ព្រឹតិ្តការណ៍ថ្មីៗ

ប្រុងប្រយ័ត្ន​! រន្ទះបាញ់​ប្រល័យ​ជីវិតក្មេង​ម្នាក់ ​នឹង​២​នាក់​ រង​របួសធ្ងន់​-​ស្រាល​ រីឯម្នាក់​ទៀត​ស្លាប់​ដោយ​សារលង់ទឹក​នៅ​ស្រុក​មង្គល​បូ​រី​​

5 ខែ មុន 44 តូ សុផល

ខេត្តបន្ទាយមានជ័យ ៖ នៅស្រុកមង្គលបូរី មានករណីស្លាប់ដោយរន្ទះបាញ់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់–ស្រាល ចំណែកក្មេងម្នាក់ទៀតបានលង់ទឹកស្លាប់ ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង ភូមិសាស្ត្រ ដាច់ដោយឡែកពីគ្នា ករណីរន្ទះបាញ់ នៅភូមិសាយសាម៉ន ឃុំចំណោម និងលង់ទឹកស្លាប់ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទីមានមនុស្សចំនួន ៣នាក់ បាននាំគ្នាចេញទៅវាលស្រែ ដើម្បីរើសខ្យង នៅចំនុចបឹងត្រែងលាវត្រូវនិងនៅវាលស្រែខាងត្បូងបឹងអាគរចំងាយ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាយសាម៉ន ឃុំចំណម ស្រុកមង្គលបូរី ស្របពេលនោះផ្ទៃមេឃ មានភ្លៀងធ្លាក់ស្រិចៗ លាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ បណ្តាលក្មេងប្រុសម្នាក់ស្លាប់ ចំណែក២នាក់ទៀត រងរបួសធ្ងន់–ស្រាល និងមានក្មេងប្រុសម្នាក់ទៀតលង់ទឹកស្លាប់ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកធិការបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះដោយសាររន្ទះបាញ់ឈ្មោះ ភៀន សូរិយា ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ជប៉ុនមង្គលបូរី) និង២នាក់ទៀតឈ្មោះ ម៉ៅ សុឃីម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាយសាម៉នឃុំចំណោម(របួសស្រាល)និងម្នាក់ទៀត ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ(របួសធ្ងន់) ទាំង៣នាក់ នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកងម្គលបូរី ។

លោកអធិការបានបន្តថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ដដែល វេលាម៉ោង២និង៣០នាទីរសៀល មានក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ ខណៈ ពេលសុំម្តាយទៅបេះផ្លែអំពិលទឹកក្បែរស្រះខាងកើតផ្ទះចំងាយ ៤២ ម៉ែត្រ ហើយក៏រអិលជើងធ្លាក់ចូលទឹកស្រះដោយគ្មានអ្នកណាគេដឹង ។

ក្មេងរងគ្រោះឈ្មោះ ម៉ង់ ដាវីត ភេទប្រុស អាយុ០៥ឆ្នាំ ទីលំនៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នក្មេងដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួសដោយរន្ទះបាញ់២ទៀតនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕​ (កែសម្រួល​ បងម៉េង​ ដកស្រង់បន្តពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ