ព្រឹតិ្តការណ៍ថ្មីៗ

លោក ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង

2 ខែ មុន 43 តូ សុផល

កម្ពុជា៖  នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញក្រសួង អញ្ជើញចុះពិនិត្យគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀង ឬហៅថា៖ ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀង) ដើម្បីភ្ជាប់ប៉ុស្តិ៍ព្រំដែន កម្ពុជា-ថៃ និងពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ឋិតក្នុងទឹកដីថៃ ដោយមានការចូលរួមពីឯកឧត្ដម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ និងគណៈប្រតិភូ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក នេះ គ្រោង នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ដោយឡែក ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ – បានណងអៀង) ត្រូវបានសាងសង់ឡើងក្រោមជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ក្នុងទំហំទឹកប្រាក់ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹងប្រមាណ ២៦.៤២លានដុល្លារអាមេរិក មានបណ្តោយសរុបប្រវែង៦០៥ម៉ែត្រ និងទទឹង១៧ម៉ែត្រ អនុវត្ត ការសាងសង់ដោយកងវិស្វកម្មថៃ។ ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯស្ថានីយរថភ្លើងប៉ោយប៉ែត ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីការដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកប៉ោយប៉ែត-ភ្នំពេញ ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈ ពេល៤៥ឆ្នាំ សារសំខាន់នៃការតភ្ជាប់ផ្លូវដែករបស់ព្រះរាជាណាចក្រកម្ពុជាជាមួយព្រះរាជាណាចក្រថៃនា ពេលឆាប់ៗ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផ្លូវដែករវាងកម្ពុជា និងថៃ បន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានជានិមិត្តរូបនៃការបញ្ចប់ការសាងសង់ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!