ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  ប្រទេសយើង មានសុខ សន្តិភាព មកដល់ពេលនេះ គឺមិនមែនចៃដន្យទេ

1 ខែ មុន 18 តូ សុផល

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធក្លោងទ្វារសាលាអគារស្នាក់នៅរបស់សិក្ខាកាម និងសំណេះសំណាលជាមួយ និស្សិតនាយទាហានសកម្មជំនាន់ ទី២២-២៣ នៅសាលានាយទាហានសកម្ម ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៤ មេសា ២០១៩ បានថ្លែងថា៖ ប្រទេសកម្ពុជាយើងមិនមានសង្គ្រាមរហូតនោះទេ ប៉ុន្តែការការពារជាតិ គឺត្រូវផ្ទេរពីជំនាន់មួយទៅជំនាន់ ដើម្បីការពារជាតិ និងប្រជាជន។ ប្រទេសយើងមានសុខសន្តិភាពមកដល់ពេលនេះគឺមិនមែនចៃដន្យទេ ទី១ គឺការបញ្ចប់សង្គ្រាមដោយយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និង ទី២ ការខិតខំការពាររបស់កងកម្លាំងប្រដាប់អាវុធ។ ដូច្នេះកាតព្វកិច្ចរបស់យើង ត្រូវត្រៀមគ្រប់ពេលវេលាក្នុងការបណ្ដុះបណ្ដាលជំនាញរបស់កងទ័ព និងការការពារជាតិនិងប្រជាជន ព្រោះប្អូនៗនេះ ហើយជាអ្នកទទួលខុសត្រូវសម្រាប់រយៈពេលទៅមុខទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា អ្នកដែលបានមកអង្គុយនៅលើកៅអីនេះ គឺជាឱកាសមាស កៅអីនីមួយៗ គឺមានតម្លៃណាស់មិនអាចកាត់ថ្លៃបាន ព្រោះនិស្សិតដែលទទួលបានជោគជ័យនៅថ្ងៃនេះគឺមានការប្រកួតប្រជែងប្រកបដោយមោទនភាពខ្លួនឯងក្នុងចំណោមមនុស្សរាប់ពាន់ រាប់ម៉ឺនាក់ ដែលគេមិនបានប្រលងជាប់ជាស្ថាពរដូចអ្នកដែលមានវត្តមាននៅទីនេះ។ ការជាប់នេះគឺជាប់ដោយការប្រកួតប្រជែង ជាប់ដោយមោទនភាព ហើយបើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត នេះជាការប្រកួតប្រជែងដោយយុត្តិធម៏។ ឱកាសមួយទៀតគឺឱកាសពេជ្រដែលបានរៀននៅសាលានេះ ដោយឆ្លងកាត់ប្រកួតប្រជែង ដែលគណៈកម្មាជ្រើសរើសបានខិតខំអោយអស់ពីសមត្ថភាព លុបបំបាត់នូវអំពើអវិជ្ជមាន ទាំងឡាយណាដែលកើតឡើងក្នុងការប្រលង។ ការដែលជាប់ពេលនេះទើបធ្វើអោយខ្លួនយើងដឹងពីសមត្ថភាពខ្លួនឯង ថាយើងខ្លាំងប៉ុណ្ណា ហើយឱកាសមាសមួយទៀតអាចប្រៀបធៀបថាជាឱកាសពេជ្រ ដែលមានមជ្ឈមណ្ឌលអប់រំដែលផ្តល់ចំនេះវិជ្ជា ជំនាញ ដែលសាលាឯកជនផ្សេងមិនមាន គឺយុទ្ធវិធី និងចំណេះដឹងយោធា។ រៀនជានាយទាហាន ទទួលបានអាជីពយោធា កសាងមនុស្សឱ្យមានវិន័យ សណ្តាប់ធ្នាប់ មានការទទួលខុសត្រូវ ម៉ឺងម៉ាត់ និងមានភាពជាអ្នកដឹកនាំ។ និស្សិតនាយទាហានដែលចេញពីសាលានាយទាហានសកម្មមានឱកាសច្រើននៅក្នុងការទទួលបានភាពជោគជ័យនៅក្នុងការប្រើប្រាស់យុទ្ធវិធី ជំនាញ និងភាពជាអ្នកដឹកនាំ។ នេះគឺជាឱកាសមាសដែលប្អូនៗទទួលបាននៅការបណ្ដុះបណ្ដាលឲ្យមានលទ្ធភាព និងស្នាដៃពេលចេញទៅបម្រើការងារនៅតាមអង្គភាព។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ថ្នាក់ដឹកនាំសាលា ព្រឹទ្ធាចារ្យនិងគ្រូគ្រប់គ្រងគឺមានមោទនភាពណាស់ចំពោះប្អូនៗដែលបានប្រឡងជាប់ហើយខិតខំតស៊ូ រៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមសប្បាយរីករាយ និងអបអរសាទរដល់ប្អូនៗ ដែលបានប្រលងជាប់ជានាយទាហានសកម្មជំនាន់ទី២២-២៣ និងអរគុណចំពោះការសម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ព ដែលបានប្អូនៗបានព្យាយាមដាក់ពាក្យប្រលងកន្លងមក ខណៈដែលបច្ចុប្បន្ន វិស័យការងារគឺមានជម្រើសច្រើនណាស់ ទាំងការងាររដ្ឋ ការងារឯកជន ស្ថាប័នអង្គការ NGOផ្សេងៗ។ ដោយឡែកការជ្រើសរើសវិស័យយោធាដែលប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រត្រៀមប្រលងរហូតទទួលបានជោគជ័យ ឆន្ទៈ ជំហររឹងមាំ មិនបោះបង់រត់ចោលការសិក្សា ការហ្វឹកហាត់ មកដល់ពេលនេះហើយ គឺបង្ហាញពីតម្លៃនៃឱកាសដែលប្អូនៗរៀននៅសាលានេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការទទួលខុសត្រូវជាមេ ត្រូវដឹងពីមូលដ្ឋានគ្រឹះ ចង់រៀនថ្នាក់អនុបណ្ឌិត ត្រូវឆ្លងកាត់ពីបរិញ្ញាបត្រជាមុនសិន ចង់ក្លាយជានាយទាហានថ្នាក់មធ្យម ថ្នាក់ឧត្តម ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ទាល់តែច្បាស់ពីនាយទាហានបឋមជាមុនសិន ចំពោះនាយទាហាននីមួយៗក៏ត្រូវយល់ពី វិន័យ សណ្តាប់ធ្នាប់ ការយល់ដឹងពីការគ្រប់គ្រងខ្លួនឯង យល់ពីកងទ័ព យល់ពីខ្លួនឯង យល់ពីការទទួលខុសត្រូវ ក្នុងនាមជានាយទាហានដឹកនាំពលទាហាន ហើយនាយទាហានដែលចេញពីសាលានាយទាហានសកម្ម និងនាយទាហានជើងគោក ដែលបញ្ចប់ការសិក្សាចេញពីសាលាគ្រប់គ្រងត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ គឺមានឱកាសច្រើននៅក្នុងការជោគជ័យប៉ុន្តែ ក៏វាអាស្រ័យទៅលើយុទ្ធវិធី រៀនធ្វើជាមេគេ និងការងារទទួលខុសត្រូវ ។

កត្តាសំខាន់ដែលមិនអាចបាត់បាន គឺថ្នាក់ដឹកនាំសាលា ព្រឹទ្ធាចារ្យ និងគ្រូគ្រប់គ្រង គឺសំខាន់ណាស់។ សូមថ្លែងអំណរឍគុណដល់ថ្នាក់ដឹកនាំសាលា ដល់នាយក នាយករង លោកគ្រូគ្រប់ជំនាញ និងបុគ្គលិករបស់សាលាទាំងអស់ដែលខិតខំដឹកនាំសាលានេះអោយដំណើរការ ស្វះស្វែងរកការឧបត្ថមគាំទ្រ និងបានដោះស្រាយរាល់បញ្ហាលំបាកសម្រាប់ការអនុវត្តផែនការហ្វឹកហ្វឺន ការងារគ្រប់គ្រង២៤ម៉ោង ដើម្បីផ្តល់ឱកាសឱ្យយុវជនរបស់យើងជាង២០០នាក់ប្រែក្លាយជាយុវជនស៊ីវិលទៅជានាយទាហានម្នាក់ប្រកប ដោយសមត្ថភាពពេញលេញ ពោរពេញដោយការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លាក្នុងការការពារប្រទេសជាតិទាំងមូលនាថ្ងៃខាងមុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!