ព្រឹតិ្តការណ៍ថ្មីៗ

ជីក​ផ្លូវ​ដើម្បី​ដាក់​លូ​ ពេល​ដាក់​លូ​ហេីយ ចាក់ដីខ្សាច់ឲ្យជិះទៅវិញ​ ធ្វេីឲ្យមន្ត្រីអាវុធហត្ថម្នាក់​ ជិះកាត់ខ្សាច់ដួលបោក​បែកឈាមពេញមុខ​ ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ នៅចាក់អង្រែ​

5 ថ្ងៃ មុន 154 តូ សុផល

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពីជួសជុល​និងអ៊ុតកៅស៊ូឡេីងវិញ ពីលេីផ្លូវកៅស៊ូចាស់ ប្រវែង ៤,៣៥០ម៉ែត ទទឹង ១៨ម៉ែត

មានភាពល្អប្រសើរក្នុងការធ្វេីដំណេីរបានជាង១ឆ្នាំរួចមក​ ផ្លូវជាតិលេខ២នេះ ត្រូវបានក្រុមបច្ចេកទេស បានប្រើគ្រឿងចក្រជីកកាយផ្លូវ ដើម្បីដាក់ប្រព័ន្ធលូបង្ហូរទឹក ហេីយផ្លូវជាង២,០០០ម៉ែត្រ ដែលដាក់​ប្រព័ន្ធ​លូរួចរាល់​​ហើយនោះ បានចាក់គ្រួស​ឲ្យ​ធ្វេីដំណេីរបណ្ដោះអាសន្ន​​វិញ​ដែរ តែត្រូវភ្លៀងកក់ខែមួយមេធំ បណ្ដាលឲ្យ​ផ្លូវ​មួយ​ចំហៀងដែលចាក់ដី​ និងគ្រួសនោះ ​ត្រូវ​គ្រ​ហោង​ ស្រុត និង​ផុង​តាមកន្លែង​ ដូច្នេះផ្លូវដែលអ៊ុតកៅស៊ូសល់​តែ​មួយ​គន្លង​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​​ ហេីយមិនបានដាក់ស្លាកសញ្ញា ឬភ្លេីងសញ្ញាឲ្យបានត្រឹមត្រូវ​ ជាហេតុធ្វើឲ្យម៉ូតូមួយគ្រឿងបើកបរដោយមន្ត្រីអាវុធហត្ថម្នាក់ ស្រាប់តែជិះចូលចូលទៅ មិនដឹងថាផ្លូវចាក់ខ្សាច់ ផុសកង់មុខ ខ្ទាតអ្នកបេីកបោកនឹងថ្នល់​ បែកឈាមពេញមុខ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០១៩ ត្រង់ចំណុចខាង​មុខ​អាជ្ញាធរទន្លេសាប​ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា​  សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមមន្ត្រីជំនាញ​ដាក់ប្រព័ន្ធលូ​ខាងលេីនេះ មិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ នៅត្រង់ចំណុចដែលធ្វេីរួចរាល់​ ហេីយ បែរជាចាក់ខ្សាច់ជំនួសទៅវិញ​ ទេីបបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូក ។

គួរ​រម្លឹក​ថា ប្រព័ន្ធ​លូ​បង្ហូរ​ទឹកថ្មីមួយ​ខ្សែ​ ដែល​មានមុខ​កាត់​ជាង១ម៉ែត្រ​ ​លាតសន្ធឹង​តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិ​សាស្ត្រ សង្កាត់ចាក់អង្រែក្រោម​ ចាប់ពីរង្វង់មូលព្រះនរាយ៍ ជាប់ព្រំប្រទល់ក្រុងតាខ្មៅ រហូតមកដល់ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម បាន​ដាក់​ប្រព័ន្ធ​លូ រួចរាល់​ជាង​១​ខែ​ទៅ​ហើយ ប៉ុន្តែ​អ្នកបច្ចេកទេស​ពុំ​ព្រម​ជួសជុល​ផ្លូវ​ដែល​បាន​ជីក​កកាយ​សម្រាប់​ដាក់​លូ​ឲ្យ​បាន​ស្អាត​ល្អ​វិញ​ដូច​ដើម​វិញ​នោះ​ទេ ដោយ​ទុក​ឲ្យ​ផ្លូវ​មួយ​ចំហៀង​ត្រូវ​គ្រ​ហោង​ ស្រុត​ផុង សល់​តែ​មួយ​ចំហៀង​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ ដែល​បង្ក​ការ​រំខាន​ដល់​បងប្អូន​អ្នកដំណើរ​នាំ​គ្នា​រអ៊ូរទាំ​អំពី​ការ​ធ្វេីលូរួចទុកចោល មិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដំណេីរ​ និងបង្កឲ្យមានអ្នកគ្រោះថ្នាក់ជាបន្តបន្ទាប់បែបនេះទៅវិញ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ មន្ត្រីអាវុធហត្ថ​ខាងលេី ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1GW-9228 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជេីងមកត្បូង លុះមកដល់ចំណុចកើតហេតុមិនដឹងថាផ្លូវត្រូវគេចាក់ខ្សាច់ ស្រាប់តែជិះចូលខ្សាច់នោះ បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់​ បែកឈាមពេញមុខ ហើយត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់មានប្រុសមានស្រី​មកជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍ចាក់អង្រែក្រោមចុះមកដល់កន្លែងកើតហេតុ​។ 

បន្តិចក្រោយមក​ឃេីញលោក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ បានមកដល់កន្លែងកើតហេតុ​ ដោយថ្ងៃនេះជាក់ស្ដែង​ លោកបានទាក់ទងទៅរថយន្តសង្គ្រោះ​ពីមួយកន្លែងទៅមួយកន្លែង​ ទាំងរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពចាក់អង្រែ​ គឺមិនមានការឆ្លេីយតបមកវិញនោះទេ​ ទេីបលោកបានអោយកម្លាំងហៅកង់បីមកដឹកយកទៅមន្ទីរពេទ្យ​ ដេីម្បីកុំអោយជនរងគ្រោះ​កាន់តែធ្ងន់ធ្ងរជាងនេះទៀត​។ គាប់ជួនមានបងប្អូនរបស់ជនរងគ្រោះ​ ទាក់ទងទូរស័ព្ទមក​ ទេីបប្រាប់អោយប្រញាប់មកកន្លែងកេីតហេតុ​ ហេីយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​។ 

បច្ចុប្បន្នក្រោយពេលកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម យកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នសិនដើម្បីរងចាំ​សាច់ញាតិ​យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ​ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​នៃ​តំបន់​នោះ​ក៏​ដូច​ជា អ្នកដំណើរ​ទូទៅ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​ បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត និង​រអ៊ូរទាំ​ជា​ខ្លាំង ចំពោះ​បញ្ហា​​បន្សល់មកពីការ​​​ជីក​កកាយ​សម្រាប់​ដាក់​ប្រព័ន្ធ​លូនេះហេីយទុកចោល​ ដែលជាការបណ្តែតបណ្តោយ​ឲ្យ​ផ្លូវត្រូវ​គ្រ​ហោង ស្រុតដី​មួយ​ជំ​ហៀ​ង​ផ្លូវតាមកន្លែង​ ជាពិសេសកន្លែងចាក់ខ្សាច់​ចោលឲ្យធ្វេីដំណេីរបណ្ដោះអាសន្ន​នោះ។

ក្រុម​ពលរដ្ឋ​ស្នើរ​ដល់​អាជ្ញាធរ​ភូមិ​សង្កាត់ ពិសេស​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ឬ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ធ្វេីដាក់ប្រព័ន្ធលូ​ផ្លូវ​មួយ​ខ្សែ​នេះ មេត្តា​ចុះ​មក​ពិនិត្យ និង​ធ្វើការ​ជួសជុល​​ជូន​ពួក​គាត់​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ដើម្បី​ទៅ​ធ្វើ​ការងារ​ ជូន​កូន​ទៅ​សាលា ឬ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​ផង​ដែរ ជៀសវាង​ការ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានភាព​ផ្លូវ​នៅ​ទាំង​បែប​នេះ ហើយ​ត្រូវ​ប៉ះពាល់ និង​រំខាន​ដល់​ការ​រស់នៅ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូទៅ​ផង​ដែរ ៕ (ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!