ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ដើមផ្ទេរសិទ្ធិយកដីវិញបាត់ អ្នកទិញ លង់ខ្លួនអស់ជិត១០ម៉ឺន ដុល្លារ ព្រោះតែ…

6 ខែ មុន 683 តូ សុផល

ភ្នំពេញ ៖ បុរសអ្នករកស៊ីទិញលក់ដីម្នាក់ លង់ខ្លួនអស់លុយជិត១០ម៉ឺនដុល្លារ ព្រោះតែជឿលើពាក្យសម្តីភាគីខាងអ្នកលក់ និងកិច្ចសន្យាក្រោយពីប្រគល់លុយកក់បានមួយភាគបីទៅហើយ បានសន្យាព្រមព្រៀងគ្នា បន្តមួយខែ បន្ថែមលើកិច្ចសន្យា៣ខែ បែរជាភាគីខាងអ្នកលក់ ប្រែក្រឡាស់ខណៈ ដែលលិខិតផ្ទេរសិទ្ធផ្ទេររួចហើយបែរជាម្ចាស់ដីផ្ទេរត្រលប់ចូលឈ្មោះ ខ្លួនវិញ  លែងផ្ទេរសិទ្ធឲ្យទៅភាគីអ្នកទិញ ចាត់ទុកជាអសារបង់ទៅវិញ កើតជារឿងក្តីក្តាំប្តឹងផ្តល់គ្នា ភាគីទី២ ថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ ។

ប្រភពប្រាប់ថា ដីដែលកើតរឿងទំនាស់ខាងលើ ទំហំ៥០២៩ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានចមង្ងល់ថា ករណីផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីដោយភាគីម្ចាស់ដី ផ្ទេរឲ្យទៅភាគីអ្នកទិញ រួចរាល់រងចាំប្រគល់លុយគ្រប់ ស្រាប់តែ ម្ចាស់ដីលួចផ្ទេរសិទ្ធត្រលប់វិញ តើអាចជាប់ពាក់ព័ន្ធ ឃុបឃិតគ្នាជាមួយ អាជ្ញាធរ ស្ថាបន ពាក់ព័ន្ធ ឫយ៉ាងណា ?

តាមសម្តីភាគីអ្នកទិញ ឈ្មោះ ផាត់ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញលក់ដីពុះឡូត៍ មានទីលំនៅ ភូមិព្រៃផ្ចឹក ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា គាត់បានទិញដីខាងលើ ពីម្ចាស់អ្នកលក់ ឈ្នោះ យ៉ឺន សុឃីម ភេទស្រី អាយុ៤៦ឆ្នាំ ផ្ទះលេខ១០៤ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ក្នុងតម្លៃព្រមព្រៀងគ្នា១៨៧០០០ដុល្លារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដោយមានកិច្ចសន្យាប្រគល់ប្រាក់៦ម៉ឺនដុល្លារមុន រង់ចាំ៣ខែក្រោយ ផ្ទេរសិទ្ធរួច ទើបប្រគល់លុយគ្រប់ចំនួន ក៏ប៉ុន្តែ អំឡុងពេល ដែលប្រគល់លុយ៦ម៉ឺនដុល្លារហើយ គាត់សុំអនុញាតពីម្ចាស់ដើម ចាក់ដី ដាក់លូសរុបអស់៣៦៧០០ដុល្លារ ។

ប្រភពបន្តទៀតថា ស្រាប់តែ៣ខែក្រោយ ឯកសារផ្ទេរសិទ្ធកាត់ឈ្មោះមកមែន ក៏ប៉ុន្តែលុយមិនទាន់បានគ្រប់ចំនួន ភាគីទាំង២ ទាំងអ្នកលក់ទាំងអ្នកទិញ បានសុំធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យាពន្យារយៈពេល១ខែបន្ថែមទៀត ក្នុងករណីលុយថ្លៃដីមិនគ្រប់ចំនួន នោះដីចាត់ទុកជាមោឃៈ  ព្រមព្រៀងត្រូវគ្នាហើយ ស្រាប់តែបាន២ថ្ងៃក្រោយមក មិនទាន់បាន១ខែតាមកិច្ចសន្យាផង ស្រាប់តែភាគីអ្នកលក់ លែងលក់វិញហើយ ទោះជាភាគីអ្នកទិញ ប្រគល់ឲ្យគ្រប់ចំនួនក៏លែងលក់ ។ ចំណែកលុយ៦ម៉ឺនដុល្លារ ដែលបានប្រគល់២តំណាក់កាលកន្លងមកក៏មិនឲ្យត្រឡប់មកវិញដែរ កុំថាឡើយ លុយថ្លៃចាក់ដីអស់ជាង៣ម៉ឺនដុល្លារនោះ ។

 

រឿងរ៉ាវទំនាស់ដីធ្លីខាងលើ កើតមានរវាងភាគីអ្នកលក់ និងអ្នកទិញ ដោយភាគីខាងអ្នកទិញស្រែកថា អយុត្តិធម៌ពេកហើយ ក្រោយពីព្រមព្រៀងគ្នា រឿងសុំពន្យាពេល១ខែ បែរជាប្រែក្រឡាស់ទៅវិញ ទើបគាត់ទទូចស្នើសុំទៅអាជ្ញាធរ ស្ថាបនពាក្យព័ន្ធ ឃុំស្រុក ខេត្ត មេត្តាជួយពិនិត្យលើសំណុំឯកសារឡើងវិញ ដើម្បីឲ្យមានតម្លារភាពនិងយុត្តិធម៌។

 

TNN និងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី សម៉ីភាគី ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ