ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន ដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំអំណោយជាថវិកាចែកជូនប្រជាពលរដ្ឋ ដើម្បីជួសជុលដំបូលលំនៅដ្ឋានឡើងវិញ ក្រោយពីរងគ្រោះដោយខ្យល់កន្ត្រាក់

1 ខែ មុន 18 តូ សុផល

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលព័ត៌មាន អំពីហេតុការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ើងតំបូលក្បឿង និងស័ង្កសី នៃលំនៅដ្ឋាន និងដំបូលអគារសិក្សាស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងលោកជំទាវ បានដឹកនាំប្រតិភូ ចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បី បានសាកសួរសុខទុក្ខ និងនាំអំណោយជាថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បី ជួយសម្រួលក្នុងការជួសជុលតំបូលលំនៅដ្ឋានឡើងវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ មានភ្លៀងកក់ខែមួយមេធំ លាយលំ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឲ្យប៉ះពាល់លំនៅស្ថាន របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៩ខ្នងផ្ទះ និងអគារសិក្សា ១កន្លែង ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ។

ករណីគ្រោះធម្មជាតិនេះ ក្រៅពីធ្វើឲ្យប៉ើងរបើលតំបូលក្បឿង និងស័ង្កសី ផ្ទះរបស់ប្រជាពលរដ្ឋ ក៏បានធ្វើឲ្យក្បឿងតំបូលអគារសិក្សា ១កន្លែង របើកនិងធ្លាក់ចុះក្រោម បណ្ដាលឲ្យសិស្សានុសិស្ស ចំនួន ៥នាក់ រងរបួស ក្នុងនោះ សិស្ស ឈ្មោះ សេង សុភាន់ ទទួលរងរបួសធ្ងន់ ជាងគេ និងត្រូវបានពេទ្យដេរ ចំនួន ៤ធ្នេរ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ខាងលើ ។

ឯកឧត្ដម អភិបាលខេត្ត បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង ចំពោះ ហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរបើកដំបូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយើង ជាពិសេស ឲ្យក្មួយៗទាំង ៥នាក់ បានទទួលរងរបួស ខណៈដែលកំពុងអង្គុយសិក្សា នោះ ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋភ្លាមៗ នៅខណៈពេលដែល កំពុងជួបប្រទះនូវគ្រោះធម្មជាតិនោះ ។ ប៉ុន្តែ ជាសំណាងល្អ ដែលបងប្អូនប្រជាពលរដ្ឋយើង ១៩គ្រួសារ រងគ្រោះត្រឹមតែការប៉ើងដំបូលផ្ទះ និងមិនមានអ្នករងបួសស្នាម ។ ដោយឡែក ក្មួយៗសិស្សានុសិស្ស ចំនួន ៥នាក់ ត្រូវបានសន្លឹកក្បឿងធ្លាក់ពីលើ និងបណ្ដាលឱ្យរបួសស្រាលបន្តិចបន្តួច ប៉ុណ្ណោះ ។

ឯកឧត្ដមអភិបាលខេត្ត គូសបញ្ជាក់ដែរថា ថ្វីត្បិតតែនេះ ជាគ្រោះធម្មជាតិ ដែលយើងមិនអាចទប់ស្កាត់បាន ប៉ុន្តែ ជាស្មារតី របស់ថ្នាក់ដឹកនាំ ជាពិសេស ការណែនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលនេះ ឯកឧត្ដម បានពាំនាំនូវថវិកា ផ្ដល់ជូនក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាស្រែប្រាំង ដែលរងរបួស ចំនួន ៥នាក់ ដោយម្នាក់ៗ ថវិកា ចំនួន ១០ម៉ឺនរៀល ដើម្បី ទុកព្យាបាលរបួស ឲ្យជាសះស្បើយ ។

ដោយឡែក បងប្អូនប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលរងគ្រោះដោយប៉ើងដំបូល ក្នុងមួយគ្រួសារៗ ថវិកា ២០ម៉ឺនរៀល និងបន្ថែម ទៅគ្រួសារ លោក ប៊ុន មាឃ ជាជនពិការ នូវថវិកា ចំនួន ១០០.០០០រៀល ទៀត ដើម្បី បានយកទៅជួសជុលដំបូលលំនៅដ្ឋាន ឲ្យបានប្រសើរឡើងវិញ ។

នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន អំពីគ្រោះធម្មជាតិដោយសារតែការបំរែបម្រួលអាកាសធាតុ ធ្វើឲ្យសីតុណ្ហភាពឡើងកំដៅ កាន់តែខ្លាំង ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាព និងត្រូវមានវិធានការ ក្នុងការទប់ស្កាត់ លើបញ្ហាប្រឈមនានា ដែលកើតឡើង ដោយសារតែកត្តាធម្មជាតិ ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!