ព្រឹតិ្តការណ៍ថ្មីៗ

លោកចៅក្រម ហម ម៉េងសែ សម្រេចមិនឃុំខ្លួនបុរសម្នាក់ដែលពាក់ព័ន្ធសំណុំរឿងក្លែងឯកសារ

4 ខែ មុន 2424 តូ សុផល

ភ្នំពេញ៖ ក្រោយពីសាកសួរ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩លោកចៅក្រម ហម ម៉េងសែ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ភ័ណ្ឌ សុភ័ក្រ នោះទេដោយដាក់ជននេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនត្រូវចោទឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ក្លែងឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដិកាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ នៅចំណុច ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ពាក់ព័ន្ធករណីនេះ លោក ណេប សាវី ជាដើមបណ្តឹង បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកបានទិញដីទំហំ ៧ហិកតា មានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ពីឈ្មោះ វ៉ា វិបុល កាលពីអំឡុងឆ្នាំ២០០៦ ដោយមានភូមិឃុំដឹងលឺ និងមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ។

លោកបន្តថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញលិខិត ស.ជ.ណ មួយតាមសំណើររបស់លោកជាម្ចាស់កម្មសិទ្ធិដីខាងលើ ដើម្បីឈូសឆាយ តាមការពិនិត្យ និងកំណត់ផ្ទាល់របស់មន្ត្រីជំនាញរបស់សាលាខេត្ត។ បន្ទាប់ពីបានលិខិតរបស់អភិបាលខេត្តលោកបានលក់អាចម៍ឲ្យក្រុមហ៊ុនជាច្រើន រាប់ម៉ឺនរថយន្ត។

ស្រាប់តែនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អតីតអភិបាលរងខេត្តព្រះសីហនុ ចេញលិខិត ស.ជ.ណ ឲ្យឈ្មោះ គាំ សារិទ្ធ មានសិទ្ធិជីកយកអាចម៍ដីនៅលើដីរបស់លោកទៅវិញ។ ប៉ុន្តែដោយសារលោកមានឯកសារបញ្ជាក់ថា ជាម្ចាស់ដីពិតប្រាកដទើបលោកប្តឹងទៅអាជ្ញាធរពាក់ព័ន្ធឲ្យទប់ស្កាត់មិនឲ្យឈ្មោះ គាំ សារិទ្ធ ចូលធ្វើអ្វីលើដីនោះបាន។

លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ គាំ សារិទ្ធ បានចេញលិខិតធ្វើអំណោយដីរបស់លោកខាងលើទៅឲ្យឈ្មោះ ភ័ណ្ឌ សុភ័ក្រ វិញ។

ចាប់ពីពេលនោះមក ឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងបក្ខពួកតែងតែបំពានចូលកាន់កាប់ដីរបស់លោក និងប្តឹងលោកជាម្ចាស់ដីទៅអាជ្ញាធរខេត្តព្រះសីហនុស្ទើរគ្រប់កន្លែងរហូតមក។ដោយលោកមានឯកសារគ្រប់គ្រាន់ទើបលោកអាចប្តឹងឈ្មោះ ភ័ណ្ឌ សុភ័ក្រ ចូលទៅក្រសួងមហាផ្ទៃ និងរហូតតុលាការចេញដីកាឲ្យនាំខ្លួនជនត្រូវចោទរូបនេះទៅផ្តន្ទាទោសតាមច្បាប់។

ដោយឡែកបើយោងតាមឯកសារដែលអ្នកសារព័ត៌មានទទួលបាននោះ គឺឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងឈ្មោះ ចាន់ វណ្ណនិត បានធ្វើលិខិតសុំអភ័យទោសមួយច្បាប់ គោរពជូនលោកឧកញ៉ា លី យ៉ុងផាត់ ដោយមានលោកមេធាវី ណាច ទ្រី ចុះហត្ថលេខា និងបោះត្រាលើលិខិតនោះផង។

ខ្លឹមសាររបស់លិខិតសុំអភ័យទោសនោះ បានបញ្ជាក់ថា ឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងឈ្មោះ ចាន់ វណ្ណនិត បានរំលោភចូលកាន់កាប់ដីទំនាស់ខាងលើ ជាដីស្របច្បាប់ របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានទិញតាំងពីឆ្នាំ១៩៩៣ដោយមានប្លង់កាន់កាប់ត្រឹមត្រូវ។

ទោះជាយ៉ាងណា សំណុំរឿងដីធ្លីដ៏ចម្រូងចម្រាសនេះ ធ្វើឲ្យមហាជនងឿងឆ្ងល់ថា ហេតុអ្វី ដំបូងឡើយមានឈ្មោះ គាំ សារិទ្ធ ចេញមុខអះអាងថាខ្លួនជាម្ចាស់ដី និងតតាំងជាមួយឈ្មោះ ណេប សាវី។ បន្ទាប់មកក៏ចេញឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងបក្ខពួក ខិតខំចេញមុខអះអាងថាពួកគេជាម្ចាស់ដី និងប្តឹងឈ្មោះ ណេប សាវី។ ចុងក្រោយហេតុអ្វីបានជាឈ្មោះ ភ័ណ្ឌ សុភ័ក្រ និងឈ្មោះ ចាន់ វណ្ណនិត សុខចិត្តធ្វើលិខិតសុំអភ័យទោសលោកឧកញ៉ា លី យ៉ុងផាត់ និងព្រមប្រគល់ដីទាំងអស់ជូនលោកឧកញ៉ាងាយៗម្ល៉េះ?  ដោយ៖ សំរិត

អង្គភាពយើង និងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយ ពីសាម៉ីភាគី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ