ព្រឹតិ្តការណ៍ថ្មីៗ

អស្ចារ្យមែន! គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ លើផ្ទៃដីទំហំ ៧០០ហិកតា

3 ខែ មុន 88 តូ សុផល

សៀមរាប៖នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៩នេះ មានធ្វើកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងសាងសង់

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង វត្តមានចូលរួមរបស់ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការ តម្រង់ទិសការសាងសង់ និង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ភាគីក្រុម ហ៊ុនវិនិយោគគម្រោង សាងសង់ចិន ដឹកនាំដោយលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៃបណ្តាក្រសួង មន្ទីរ អង្គភាព ស្ថាប័នមានការពាក់ព័ន្ធចូលរួមផងដែរ ។

ក្នុងនោះ ឯកឧត្តម ទៀ សីហា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរំភើប ចំពោះសមទ្ធិផលថ្មីដ៏ធំមួយ ដែលនឹងចាប់បដិសន្ធិកនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប គឺអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប អង្គរ ដែលជាព្រលាយយន្តហោះដ៏ធំមួយនៅក្នុងតំបន់អាស៊ីយើងនេះ ។ ឯកឧត្តមបានបន្តទៀតថា នៅពេលដែលអាកាសយានដ្ឋានថ្មីបានសាងសង់រួចរាល់ និង បើកកិច្ចដំណើរការនោះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍មាន ការកើនទើងទ្វេរដង និង កាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប សំខាន់នៅស្រុកទាំងបី ដែលមានភូមិសាស្ត្រជាប់នឹងអាកាសយានដ្ឋាននេះផងដែរ ។

ឆ្លងតាមការបង្ហាញនោះដែរ លោក Lu Yanwen បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិន ក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើការចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីភាពសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន ។ លោកបានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានចម្ងាយពីក្រុងសៀមរាប ៥១គីឡូម៉ែត្រ នៅលើផ្ទៃដី សរុប ៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋាន លំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្ត ហោះខ្នាតធំមានលេខកូដE ។ ម៉្យាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និង ត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ4F ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntouគ្រុប យូណាន វិនិយោគបរទេស និង យូណានព្រលានយនហោះគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ ២២០លានដុល្លា ដើមី្បបង្កើត ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុស ត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ ។

លោក Lu Yanwen បានបញ្ជាក់ទៀតថា រយៈពេលនៃការសាងសង់ និង ប្រតិបត្តិការគម្រោង សរុប៥៥ឆ្នាំ ហើយរយៈពេលនៃការសាងសង់ដោយរំពឹងថាប្រើរយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំ ។ លោកបន្តទៀតថា ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ៨៨០លានដុល្លា អាមេរិក និង មានសាងសង់ផ្លូវរត់ល្បឿនលឿន ទំហំ ៣ពាន់៦០០ម៉ែត្រ គុណ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះ ធ្វើការហោះហើរ និង ចុះចត និង ចំណតយន្តហោះ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ និង បរិក្ខាជំនួយ ស្ថានីយអ្នកដំណើរដែលមានទំហំ ៥០ពាន់ម៉ែត្រក្រឡា ហើយអាកាសយានដ្ឋាននេះ ក្នុងមួយឆ្នាំអាចបម្រើសេវាកម្មភ្ញៀវទេសចរណ៍ពី ៧លានទៅ១០លាននាក់ផងដែរ ។ លោកបានបន្តទៀតថា នៅពេលបញ្ចប់គម្រោងនេះ និង បង្កើននូវ សមត្ថភាពដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន និង ជម្រុញសក្តានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម ឲ្យ កាន់តែមានភាពរីកចម្រើន នៅក្នុងតំបន់ ព្រមទាំងផ្តល់ផលប្រយោជនដល់ការការពារប្រវត្តិសាស្ត្រអង្គរ និង បានពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច អនុតំបន់ទន្លេឡានឆាងមេគង្គ និង ការអភិវឌ្ឍន៍បន្ថែម លើកិច្ចទំនាក់ទំនងជាមិត្តភាព និង ធ្វើឲ្យ ចំណងមិត្តភាពកម្ពុជា ចិនកាន់តែមានភាពរឹងមាំ និង ជាបងប្អូនតែមួយទៀតផង ។

លោកក៏បានលើកឡើងផងដែរថា នៅ គម្រោងមួយនេះ ក្រោយពេលបញ្ចប់និងបើកដំណើរការនោះ គឺជាបង្អួចមួយ ដែលបានបង្ហាញពីកម្ពុជា ទៅលើពិភពលោក ហើយមានសង្ឃឹមជឿជាក់ថា គម្រោងនេះជាសារៈសំខាន់ ក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប និង លើកកម្ពស់នៃទំនាក់ទំនាងសេដ្ឋកិច្ចរវាងកម្ពុជា ចិន ឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀត ។

ក្នុងនោះដែរឯកឧត្តម តឹករ៉េត សំរេច ក៏បានលើកឡើងពីជីវប្រវត្តិ នៃការបង្កើតអាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ រហូតដល់ពេលកិច្ចដំណើរការសាងសង់ដោយក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី ។ ឯកឧត្តមក៏បានធ្វើការណែ នាំមួយចំនួនដល់ក្រុមហ៊ុន ត្រូវតែបន្តដំណើរប្រតិបត្តិការក្នុងការសាងសង់របស់ខ្លួន ព្រមទាំងត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ។ ម៉្យាងទៀតចំពោះការបើកការដ្ឋានសាងសង់ យើងនឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ដើមី្ប បើកការដ្ឋានសាងសង់ជាផ្លូវការ តែចំពោះកិច្ចការងារដែលក្រុមហ៊ុនកំពុងប្រតិបត្តិនោះ គឺត្រូវតែបន្តទៅទៀត ។ ក្នុងនោះដែរ ឯកឧត្តម ក្នុងនាមជាអ្នកសៀមរាប សូមសាទរនូវគម្រោងនេះ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ គ្រប់រូបភាពផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានសំណូមពរដល់ក្រុមហ៊ុន ដោយខេត្តសៀមរាបបានបើកយុទ្ធនាកា ដើមី្បបរិស្ថានលើភពផែនដី គឺត្រូវធ្វើការដាំដុះឡើងវិញ នូវកូនឈើ តាមទីតំបន់ដែលត្រូវបានគេកាប់បំផ្លាញ ឲ្យមានលក្ខណៈ ធម្មជាតិបៃតងឡើងវិញ ។ ដូច្នេះសូមឲ្យក្រុមហ៊ុន ធ្វើការដាំដុះកូនឈើ ក្នុងការលើកនូវសម្រស់ធម្មជាតិ ឲ្យសមស្របជាតំបន់ ទេសចរណ៍បៃតង ដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ដែលលម្អទៅដោយធម្មជាតិពណ៌បៃតងដ៏ស្រស់ស្អាត ដែលបានផ្តល់នូវបរិស្ថានបរិសុទ្ធដល់យើងគ្រប់រូបរស់នៅ ។ ម៉្យាងទៀតអាជ្ញាធរខេត្ត ក៏ត្រៀមគ្រប់លក្ខណៈ ក្នុងការចូលរួមកិច្ចសហការជាមួយក្រុមហ៊ុនផងដែរ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!