ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ អ្វីដែលយើងចាំមិនភ្លេច គឺក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី

6 ខែ មុន 47 តូ សុផល

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិមិន្ទ មេបញ្ជាការកងទ័ពជើងគោក

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើង ថ្នាក់កងអនុសេនាតូច  កងអនុសេនាធំ  ប្រចាំឆ្នាំ២០១៩  និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារគិលានដ្ឋាន១ខ្នង  និងសមិទ្ធផល នានា នៅ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ  នាព្រឹកថ្ងៃសុក្រ  ទី១៩  មេសា ២០១៩ បានថ្លែថា ៖ អ្វីដែលយើងចាំមិនភ្លេច គឺក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី យោធភូមិភាគទី៣ បានធ្វើជាប្រតិបត្តិករដ៏មានប្រសិទ្ធិភាពលើ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់របស់អាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធ ជាពិសេសតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក្នុងការធ្វើឱ្យសម្រេចជោគជ័យនៃឆ្នួនផ្ទុះ នៃនយោបាយឈ្នះ-ឈ្នះ សម្រេចបាននូវសន្តិភាពពេញលេញជាប្រវត្តិសាស្ត្រ និងការអភិវឌ្ឍជាតិសម្រាប់ប្រជាជនកម្ពុជា។ គុណបំណាច់ដ៏ធំធេងនេះ គឺជាគំរូវីរភាពមួយសម្រាប់យោធិន នៃកងយុទ្ធពលខេមរៈភូមិន្ទ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កម្លាំងអន្តរាគមន៍របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចូលរួមសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានា និងបានចាត់តាំងប្រឡងប្រណាំង ០៥ ខ្លឹមសារ ជាពិសេស ការកសាងអង្គភាព ការចិញ្ចឹមសត្វ និងបង្កបង្កើនផល ដើម្បីបំពេញបន្ថែមក្នុងការចិញ្ចឹមទ័ព បន្ថែមលើរបបហូកចុកប្រចាំថ្ងៃបានល្អប្រសើរផងដែរ។

លទ្ធផលដែលទទួលបានទាំងអស់នេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែង និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់យោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការងារហ្វឹកហ្វឺនរបស់កងយោធពលខមរភូមិន្ទ គឺមានសារៈសំខាន់ចាំបាច់ណាស់ និងជាកាតព្វកិច្ចរបស់កងទ័ព ដើម្បីពង្រឹង និងបង្កើនសមត្ថភាព បណ្តុះឆន្ទៈមោះមុត ភាពអង់អាចក្លាហាន និងភាពអំណត់តស៊ូព្យាយាម ដែលជាលក្ខណៈពិសេសរបស់កងទ័ព ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រក្សាសន្តិភាព និងស្ថិរភាពសង្គម។ ជាក់ស្តែង វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺជាការអនុវត្តផែនការស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០១៩ ដោយក្នុងនោះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់ ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

វគ្គហ្វឹកហ្វឺននេះពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងយន្តការគ្រប់គ្រងដឹកនាំបញ្ជាឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៣ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់។ ដូច្នេះ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជាក់យកទាំងចំណេះដឹង និងបទពិសោធន៍ល្អៗពីយោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងក្លាយខ្លួនជាយោធិនឆ្នើមរបស់អង្គភាព។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងទ័ព អតីតយុទ្ធជន កម្មករ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

 

ថ្លែងបិទក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតសំណូមពរ និងលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៣ ដោយត្រូវបន្តយកចិត្តទុក្ខដាក់អនុវត្តផែនការការងារឆ្នាំ២០១៩ ឱ្យបានសម្រេចជោគជ័យទៅតាមលទ្ធផល ដែលរំពឹងទុក ហើយមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវសង្កត់ធ្ងន់លើការពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅធានាការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ