ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជិះម៉ូតូ​ទៅបុករថយន្តសណ្ដោងកុងទីន័រ​ បត់ឆ្លងត្រលប់ក្រោយទទឹងផ្លូវ ពេញទំហឹង​ ខ្ទាតចូលក្រោមរថយន្ត​ សន្លប់ស្តូកស្តឹង​រងរបួសធ្ងន់ កណ្ដាលផ្លូវ៦០ម៉ែត្រ​!

5 ខែ មុន 60 តូ សុផល

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តសណ្ដោងកុងតឺន័រ​ បត់ឆ្លងទទឹងផ្លូវបញ្ច្រាសទិស ត្រូវបានបុរសម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯង​ ក្នុងល្បឿនលឿនគួរសម​ ជ្រុលទៅបុកពេញទំហឹង​ ភ្លាមៗនោះអ្នកបេីកបរបានចុះពីរថយន្ត​រួចគេចខ្លួនបាត់​ពីកន្លែងកើតហេតុ​ បន្សល់ទុករថយន្តទទឹងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតមានឡើងនៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃសុក្រ​ ទី១៩ ខែមេសា​​ ឆ្នាំ២០១៩នេះ ត្រង់ចំណុចមុខតារាបាល់ទាត់ លេីកំណាត់មហាវិថី​សម្ដេចតេជោ​ហ៊ុន​សែន​ (ហៅផ្លូវ៦០ម៉ែត្រ)​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត​មួយគ្រឿង​ ម៉ាក​ HINO សណ្ដោងកន្ទុយកុងតឺន័រ ពណ៍បៃតង​ ពាក់ស្លាកលេខភ្នំពេញ​ 3C-9141 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ អែបចិញ្ចេីមផ្លូវ​យឺតៗ​ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបត់ក្បាលឆ្លងត្រលប់ក្រោយ​ ដោយមិនមានការប្រុងប្រយ័ត្ន ទទឹងផ្លូវតែម្ដង ធ្វេីឲ្យម៉ូតូមួយគ្រឿងទៀត​ ម៉ាក Honda Dream ស៊េរីឆ្នាំ​២០១៩ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល​ 1AA-2331 បេីកបរដោយបុរសម្នាក់​ កំពុងធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រ​ ចាប់ហ្វ្រាំងមិនទាន់​ ក៏ជ្រុលទៅបុកចំក្បាលរថយន្តផ្នែកខាងឆ្វេងពេញមួយទំហឹងតែម្ដង​ បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត​ និងខ្ទាតបោកនឹងថ្នល់របួសធ្ងន់​ សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមកណ្ដាលផ្លូវ ​ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ ទាក់ទងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់គ្លីនិកឯកជន មហានគរ​ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សីផងដែរ។

ចំណែកអ្នកបើកបររថយន្ត​កុងតឺន័រ​ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ និងសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញ​ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕​ (អត្ថបទរូបភាព​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ