ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះ​ខណ្ឌមានជ័យ​ ក្រោមការបញ្ជាផ្ទាល់របស់លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ដឹកនាំដោយលោក​អភិបាលរង ឌី​ រ័ត្នខេមរុណ​ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី(អត់ច្បាប់)ដ៏ធំមួយកន្លែង ដកហូតទូហ្គេមជាង៣០គ្រឿង!

6 ខែ មុន 116 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាលខណ្ឌមានជ័យ កម្លាំងប្រជាការពារខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំដោយ លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក្រោមការបញ្ជាផ្ទាល់របស់លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ បានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយកន្លែង បានដកហូតទូហ្គេមជាង៣០គ្រឿង និងឃាត់ខ្លូនជនជាតិចិន៥នាក់ ពាក់ព័ន្ធនឹងការបេីកទីតាំងល្បែងស៊ីសងខុសច្បាប់។ 

ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់នេះធ្វេីឡេីងកាលពីវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃពុធ​ ទី១០ ខែមេសា ឆ្នាំ២០១៩​នេះ នៅចំណុចអតីតផ្ទះសំណាក់យីហៅ “មារ៉ាឌី” ក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមដឹកនាំនីតិវិធី ដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងចម្រុះខណ្ឌមានជ័យ បានរកឃើញមាន​ ទូហ្គេម៣២គ្រឿង​ ដូចជា ទូហ្គេមបាញ់ត្រី ចំនួន៦គ្រឿងធំៗ , ទូហ្គេមបាញ់គ្នា ២គ្រឿងធំ , ទូហ្គេមប្រណាំងឡាន ២គ្រឿងធំ , ទូហ្គេមប្រដាល់គ្នា ចំនួន៦គ្រឿង , ទូហ្គេមវៃពុង(បៀរ) ចំនួន១៦គ្រឿង និងឃាត់ខ្លួនជនជាតិចិន៥នាក់ ក្នុងនោះមានម្នាក់ជាមេកា ។ 

យ៉ាងណាមិញ ក្រោយការបង្ក្រាប សម្ភារះដែលជាទូហ្គេមទាំងអស់ត្រូវបានធ្វើកំណត់ហេតុដកហូត ប៉ុន្តែក្នុងនោះពុំមានការដឹកជញ្ចូនយកចេញពីទីតាំងខាងលើនេះឡើយ ដោយសម្ភារះ និងទូហ្គេមមានច្រើន ដូច្នេះហើយលោកស្រីព្រះរាជអាជ្ញារង សម្រេចរក្សាទុកនៅក្នុងទីតាំងដដែលនេះបណ្តោះអាសន្នសិន ហើយចំពោះទីតាំងខាងលេីក៏ត្រូវធ្វើកំណត់ហេតុបិទបណ្តោះអាសន្នសិនផងដែរ ដេីម្បីរងចាំបន្តនីតិវិធីច្បាប់ នៅពេលក្រោយ ។ ក្នុងនោះជនជាតិចិន៥នាក់ ត្រូវបានឃាត់ខ្លួន ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីសាកសួរនាំបន្តនីតិវិធីច្បាប់ផងដែរ ។

លោកឌី រ័ត្នខមេរុណ អភិបាលរងខណ្ឌមានជ័យ​ បានបញ្ជាក់ប្រាប់ភ្នាក់ងារ​ TNN News​ ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបនេះ គឺ​ដោយមានការចង្អុលបង្ហាញពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ កម្លាំងសង្កាត់ស្ទឹងមានជ័យ បានចុះរដ្ឋបាលទីតាំងដែលបានលើកស្លាកយីហោ “មណ្ឌលកម្សាន្ត AA” ជាហេតុនាំអោយអាជ្ញាធរខណ្ឌមានជ័យ ចុះទៅពិនិត្យមើល ជាក់ស្ដែងក៏ឃើញមានសុទ្ធតែទូហ្គេមបាញ់ត្រីខុសច្បាប់ ទើបរាយការណ៍បន្តទៅកាន់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ​ ក៌បានដឹកនាំកម្លាំងចម្រុះ ដោយមានលោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យចូលរួម និងមានព្រះរាជអាជ្ញាររង ដឹកនាំនីតិវិធីច្បាប់ ទេីបបេីកការចុះបង្ក្រាបជាក់ស្តែងតែម្តងទៅ ។ 

លោកអភិបាលរងបន្តថា ទីតាំងខាងលើនេះ គឺទើបតែបើកដំណើរការលក្ខណៈទ្រុងទ្រាយធំ បាន៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពុំទាន់មានមនុស្សស្គាល់ និងចូលលេងនៅឡើយ គឺមានតែជនជាតិចិនចូលទៅលេងប៉ុណ្ណោះ ។ 

តែបេីយោងតាមប្រភពព៍ត៌មានច្បាស់ការណ៍ បានអោយដឹងថា ម្ចាស់ទីតាំងខាងលើនេះ គឺជាជនជាតិចិន ដែលមកវិនិយោគ រកស៊ីនៅកម្ពុជា ៕ (ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ