ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងខេត្តសៀមរាប

1 ខែ មុន 64 តូ សុផល

ខេត្តសៀមរាប៖  លោកឧត្តមសេនីយ៍​ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងខេត្តសៀមរាប របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមពី តំណាងនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ រួមមាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានកោសល្យវិច្ច័យ និងបច្ចេកទេសវិទ្យាសាស្ដ្រ, នាយកដ្ឋានបេតិកភណ្ឌ, នាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការនគរបាលខេត្តសៀមរាប​ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតផង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានក្រើនរំលឹកដល់កម្លាំងថា អនុវត្តន៍អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ និងអនុវត្តតាមផែនការរបស់ អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវផែនការសកម្មភាពដើម្បីជំរុញ ការចាត់តាំងអនុវត្ត ផែនការយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍បរទេស សូមឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ អង្គភាពនគរបាលទេសចរណ៍ និងកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងដែលពាក់ព័ន្ធដទៃទៀត ត្រូវរួមកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីអនុវត្តភារកិច្ចឲ្យមានតម្លាភាព។

អគ្គស្នងការរងរូបនេះ ក៏បានលើកពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ឲ្យកងកម្លាំងយកចិត្តទុកដាក់ត្រតពិនិត្យ និងក្តាប់សភាពការណ៍រាល់ សកម្មភាព បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើស លួច ឆក់ ដែលកើតមានឡើងនៅតាមភូមិសាស្ត្រខេត្ត ដោយផ្តោតសំខាន់រកឲ្យឃើញឧបាយកល និងកល្បិចថ្មីៗ របស់មុខសញ្ញាលួច ឆក់។

បន្ថែមពីនេះ ត្រូវសិក្សា និងកំណត់ភូមិសាស្រ្តសុគស្មាញដែលមុខសញ្ញា តែងតែប្រព្រឹត្តបទល្មើស ហើយមានឱកាសប្រមូលផ្ដុំបក្ខពួករៀបចំធ្វើសកម្មភាពថ្មី ព្រមទាំងពង្រឹងឡើងវិញនូវវិធានការគ្រប់គ្រងរដ្ឋបាលមធ្យោបាយ ត្រួតពិនិត្យ អាវុធជាតិផ្ទះ ទីតាំងទទួលបញ្ចាំ ដើម្បីចូលរួមកិច្ចការបង្ការទប់ស្កាត់ និងការងារស្រាវជ្រាវ បទល្មើសក្នុងនោះ ត្រូវយកចិត្តទុកដាក់ការងារគ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្ន អ្នកប្រកបរបររកទទួលទានរត់ម៉ូតូឌុប
ម៉ូតូកង់បី រថយន្តតាក់ស៊ី ដើម្បីមានវិធានការក្តាប់ហ្មត់ចត់មុខរបរ ដែលងាយមានការទាក់ទងនឹងអំពើចោរកម្ម។

លើសពីនេះ ត្រួតពិនិត្យសមាសភាពជនសង្ស័យជាប្រភេទ ក្រុមក្មេងទំនើង ប្រើប្រាស់យានយន្តមិនប្រក្រតី (ម៉ូតូគ្មានស្លាកលេខ ឬស្លាកលេខក្លែងក្លាយ បិទស្លាកលេខ ឬដោះស្លាកលេខទុក) យានយន្តខុសលក្ខណៈ​បច្ចេកទេស។ល។ ត្រូវកសាងប្រើប្រាស់ភ្នាក់ងារផ្តល់ព័ត៌មាន និងមហាជនល្អ ដើម្បីទទួលព័ត៌មានបម្រើការងារបង្ការបង្ក្រាបមុខសញ្ញាបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ក៏បានណែនាំសហការជាមួយមូលដ្ឋានបំផុសចលនាមហាជនប្រជាការពារ ភូមិ-ឃុំ រួមចំណែកលើកកម្ពស់ការអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវពិនិត្យសើរើសំណុំរឿង ដែលបានស៊ើបអង្កេតបញ្ចប់បញ្ជូនទៅសាលាដំបូង ដើម្បីសហការ ពនឿនចេញដីកាស្វែងរកចាប់មុខសញ្ញាសេសសល់ក្នុងការបង្ក្រាបមិនទាន់អស់។ ជំរុញការអនុវត្តនូវវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់
ប្រភេទឲ្យបានច្បាស់លាស់ដើម្បីបម្រើឲ្យការងារស៊ើបអង្កេតបង្ក្រាបមានគុណភាព និងប្រសិទ្ធិភាពខ្ពស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!