ព្រឹតិ្តការណ៍ថ្មីៗ

ព្រែកត្រែង ដ៏ស្រស់ស្អាត ស្ងាត់ស្ងៀម ពុំសូវមានអុ្នកស្គាល់

4 ខែ មុន 30 តូ សុផល

ព្រះសីហនុ៖ ឆ្នេរព្រែកត្រែង ដ៏ស្រស់ស្អាត មានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ទីនោះនៅលាក់កំបាំងសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត និងមានសភាពស្ងប់ស្ងាត់

ប្រកបដោយបរិយាកាសអំណោយផលពីធម្មជាតិរំលេចពីឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ និងអមដោយរុក្ខជាតិចម្រុះគ្នាពណ៌បៃតងគ្រប់រដូវកាល។ ឆ្នេរព្រែកត្រែង ស្ថិតនៅចម្ងាយប្រមាណត្រឹមតែ ៥គីឡូម៉ែត្រ ភាគខាងជើងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

ឆ្នេរព្រែកត្រែង កាលពីប៉ុន្មានខែមុននេះមានភាពល្បីពេញបណ្តាញហ្វេសប៊ុក ថាមានអ្នករំលោភចាក់ដីលប់ឆ្នេរសមុទ្រម្តុំនេះដើម្បីពង្វាតយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្រោយពីរឿងអាស្រូវនោះរលាយបាត់ទៅវិញ ឆ្នេរព្រែកត្រែងនៅស្ងប់ស្ងាត់ដូចដើមដដែល។ ក្នុងឱកាសឈប់សម្រាកនាទិវាចូលឆ្នាំថ្មីចំអំឡុងពេលរដូវក្តៅនេះ លោកអ្នកមានគួរទាំងឡាយនាំគ្នាទៅកម្សាន្តនៅទីនោះ ដើម្បីផ្លាស់ប្តូរយកខ្យល់អាកាសបរិសុទ្ធពីជំនោរសមុទ្រនៃឆ្នេរព្រែកត្រែងដ៏ស្រស់ស្អាតនេះម្តង ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគាប់ជួនសាលាខេត្តព្រះសីហនុ មានរៀបចំពិធី “សង្រ្កាន្តសមុទ្រ” ដ៏ធំចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ខាងមុខនេះផង។
ឆ្នេរព្រែកត្រែង ពុំសូវមានអ្នកទេសចរច្រើនបានយល់ ស្គាល់ពីសម្រស់ធម្មជាតិ និងភ្លក្សម្ហូបអាហាររបស់អ្នកស្រុកនៅតំបន់នោះច្រើនប៉ុន្មាននោះទេ។ នៅឆ្នេរព្រែកត្រែង មានខ្សាច់ពណ៌សក្បុស មានដើមស្រល់ និងរុក្ខជាតិផ្សេងៗដុះដង្ហែរប្របតាមមាត់សមុទ្រផ្តល់ម្លប់ត្រឈឹងត្រឈៃនៅក្បែរផ្ទៃទឹកពណ៌ខៀវស្រងាត់ និងជម្រៅរាក់ៗគួរចង់ងូតលេងកម្សាន្ត។

ក្រៅពីដើមឈើធម្មជាតិទាំងនោះ នៅឆ្នេរព្រែកត្រែង ប្រហែលទីនេះជាឆ្នេរតែមួយគត់ដែលមានសួនច្បារមានផ្កាចម្រុះពណ៌ គឺជាស្នាដៃកម្មករថែសួន និងឆ្នេរប្រចាំនៅទីនោះ, ហើយក៏មានរោងតូចធំមួយចំនួន ដែលបានសង់រៀបចំឡើងដោយក្រុមហ៊ុនវិនិយោគនៅទីនោះ។ ប្រសិនបើលោក-អ្នក បានទៅកម្សាន្តនៅឆ្នេរព្រែកត្រែង សូមជួយរក្សាបរិស្ថានឲ្យបានល្អស្អាតផង ព្រោះវាគឺជាគុណតម្លៃសម្រាប់លោក-អ្នករាល់គ្នាផង ជាការផ្តល់តម្លៃដល់កម្មករប្រចាំការនៅទីនោះផង និងម្យ៉ាងក៏ជាកិត្តិយសសម្រាប់ជាតិសាសន៍ខ្មែរយើងផងដែរ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នេរព្រែកត្រែង ពិតជាស្រស់ស្អាតមែនទែន ហើយរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំឱ្យមានអ្នកថែសួននៅគ្រប់ឆ្នេរសំខាន់ៗទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីប្រចាំការ ថែរក្សាបរិស្ថានឆ្នេរទាំងនោះ រាល់ការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្តព្រះសីហនុផ្ទាល់តែម្តង។

សូមរំឭកថាគ្រាន់តែនៅក្នុងទីក្រុងព្រះសីហនុ មានឆ្នេរល្បីៗចំនួន ៧ទីតាំង ដូចជា ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ (ជាទីកន្លែងរៀបចំពិធីសង្រ្កាន្តសមុទ្រ រយៈពេល ៣ថ្ងៃ) ឆ្នេរសុខា ឆ្នេរហាវ៉ៃ និងឆ្នេរអូរត្រេះជាដើម៕TR
(អត្ថបទ និងរូបថតដោយ ប្រាកដ)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!