ព្រឹតិ្តការណ៍ថ្មីៗ

ជនរងចាំឱកាសឆក់ទូរស័ព្ទ នៅក្រោមស្ពានស្ទឹងមានជ័យ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់បានម្នាក់ហើយ!ប៉ុន្តែមិនទាន់បង្ក្រាប….!

5 ខែ មុន 35 តូ សុផល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលតែងតែពពាក់ពពូនគ្នា​ រងចាំឱកាសធ្វេីសកម្មភាព​ លួច​ ឆក់អ្នកដំណេីរ​ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទពីបុរសម្នាក់ដែលជាបុគ្គលិកមិត្តហ្វូន បានសម្រេច ហើយគេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅវេលាម៉ោង១២:៣០នាទីយប់ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វុធ ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់រួមមាន ទូរសព្ទដៃមួយគ្រឿងម៉ាក ម៉ៃស៊ូ ពណ៌ខ្មៅលាយខៀវ និងដកហូតបានម៉ូតូ១គ្រឿងម៉ាក ជីអូណូ ពណ៌ស ស៊េរីចាស់គ្មានស្លាកលេខ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះចេញមកពីធ្វើការជាមួយសង្សារនៅក្រុមហ៊ុនស៊ីមទូរសព្ទមិត្តហ្វូន នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជថានីភ្នំពេញ មកផ្ទះនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លុះមកដល់ចំណុចកើតហេតុ កាលពីយប់ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៩ ដោយជនរងគ្រោះបានជិះម៉ូតូឌុបគ្នាជាមួយនឹងសង្សារ លុះជិះមកដល់ចំណុចកើតហេតុ ក៏ឈប់ចុះ ឲ្យសង្សារជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏និយាយទូរសព្ទម៉ាក ម៉ៃសូ ពណ៌ខ្មៅលាយខៀវ ដើរបម្រុងមកផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក ជីអូណូ ពណ៌ស គ្មានស្លាកលេខ មកធ្វើសកម្មភាពឆក់យកទូរសព្ទរបស់ជនរងគ្រោះ បានសម្រេច គេចខ្លួនបាត់។

លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត។

ទោះជាបង្ក្រាបបានមែន​ តែទីតាំងហ្គេមបាញ់ត្រីខុសច្បាប់​ ដែលជាប្លុករបស់​បក្ខពួក​ក្រុមចាំឱកាស​លួច​ ឆក់អ្នកដំណេីរ​ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិស្ទឹងមានជយ័ សង្កាត់ស្ទឹងមានជយ័ទី១ ខណ្ឌមានជ័យ នៅតែបើកលេងដំណើរការទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ នៅតែគ្មានការបង្ក្រាប ហេីយចំពោះទីតាំងមួយនេះ សមត្ថកិច្ចធ្លាប់ចុះបិទម្ដងរួចមកហើយ តែម្ចាស់ទីតាំងមិនខ្លាចទេ​ បែរជាបើកឌឺសមត្ថកិច្ចវិញដដែល។

ប្រភពអោយដឹងថាម្ចាស់ទីតាំងហ្គេមបាញ់ត្រីនេះមានឈ្មោះថា លោកស្រូយ ហេីយបើកជាយូរមកហើយ បុគ្គលរូបនេះពុំមែនមានតែទីតាំងមួយកន្លែងនេះទេ គឺមានទីតាំងជាច្រើនទៀត ក្នុងខណ្ឌមានជ័យ តែសមត្ថកិច្ចខណ្ឌមានជ័យ​ មិនមានការចុះបង្ក្រាបនោះទេ​ ព្រោះម្ចាស់ទីតាំងនេះ មានឥទ្ធិពលខ្ពស់ជាងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យទៅទៀត ទើបរូបគេអាចបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូនដូចនេះ ។

ប្រជាពលរដ្ឋស្នេីសុំជំនួសសមត្ថកិច្ចខណ្ឌមានជ័យ​ ជាពិសេសខាង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដែលមានលោក​ ប៊ុន​ សត្យា​ ជានាយការិយាល័យ​ មេត្តាជួយចុះបង្ក្រាប​ហ្គេមបាញ់ត្រី​ទាំងនោះ អោយពួកគាត់ជាអ្នករស់នៅក្បែរនោះមានសេចក្ដីសុខផង ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ