ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

6 ខែ មុន 20 តូ សុផល

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តព្រះសីហនុ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់មន្ត្រីសាលាខេត្ត ។

ឯកឧត្តម យន្ត មីន​ មានប្រសាសន៍ ថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដែលរដ្ឋបាលខេត្ត តែងតែបានធ្វើការសំណេះ សំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តបានជំរុញការអភិវឌ្ឍ​ រីកចម្រើនយ៉ាងគំហុក ដោយមានការចូលរួមពីមន្ត្រីរាជការ បានខិតខំបំពេញការងាររួមគ្នាបានល្អពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនដែលជាវឌ្ឍនភាព នៃការអភិវឌ្ឍរបស់ខេត្ត ។ ទន្ទឹមនឹងការអភិវឌ្ឍមិនអាចខ្វះបាន នៃការចូលរួមរបស់មន្ត្រីរាជការ ធ្វើឲ្យខេត្តមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍មន្ត្រីរាជការតាមមន្ទីរ អង្គភាពត្រូវចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ពិសេសការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា ទិសដៅខាងមុខ យើងត្រូវរួមសហការជាមួយអាជ្ញាធរភូមិ ឃុំសង្កាត់ គោរពច្បាប់ ដោយយកច្បាប់ជាគោល ដើម្បីធានាភូមិ ឃុំមានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋា ភិបាលកម្ពុជា ។ ហើយឆ្នាំ២០១៩នេះរដ្ឋបាលខេត្តបានរៀបចំបុណ្យសង្ក្រាន្តសមុទ្រលើកទី១ រយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ដូច្នេះក្រុមការងារត្រូវរៀបចំសន្តិសុខ សុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ មកទស្សនាកម្សាន្តសង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត ឆ្លើយតបប្រទេសកម្ពុជា មានសន្តិ ភាព និងការអភិវឌ្ឍរីកចម្រើន និងឆ្លុះបញ្ចាំងការរីកចម្រើនរបស់ខេត្តព្រះ សីហនុនាពេលបច្ចុប្បន្ន ។

ក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ