ្រួសាររលំផ្ទះ និងឆេះផ្ទះមួយគ្រួសារ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល ក្នុងនោះគ្រួសារភ្លើងឆេះផ្ទះបន្ថែមនូវសម្ភារៈ ផ្ទះបាយផងដែរ ។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងរមួយគ្រួសារ, មុង១,ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ