ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ស្នើពលរដ្ឋដោះស្រាយបញ្ហាជម្លោះដីធ្លី តាមនិតិវិធី កុំប្រើហិង្សា

4 សប្តាហ៍ មុន 26 តូ សុផល

ខេត្តព្រះសីហនុ ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធ

ដាក់ឲ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ សៅរ៍ ទី ២០ មេសា ២០១៩ បានថ្លែងថា ៖ ខណៈដែលពេលថ្មីៗនេះ ស្រុកព្រៃនប់ កើតមានការតវ៉ារឿងដីធ្លីនោះ សូមឲ្យប្រជាពលរដ្ឋរួមគ្នាដោះស្រាយតាមនីតិវិធីកុំប្រើហិង្សា ព្រោះសមត្ថកិច្ចក៏ជាកូនចៅប្រជាពលរដ្ឋ ហើយយើងមិនចង់ឲ្យមានការវាយប្រហារកាប់ចាក់គ្នាព្រោះគ្មានអី្វចំណេញនោះទេ។ សូមគោរពច្បាប់ទាំងអស់គ្នា ហើយយើងបានសេចក្តីសុខទាំងអស់គ្នា។ សូមអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ យើងខិតខំគិតតែធ្វើការ ខិតខំរៀនសូត្រពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឱ្យមានការជឿនលឿនទៅមុខ ពីព្រោះការធ្វើបាតុកម្មនេះ វាមិនចំណេញឡើយសម្រាប់ប្រទេសជាតិ។

លោកបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺមិនដែលឱ្យកងកម្លាំងធ្វើបាបប្រជាពលរដ្ឋនោះទេ គឺមានតែឲ្យកងកម្លាំងប្រដាប់អាវុធការពារប្រជាពលរដ្ឋ។ នៅឆ្នាំនេះពិធីចូលឆ្នាំខ្មែរមានសន្តិសុខ ស្ថិរភាពល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសកំសាន្តសប្បាយរីករាយនឹងធ្វើសង្ក្រានគ្រប់ទីកន្លែង។ ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលបានជួយប្រជាពលរដ្ឋឱ្យសប្បាយរីករាយ។ កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានសូមបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ រាជរដ្ឋាភិបាល។ ត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។ នេះជាគោលការណ៍របស់រាជរដ្ឋាភិបាលដែលខិតខំកែសម្រួលនូវអ្វីដែលមិនទាន់បានល្អដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ។

គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមរមណីកម្មសាសនា ដោយមិនប្រកាន់ថាសាសនាអ៊ីស្លាមឬសាសនាព្រះពុទ្ធ ឬសាសនាដទៃឡើយ គឺយើងមានជំនឿនិងការប្រតិបត្តិផ្សេងៗគ្នា ប៉ុន្តែយើងធ្វើការ និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សាសនានេះហើយបានធ្វើឲ្យមនុស្សគោរពស្រឡាញ់គ្នា មានការអប់រំសីលធម៌ និងគុណធម៌ក្នុងការរស់នៅ។ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងមានតែខិតខំកសាងសមិទ្ធផលឲ្យកូនចៅប្រជាពលរដ្ឋរៀនសូត្រ ខិតខំរកកការងារជូនកូនចៅប្រជាពលរដ្ឋ កសាងវត្តអារាមនៅទូទាំងប្រទេស ចែកដីធ្លីកម្មសិទ្ធជូនប្រជាពលរដ្ឋ ខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ។

ក្រៅពីខិតខំអភិវឌ្ឍវិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍវិស័យសាសនាឲ្យមានការរីកចម្រើនជាងមុន ក្នុងនោះយើងឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។ តួយ៉ាងដូចនៅវត្តពោធិ៍អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះ។ ការកសាងសមិទ្ធផលទាំងអស់នេះគឺបានមកពីការចូលរួម និងវប្បធម៌ចែករំលែកពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជន។

លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុដែលធ្លាប់ជាខេត្តដាច់ស្រយាល ប៉ុន្តែនៅពេលនេះ ខេត្តមួយនេះមានការអភិវឌ្ឍសមិទ្ធផលច្រើន មានគ្រឹះស្ថានសិក្សាគ្រប់កម្រិតធ្វើឲ្យក្មួយៗមានឱកាសរៀនសូត្រនៅទីនេះ មានរោងចក្រសហគ្រាសជាច្រើនដែលផ្ដល់ឱកាសឲ្យកូនចៅប្រជាពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានលទ្ធភាពចូលរួមកសាងសមិទ្ធផល ដែលទាំងអស់នេះគឺបង្ហាញពីការរីកចម្រើន។

លោក មានមោទនភាពចំពោះសមិទ្ធផលដែលយើងកសាងសម្រាប់ទាំងអស់គ្នា។ សូមអបអរសាទរ ចំពោះសមិទ្ធផលថ្ងៃនេះ ដូចដែលបានឃើញជាក់ស្តែង។ សម័យសន្តិភាពនេះ បើគ្មានការបំផ្លាញដូចសម័យខ្មែរក្រហមនោះទេ យើងនៅតែមានឱកាសរួមគ្នាកសាងទាំងអាណាចក្រ និងពុទ្ធចក្រ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

កិច្ចបញ្ចប់ លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅស្រុកព្រៃនប់ដែលតែងតែបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោដឹកនាំប្រទេស។ ការឈ្នះនេះ គឺឈ្នះដោយអំពើល្អ ព្រោះថាសម្ដេចមិនដែលឲ្យមន្ត្រីទៅធ្វើបាបប្រជាពលរដ្ឋនោះទេគឺមានតែឲ្យមន្ត្រីទៅបម្រើប្រជាពលរដ្ឋឲ្យបានល្អ។ នេះហើយគឺជាអំពើល្អដែលរាជរដ្ឋាភិបាលបានដឹកនាំប្រទេសមកដល់ពេលបច្ចុប្បន្ន។ នេះហើយគឺជាកម្លាំងចិត្តរបស់សម្ដេចតេជោក្នុងការដឹកនាំប្រទេស។ ឲ្យតែលោកគិតអំពីផលប្រយោជន៍ប្រជាជនលោកមិនដែលហត់នឿយនោះទេ។ ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន លោកនៅតែបម្រើប្រជាពលរដ្ឋ និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!