ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

3 ខែ មុន 62 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

សហការជាមួយនគរបាលមូលដ្ឋានខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា ១ម៉ឺនរៀល ដែលមានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន២នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩៖០០នាទីយប់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានី

ម្ចាស់ទីតាំងមានឈ្មោះ ជីង ថា ហៅអូន ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា ១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង ៧យប់រហូតដល់យប់ជ្រៅរំលងអាធ្រាត ដោយមាននារីក្មេងចំនួន២នាក់ រង់ចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ២៥ដុល្លារ ទៅ៣០ដុល្លារក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងនោះនារីរងគ្រោះចំនួន ២នាក់ អនីតិជនទាំង២នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួន ថែមទាំងមានលុយដុល្លារក្លែងក្លាយមួយចំនួនផងដែរ។ វត្ថុតាង ទាំងអស់ ត្រូវបាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ។

សូមបញ្ជាក់ផងដែរ ក្រោយពេលបញ្ចប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!