ព្រឹតិ្តការណ៍ថ្មីៗ

ចៅក្រមប្រឹក្សាម្នាក់ឈឺ ! តុលាការ សម្រេចលើកពេលបើកសវនាការកាត់ទោសលោក ឡាយ វណ្ណៈ

2 សប្តាហ៍ មុន 188 តូ សុផល

ភ្នំពេញ ៖ ដោយសារតែអវត្តមានរបស់លោក ស្វាយ តុញ ជាចៅក្រមប្រឹក្សានៃសវនាការព្រោះ

លោកមានជំងឺ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក ហម ម៉េងសែ បានសម្រេចលើកពេលកាត់ទោសលោក ឡាយ វណ្ណៈ និងបក្ខពួកបីនាក់ទៀត ក្នុងសំណុំរឿងឃាតកម្មលើសង្សារឈ្មោះ ចេវ សុវឌ្ឍនា ទៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ៖

-ទី១ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

-ទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា នៅក្នុងសវនាការនាពេលកន្លងមកក្រុមជនជាប់ចោទសុទ្ធតែបដិសេធថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការ។

ដោយឡែកសាក្សី និងមន្ត្រីកោសល្យវិច័យផងសុទ្ធតែអះអាងថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួន មិនមែនជារឿងឃាតកម្មនោះទេ។

ទោះជាយ៉ាងណា សំណុំរឿងនេះទំនងជាត្រូវចំណាយពេលបើកសវនាការច្រើនលើក ព្រោះដើម្បីផ្តល់ឱកាសឲ្យគ្រប់ភាគី ជាពិសេសនគរបាលយុត្តិធម៌បង្ហាញជូនសវនាការអំពីសំណុំឯកសារភស្តុតាងដែលពួកគេកសាងឡើងដើម្បីដាក់បន្ទុកលើក្រុមជនជាប់ចោទនៅក្នុងសំណុំរឿងឃាតកម្មមួយនេះ។

គួររំលឹកថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ (ដោយ៖ ពូម៉ូតូឌុប)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!