ព្រឹតិ្តការណ៍ថ្មីៗ

អសមត្ថភាពមេៗ? ទីតាំងអ៉ីនធើណេតជ្រកក្រោមស្លាក យីហោ “៨៩៩” បង្កប់ល្បែងស៉ីសងតាមអនឡាញ ដ៏ល្បីនៅកម្ពុជា បើកសាខាថ្មី​ នៅចម្ងាយ៥០ម៉ែត្រ ពីសាលាសង្កាត់ចាក់អង្រែលើ ដំណើរការដោយរលូន​ សង្ស័យមានខ្នងជាអ្នកធំ!

2 ខែ មុន 128 តូ សុផល

រាជធានីភ្នំពេញ ៖ ទីតាំងអ៉ីនធើណេត យីហោ ៨៩៩ បង្កប់ល្បែងស៊ីសងតាមអនឡាញ ដ៏ល្បីនៅកម្ពុជា​

បើកសាខាថ្មី​ដោយស្ងាត់ៗ​ នៅចំណុចអតីតក្លឹបកម្សាន្តរាត្រីហេបភីភ្លឹប​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ២ មានចម្ងាយប្រហែលមិនដល់១០០ម៉ែត្រ​ទេ ពីសាលាសង្កាត់ចាក់អង្រែលើ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទីតាំងល្បែងស៊ីសងតាមអនឡាញ ដ៏ល្បីនៅកម្ពុជា​ ដែលជ្រកក្រោមស្លាកអ៉ីនធេីណិតយីហោ “៨៩៩” កំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងដោយសេរី ហាក់ដូចជាមិនញញើត​នឹងអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសលោក​ ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ និងលោក​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ ឬលោក​ កែវ​ សាវឿន​ ចៅសង្កាត់ចាក់អង្រែលើ​ និងលោក​ អុំ​ រតនា​ មេប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ ​បន្តិចសោះឡើយ ដោយមិនដឹងម្ចាស់ទីតាំងនោះ មានខ្សែស្រឡាយ ឬក៏ខ្នងបង្អែកធំយ៉ាងណាទេ បានជាហ៊ានបែបនេះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ បានលួចបង្ហើបថា ទីតាំងណេតយីហោ “៨៩៩” មួយនេះ​ ពួកគាត់ឃេីញបើកដំណើរការយ៉ាងរលូននេះ​ ជិត៣ខែដែរហេីយ​ ដោយបើកមិនខ្លាចអ្វីសោះ ឃេីញមានអ្នកលេងចេញចូលច្រេីនគ្រាន់បេី​ ។

បេីតាមគេហទំព័ររបស់ 899Win ដែលជាគេហ័ទំពរល្បែងស៊ីសងអនឡាយ​ ដែល TNN ស្រាវជ្រាវតាម​អ៉ិនធើណេត​​នោះ​ គឺជាបានបង្ហោះថា ៖ 889Win ផ្តល់ឱ្យអ្នកនូវការកំសាន្ដគ្មានដែនកំណត់ នៅក្នុងពិភពកម្សាន្តអនឡាញ សម្រួលសរសៃប្រសាទរបស់អ្នក ហើយសាកល្បងសំណាងរបស់អ្នក ដោយអ្នកលេងនឹងឈ្នះលើហ្គេមដែលអ្នកចូលចិត្តឥឡូវនេះ. ពីព្រោះយើងគ្រាន់តែផ្តល់ជូនដល់អ្នកនូវវេបសាយដែលល្អ និងទុកចិត្តបំផុតសម្រាប់កាស៊ីណូបន្តផ្ទាល់, កីឡា, Slots, គីណូ និងល្បែងសប្បាយផ្សេងទៀត​ នៅក្នុងប្រទេសកម្ពុជា ។

ជុំវិញបញ្ហានេះសង្ឃឹមថា លោកអភិបាលខណ្ឌមានជ័យ នឹងចាត់វិធីការចំពោះទីតាំង ភ្នាល់បាល និង បង្កប់ល្បែងស៊ីសង​ តាមអនឡាញដែលជ្រកក្រោមស្លាកយីហោ “៨៩៩”នេះ ដើម្បីចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសង ជាពិសេសអនុវត្តន៍តាមបទបញ្ជាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលកន្លងមកបានដាក់បញ្ជាឲ្យអាជ្ញាធរទាំង១២ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសង ដូចជា ភ្នាល់អនឡាយ ហ្គេមបាញ់ត្រី នឹងល្បែងជល់មាន់ រួមទាំងល្បែងស៊ីសងផ្សេងៗទៀត ដែលខុសពីច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ (ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!