ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែចប់ប្រជុំប្រចាំខែភ្លាម​ ឯកឧត្តម ស​ ថេត​ ស្នងការរាជធានី​ ប្រញាប់ទៅសួរសុខទុក្ខមន្ត្រី នគរបាលល្បាត​ជួបក្រុមទំនើង​ វៃបាក់ក្តោងច្រមុះ !

1 ខែ មុន 238 តូ សុផល

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម​ ន​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបង្ហោះ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការរបស់លោក​ ដែលមានខ្លឹមសារទាំងស្រុងថា ៖ បន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចប្រជុំប្រចាំខែនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ខ្ញុំក៏ប្រញាប់ទៅសួរសុខទុក្ខមន្រ្តីនគរបាលដែលល្បាតនាពេលយប់​ ត្រូវបានគេបង្កហិង្សាចេតនា​យ៉ាងធ្ងន់ធ្ងរ​ ហេីយខ្ញុំបានផ្តល់ថវិការចំនួន 3,500,000៛ (បីលានប្រាំសែនរៀល) និងសម្ភារះមួយចំនួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្តការពារសន្តិសុខជូនពលរដ្ឋពេលយប់។

នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង០១:៣០នាទីទាបភ្លឺ​ នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា មកលើសមត្ថកិច្ច ដែលបង្កឡើង ដោយជន សង្ស័យ៤ នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងដុំថ្ម។

ជនសង្ស័យទី១.ឈ្មោះ ផាន ស្រៀង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលលូប្រាំ។ ជនសង្ស័យទី២.ឈ្មោះ ថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ។ ជនសង្ស័យទី៣.ឈ្មោះ ចាន់ ចាវ អាយុ២៥ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤ ។ ជនសង្ស័យទី៤.ឈ្មោះ ផូ ហឿន ភេទប្រុសអាយុ២១ ឆ្នាំមុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤ ។

ជនរងគ្រោះទី១.មានឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ)។ ជនរងគ្រោះទី២.ឈ្មោះ ភួងចាន់ណាអាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសត្រូវស្មងជើង)។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរបន្ទាយ៩៩ នៅលេីកំណាត់ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅមុនកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ ចំនួន៥នាក់ ដឹកបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

លុះពេលដែលកម្លាំងវិលត្រឡប់ទៅប៉ុស្តិ៍វិញ ធ្វើដំណើរតាមផ្លូវ២០០៤ ដល់ចំណុចខាងលើ មានក្មេងទំនើង៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) ជិះម៉ូតូ២គ្រឿង ជ្រេរេពេញផ្លូវ ជិះឆាបទាំងប៉ូលិស កំពុងល្បាតតាមផ្លូវ ក្នុងឯកសណ្ឋានជានគរបាលជាតិ មានទាំងស្ពាយអាវុធផង ឃើញទង្វើរដូច្នោះកម្លាំងល្បាតក៏ប្រដេញ តាមឃាត់សាកសួរភ្លាមៗ តែត្រូវបានក្រុមទំនើងដៃដល់ រឹងទទឹង​ វ៉ៃទៅលើមន្ត្រីនគរបាលម្នាក់ បណ្តាលឲ្យរងរបួសបាក់ក្តោងច្រមុះ ហើយស្រែកឆោឡោឲ្យគេឯងជួយថា​ កម្លាំងប៉ូលីសវាយធ្វើបាបពួកខ្លួនទៅវិញ ទើបផ្អើលឆោឡោ ក្រុមបងធំជើងកាងម្ដុំហាងខារ៉ាអូខេផ្លូវ២០០៤ ជាច្រើន មានប្រដាប់ដោយដាវ ដំបង ចេញមកជួយអន្តាគមន៍ពួកជនដៃដល់ ដែលប៉ុនប៉ងកាប់មកលើសមត្ថកិច្ច ក្រុមជនដៃដល់វ៉ៃត្រូវមន្ត្រីនគរបាលម្នាក់ទៀតរងរបួសប៉ោងមុខ ទោះដែលជានគរបាលទាំង៥នាក់ មានអាវុធស្ពាយជាន់នឹងស្មាហើយ តែមិនហ៊ានផ្ទុះអាវុធឡើយ ទើបឲ្យក្រុមជនអន្ធពាលនិងបក្ខពួកបានចិត្ត នាំគ្នាព័ទ្ធកាន់តែសម្រុកគម្រាម ទេីបកម្លាំងសមត្ថកិច្ចឃើញសភាពមិនស្រួល ក៏ប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង (ID) សុំកម្លាំងកងអន្តរាគមន៍ខណ្ឌ កម្លាំងព្រហ្មទណ្ឌខណ្ឌ ចេញទៅជួយអន្តរាគមន៍ផង ។ ខណៈក្រុម​អន្ធពាល​ទាំងនោះ កាន់តែព្រហើនទ្វេរឡើងហេីយ រហូតទាល់តែសមត្ថកិច្ច​សម្រេចផ្ទុះអាវុធបាញ់មេឃ ដើម្បីបំបែកក្រុមជនអន្ធពល ហើយបេីកការបង្ក្រាប​ រហូតឈានដល់ចាប់ខ្លួនបាន៤នាក់ ដោយ២នាក់ជាជនដៃដល់ និង២នាក់ទៀត ជាបងធំកាងហាងខារ៉ាអូខេ ដែលចូលជួយក្រុមជនដៃដល់ ។ ភ្លាមៗនោះមន្ត្រីនគរបាលដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!