ព្រឹតិ្តការណ៍ថ្មីៗ

ចុម! ដឹកគ្រឿងញៀនជិត២គីឡូ ពីកម្ពុជាទៅអូស្ត្រាលី ស្ត្រីវៀតណាមម្នាក់ សម្រេច ដាក់គុកត្រឹម៣០ឆ្នាំ និងពិន័យ៨០លានរៀល

4 ខែ មុន 66 តូ សុផល

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះលោក ឃុន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ

នៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមផ្ទាទោសស្ត្រីជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីម្នាក់ដាក់ពន្ធនាគារកំណត់រយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀលចូលជាថវិការដ្ឋ។

សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ វៀតណាម សញ្ជាតិអូស្ត្រាលី ត្រូវតុលាការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញយោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩កន្លងទៅើជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីព័ណ៌ក្រមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលីមែន។

ជនជាប់ចោទបន្តថា ដោយសារនាងជំពាក់លុយឈ្មោះ ចាង ពេលលេងល្បែងក្នុងកាស៊ីណូក្នុងប្រទេសអូស្ត្រាលី ចំនួន ៥០០០ដុល្លារ និងគ្មានលុយសងទើបឈ្មោះ ចាង បានប្រើឲ្យខ្លួនមកប្រទេសកម្ពុជាដើម្បីទទួលគ្រឿងញៀន ដោយឲ្យលុយថ្លៃសេវាចំនួន ១ម៉ឺនដុល្លារ។

ជនជាប់ចោទថា នៅពេលមកដល់ប្រទេសកម្ពុជានាងបានទៅជួបបុរសជនជាតិវៀតណាមពីរនាក់នៅក្បែរកាស៊ីណូណាហ្គាវើលក្នុងខណ្ឌដូនពេញ។ បន្ទាប់មកបុរសជនជាតិវៀតណាមទាំងពីរនាក់បានយកគ្រឿងញៀនទៅឲ្យនាងដល់បន្ទប់ដែលនាងស្នាក់នៅក្នុងសណ្ឋាគារ ដាយមិនផាលេស ដោយពួកគេបានវេចខ្ចប់ និងដាក់គ្រឿងញៀននៅក្នុងវ៉ាលីក្រហមរួចស្រេចហើយដើម្បីឲ្យនាងយកទៅប្រគល់ឲ្យឈ្មោះ ចាង នៅប្រទេសអូស្ត្រាលី។

គួររម្លឹកថា កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ត្រីជាជនជាប់ចោទខាងលើកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងបម្រុងនឹងដឹកគ្រឿងញៀនខាងលើចេញទៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវមន្ត្រីជំនាញត្រួតពិនិត្យឃើញនៅក្នុងវ៉ាលី៕  សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!