ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអញ្ជើញប្រគល់ផ្ទះ ជូនដល់សមាជិកអតីតយុទ្ធជន

5 ខែ មុន 42 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៨ និង ៣០ នាទី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ

និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ តំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធចំនួន ០៥ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអតីតយុទ្ធជនចំនួន ០៥ គ្រួសារ ដែលមានជីវភាពលំបាកនៅភូមិសូទៃ ភូមិរូង ឃុំរូង , ភូមិស្រែកណ្តាល ឃុំកំពាន់ , ភូមិដក់ពរ ឃុំទ្រៀក , ភូមិអូរខ្លូត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះផងដែលលោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារសមាជិកអតីតយុទ្ធជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា ថាសុខទុក្ខរបស់អតីតយុទ្ធជន គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ជាប្រធាន ។ លោកស្នងការបានបញ្ជាក់បន្ថែមទៀតថា ៖ ការអភិវឌ្ឍន៍ និងសុខសន្តិភាព ដែលទទួលបានដូចសព្វថ្ងៃ គឺជាការរួមចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបូជានូវសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី និងរក្សានូវសន្តិភាព ស្ថេរភាពនយោបាយរហូតដល់បច្ចុប្បន្ន ។

លោកឧត្តមសេនីយ៍ស្នងការក៏បានក្រើនរំលឹកអោយក្រុមការងារថ្នាក់ស្រុក.ឃុំ ចុះជាប់ជាមួយមូលដ្ឋាន ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីធ្វើរបាយការណ៍គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត និងខិតខំកែលម្អរាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក និងជំរុញការងារសាងសង់ផ្ទះ ការងារបើកប្រាក់បេឡារមរណៈសង្រ្គោះជូនដល់អតីតយុទ្ធជនឱ្យទាន់ពេលវេលា ។

ក្រុមគ្រួសារសមាជិកសមាគមអតីតយុទ្ធជនទាំងអស់មានទឹកមុខសប្បាយរីករាយក្នុងការទទួលនូវអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ហើយបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីបីបាច់ថែរក្សាសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ សូមមានសិរីសួរស្តី ចម្រុងចម្រើនរុងរឿង និងសូមឲ្យជួបតែពុទ្ធពរ ០៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គជានិច្ចនិរន្ត ។

សូមបញ្ជាក់បន្ថែមថា ៖ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនាំនូវអំណោយរបស់សប្បុរសជននានាជូនមួយគ្រួសារអតីតយុទ្ធទទួលបាន ៖ ថវិកាចំនួន ២០ ម៉ឺនរៀល , អង្ករចំនួន ៥០ គីឡូ , មីចំនួន០៣កេះ , ទឹកត្រី២យួរ ត្រីខ០២យួរ , ប៊ីចេង០១កញ្ចប់ , ទឹកសុទ្ធ០១យួរនិងខ្ទឹមស០១ថង់ , ស្ករស ៣ គីឡូ , ទឹកដោះគោខាប់ ០២កំប៉ុង , ទឹកផ្លែឈើ ១០ កំប៉ុង និងក្រម៉ាចំនួន ២ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ