ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពេញសំណូមពរនាយកសាលាបឋមសិក្សា កែវមុនី លើសពីការស្នើសុំ!

1 ខែ មុន 39 តូ សុផល

ភ្នំពេញ៖  នៅចុងសប្តាហ៍កន្លងមកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ និង សហការីមន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានអញ្ជើញទៅសាកសួរសុខទុក្ខ លោក ជុំ ឈាង អតីតចៅសង្កាត់ព្រែកកំពឹស ជាប្រធានបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ដែលមានជម្ងឺគ្រួសក្នុងប្រមាត់ទើបចេញពីទទួលការវះកាត់នៅមន្ទីរពេទ្យ និងបន្តចុះសួរសុខទុក្ខ លោក ប៉ាច ប៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹស ដែលមានជម្ងឺបូសថ្លើមទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។ ក្នុងឱកាសសួរសុខទុក្ខ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយក ថវិកាសរុបចំនួន ៣,០០០,០០០រៀល ទឹកផ្លែឈើ០៤កែស មី០៤កែស និងទឹកសុទ្ធ០៤កែស ឧបត្ថម្ភជូនដល់លោក ជុំ ឈាង និងលោក ប៉ាច ប៉ន ក្នុងនោះរួមមានថវិកាផ្ទាល់ឯកឧត្តម រ័ត្ន ស្រ៊ាង ២លានរៀល លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស២០០ដុល្លារ និង ថវិកាក្រុមការងារភូមិសង្កាត់ចូលរួមបន្ថែមផងដែរ។

បន្ទាប់មកឯកឧត្តម រ័ត្ន ស៊្រាង និងក្រុមការងារ ក៏បានអញ្ជើញចុះត្រួតពិនិត្យលទ្ធផលចាក់ដីបំពេញទីធ្លា សាលាបឋមសិក្សា កែវមុនី ស្ថិតក្នុងភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទីធ្លាចាក់ដីនេះ គឺជា ការស្នើសុំរបស់លោកនាយក សាលាផ្ទាល់តែម្តង។ ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង បើទោះបីជា ទីធ្លាសាលា បានចាក់ដីបំពេញតាមសំណូមពររួចរាល់ហើយក៏ដោយ ឯកឧត្តម រ័ត្ន ស្រ៊ាង បានមានសទ្ធាកែលម្អរអភិវឌ្ឍន៍សាលាជាបន្ត ដោយឯកឧត្តម សន្យានឹងរៀបចំចាក់បេតុងលើផ្ទៃដីទីធ្លាសាលាបន្ថែម រៀបចំសួនច្បារនិងកន្លែងសិស្សលេងកម្សាន្ត កសាងតារាងបាល់ទាត់សម្រាប់ក្មេងៗ កែលម្អបន្ទប់ទឹកឲ្យស្អាត និងកសាងប្រព័ន្ធរំដោះទឹកជុំវិញបរិវេណសាលាទាំងមូល និងសន្យាបន្តទៅជួយ កសាង នៅសាលាបឋមសិក្សាព្រែកថ្លឹងមួយទៀត ។

ការផ្តល់ជូនលើសពីសំណូមពរនេះ ទទួលបានការសាទរពេញទំហឹងពីលោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ហើយអ្វីដែលគួរជាទីចាប់អារម្មណ៍មួយទៀតនោះគឺ រាល់លើកដែល ឯកឧត្តម រ័ត្ន ស្រ៊ាង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបំពេញកិច្ចការងារផ្សេងៗ ដល់មូលដ្ឋានផ្ទាល់ ឯកឧត្តម តែងតែនាំយកអាហារសម្រន់ មកចែកជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ប្អូនៗកុមារ បរិភោគជាមួយគ្នា យ៉ាងសប្បាយរីករាយនិងស្និតស្នាល។ ជាក់ស្តែង បរិយាកាសនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវការ៉េមចំនួន៧០០ដើម នំប៉័ង៧០០កំណាត់ និងទឹកសុទ្ធ៣០កែស ចែកជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ កុមារា កុមារីនៅតាមផ្ទះចូលរួមបរិភោគក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!