ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា “កីឡានាំមកនូវអត្ថន័យលើសពី សុខភាព សាមគ្គីភាព និង មិត្តភាព”

5 ខែ មុន 45 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជា គណអធិបតី ក្នុងពិធី បើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់យុវនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំនៅរាជធានីភ្នំពេញ លើកទី៣ នៅបរិវេណវិទ្យាល័យបាក់ទូក ក្រោមគំនិត ផ្ដួចផ្ដើមផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមគាំទ្រ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។ ថ្លែងក្នុងពិធីនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍លើកឡើងថា កីឡាមិនត្រឹមតែ នាំមកនូវ សុខភាព សាមគ្គីភាព និង មិត្តភាព ប៉ុណ្ណោះទេ តែវាជាមាគ៌ាមួយជួយឲ្យ យុវវ័យជៀសឆ្ងាយ អំពី អំពើ អបាយមុខ គ្រប់ប្រភេទជាពិសេសគ្រឿងញៀន, ជួយនាំមកនូវអាជីពការងារ, ជួយនាំមកនូវកិត្តិយស និងបាន បង្កើតនូវមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាលមួយ។

លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ការដែលលោកលើកឡើងយ៉ាងដូច្នេះ ក៏ព្រោះតែ រូបលោកផ្ទាល់ មានពិសោធន៍ តាំងពីរូបលោកនៅជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយពេលនោះ លោកបាន ឧបត្ថម្ភគាំទ្រពេញទំហឹង លើវិស័យបាល់ទាត់ និងបានផ្តួចផ្តើមបង្កើត ក្លឹបបាល់ទាត់ មានឈ្មោះ ថាក្លឹបអធិរាជភ្នំស្វាយ ដោយមានទាំង កីឡាករកុមារ អាយុក្រោម១៣ឆ្នាំ និងកីឡាករយុវវ័យទាំងបុរសនិងស្ត្រី រហូតមាន កីឡាកររបស់ក្លឹបអធិរាជ ភ្នំស្វាយខ្លះ បានចូលជា កីឡាករជំរើសជាតិ និងលេងឲ្យក្លឹបល្បីៗទៀតផង ជាក់ស្តែងបច្ចុប្បន្ន មានកីឡាករ១០រូបគឺ កីឡាករ រី លាភផេង, ជូ សិនទិ និង គឹម អាន ត្រូវបានជ្រើសរើស ចូលក្នុងសាលាបាល់ទាត់ជាតិ, កីឡាករ សឿត ណាវ៉ា, ឱ ភារុណ កំពុងលេងឲ្យក្លឹបបឹងកេត, កីឡាករ ពៅ ចាន់ថេត, គង់ ភីឡុត កំពុងលេងឲ្យក្លឹប វិសាខា, កីឡាករ សៀង ណាំឈីវ កំពុងលេងឲ្យ ក្លឹបណាហ្គា, កីឡាករ ស្វែង សំណាង កំពុងលេងឲ្យក្លឹប ភ្នំពេញក្រោន និងកីឡាករ ចាន់ ហួង កំពុងលេងឲ្យ ក្លឹបអង្គរថៃហ្គឺ។

លោក រ័ត្ន ស្រ៊ាង ផ្តោតជាសំខាន់ថា មនោសញ្ចេតនានៃក្រុម គឺមានអត្ថន័យជ្រាលជ្រៅ និងសំខាន់ខ្លាំងណាស់ ជាក់ស្តែងគឺនៅពេលដែលលោក ត្រូវបានថ្នាក់លើ ជឿទុកចិត្តផ្ទេរភារកិច្ច មកជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញក្នុងឆ្នាំ២០១៣ លោកបានផ្សាភ្ជាប់នូវ មនោសញ្ចេតនាយ៉ាងស្និតស្នាលមួយ ជាមួយអតីត មិត្តរួមជំនាន់ លោកគ្រូអ្នកគ្រូ តាំងពីអាឌិត រហូតដល់បច្ចុប្បន្ន នៃសាលាបាក់ទូក ដោយចងក្រងជាក្រុម ក្នុងប្រព័ន្ធទំនាក់ទំនង វ៉តស្អាប់ ដែលធ្វើឲ្យ ចំណងមិត្តភាពរបស់ក្រុមលោកកាន់តែជិតស្និទ្ធ ដឹងពីសុខទុក្ខគ្នា ទៅវិញទៅមក និង បានចែករំលែកធនធានជួយគ្នាយ៉ាងសកម្ម ពេលដែលគ្រូឬមិត្ត ជួបការលំបាក។

ជាមួយបទពិសោធន៍និងមនោសញ្ចេតនាទាំងនេះហើយ ទើបនៅឆ្នាំ២០១៦ ពេលដែលលោក បានចូលរួម ជាគណអធិបតី ក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ របស់យុវនិស្សិតខេត្តបន្ទាយ មានជ័យ ដែលពេលនោះ មានកីឡាករត្រឹមតែ ០៧ក្រុម លោកក៏បានសន្យា ជួយឧបត្ថម្ភ លើការរៀបចំ ការប្រកួតបាល់ទាត់ទាំងស្រុង របស់ប្អូនៗ ក្នុងពេលបន្តបន្ទាប់ និងបានជម្រុញឲ្យប្អូនៗ បង្កើនក្រុមបាល់ទាត់ តំណាងឲ្យបាន គ្រប់ ក្រុង-ស្រុក ទាំង០៩ក្នុងខេត្តបន្ទាយមានជ័យ រហូតដល់ពេលនេះ។

ក្នុងឱកាសបើកការប្រកួតបាល់ទាត់នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់នូវ សម្ភារៈថវិកា ជូនដល់យុវជនកាយារិទ្ធ និងគណកម្មការ រៀបចំការប្រកួត មួយចប់កម្មវិធី សរុបជាទឹកប្រាក់ចំនួន ៦៩៩៣ ដុល្លារ ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ធកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៍បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ឧបត្ថម្ភដល់យុវនិស្សិតទាំង៩ ក្រុង-ស្រុក ក្នុង១ក្រុម ទទួលបានថវិកា ៤០ម៉ឺនរៀល និងគណៈកម្មការរៀបចំការប្រកួត ទទួលបានថវិកា ៤០ម៉ឺនរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់