ព្រឹតិ្តការណ៍ថ្មីៗ

បន្ទាប់ពីលោកចៅក្រម ហុង សុគុណវឌ្ឍនា ដោះលែងចោរ៤នាក់ សកម្មភាពវាយប្លន់ពលរដ្ឋក្នុងខណ្ឌដង្កោ ចាប់ផ្តើមកក្រើកទៀតហើយ!

5 ខែ មុន 454 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីលោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ

ដោះលែងក្រុមចោរប្លន់ ៤នាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីពេលថ្មី សកម្មភាពវាយប្លន់យកម៉ូតូចាប់ផ្តើមកក្រើកឡើងវិញនៅក្នុងទឹកដីខណ្ឌដង្កោ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មានករណីវាយប្លន់យកម៉ូតូ១ករណីបានកើតឡើងនៅចំណុចមុខបុរីពិភពថ្មី ស្ថិតក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ យ៉ាន់ ពៅ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ បើកឡាន ស្នាក់នៅ ម្តុំ ជិតស្តុបទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅពេលដែលខ្លួនជិះម៉ូតូដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូមកដេញវាយ និងប្លន់យកម៉ូតូម៉ាកឌ្រីមសង់ C១២៥ ស៊េរី ២០១៤ ពណ៌ខ្មៅពាក់ស្លាក លេខ តាកែវ 1K-1211 ទៅបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរក ជនសង្ស័យ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទជាចោរប្លន់ ៤នាក់ដែលមានទីលំនៅក្នុងខណ្ឌដង្កោឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ទាប់ពីមានការដោះលែងក្រុមចោរទាំង ៤នាក់ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចសុទ្ធតែមានក្តីព្រួយបារម្ភចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសនាពេលយប់។

ក្រុមចោរប្លន់ដែលលោកចៅក្រម ហុង សុគុណវឌ្ឍនា ដោះលែងកាលពីពេលថ្មីៗ ទី១ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ,ទី២ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ ២៨ឆ្នាំ, ទី៣ឈ្មោះ អឿង វីរ: ហៅ ចយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី៤ឈ្មោះ សុំ ពិសិដ្ឋ ហៅ ឈីត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ជនត្រូវចោទទាំង ៤នាក់ខាងលើ និងម្នាក់ទៀតឈ្មោះ ស្រេង ថុនា ហៅ គុជ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (កំពុងជាប់គុក) ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការខណ្ឌឃាត់ខ្លួនក្នុង បទល្មើសជាក់ស្តែងវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍន:ពីរ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសក្រោមបទចោទ លួចមានស្ថានទម្ងន់ទោស (ប្លន់)។

បន្ទាប់ពីឃុំខ្លួនបាន២៨ថ្ងៃនៅពន្ធនាគារ មានជនត្រូវចោទ៤នាក់ ដែលជាប់គុកក្នុងសំណុំរឿងឧក្រិដ្ឋជាមួយគ្នានេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ។

ក្រុុមប្រជាពលរដ្ឋ និងមន្ត្រីនគរបាលមូលដ្ឋាន ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងហួសចិត្តថា ហេតុអ្វីបានជាក្រុមចោរប្លន់ដែលនគរបាលខំដេញប៉ផាប់ចាប់ពភីង យ៉ាងជាក់ស្តែងបែរជាជាប់គុកឆាប់ចេញម្ល៉េះ?

នគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រុមជនត្រូវចោទជាចោរប្លន់ខាងលើគឺសុទ្ធតែពាក់ព័ន្ធបទល្មើសគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។

ពាក់ព័ន្ធករណីដោះលែងក្រុមចោរប្លន់ដែលលោកជាអ្នកដេញចាប់ផ្ទាល់ដៃនេះវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នកសារព័ត៌មានថា «ទំរាំតែចាប់ពួកក្រុមចោរប្លន់ខាងលើនេះបាន ត្រូវប្រើពេលយូរណាស់។ នគរបាលតាមទាំងយប់ទាំងថ្ងៃ។ កម្លាំងនគរបាលអត់បានដេកបានពួនទេ ដល់តែតុលាការលែងវិញចឹង ខ្ញុំក៏អត់ដឹងដែរ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការ»។

ពាក់ព័ន្ធសំណុំរឿងចោរប្លន់ដែលឆាប់ចេញពីគុកបែបនេះ សម្តេច តេជោ នាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា «អាមុខចោរដដែលៗរឿងវាងើបឡើងជាលើកទី៣ហើយ គឺអាចោរជាប់គុកមិនដែលចេះជាប់គុកបានយូរទេ។ នៅចាំបានទេនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៩ លើកទី១ដែលខ្ញុំបានចេញបទបញ្ជាឲ្យចាប់ត្រលប់មកវិញទាំងយប់….។

លើកទី២គឺសម្តេចក្រឡាហោម ស ខេង រាយការណ៍ជូនខ្ញុំអំពីចំនួនចោរដែលត្រូវបានដោះលែង។ ឥឡូវរឿងដដែល អាអ្នកប្លន់ហ្នឹងគឺថាឆាប់បានចេញតែពីគុក អ៊ីចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសារជាថ្មី។ ពីមុនខ្ញុំប្រើពាក្យថា ខ្ញុំប្រើកណ្តាប់ដៃដែក របស់ខ្ញុំដើម្បីប្រឆាំងនឹងរឿងនេះ។

ឥឡូវឲ្យតែអាប្រភេទចោរ និងពួកគ្រឿងញៀនវាដូចជាចេញពីគុកស្រួលពេកតែម្តង?…ពីមុនវាហ៊ានត្រឹមប្លន់មិនសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស។ អ៊ីចឹងទេ ត្រូវធ្វើរឿងនេះឲ្យបានម៉ត់ចត់ ពិនិត្យពិច័យឲ្យបានម៉ត់ចត់ ក្រសួងយុត្តិធម៌ត្រូវធ្វើការឲ្យបានម៉ត់ចត់ លើបញ្ហាហ្នឹង….»៕

ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ