ព្រឹតិ្តការណ៍ថ្មីៗ

ឆបោកម៉ូតូម្តង ជនរងគ្រោះខ្ជិលមាត់ លើកទី២ ប្តឹងប៉ូលិសចាប់ខ្លួន

4 ខែ មុន 65 តូ សុផល

ភ្នំពេញ ៖ សង្ស័យម្នាក់កាន់តែបានចិត្ត ឆបោកម៉ូតូ អ្នករួមការងារយកទៅបញ្ចាំបានលុយលេងល្បែងអស់ ជនរងគ្រោះក៏មិនថាមិនស្តី ចំណាយលុយផ្ទាល់ខ្លួនទៅលួសមកវិញ មិនអស់ចិត្តមកលើកទី២ ប្រើល្បិចក្នុងរូបភាពខ្ចីម៉ូតូជិះទៅមើលរថយន្តគេ កាលពីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ បែជាយកទៅបញ្ចាំបាត់ ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី៣០ ខែមិនានេះ វិលមកយានដ្ឋានវិញ នៅយានដ្ឋានជួសជុលរថយន្ត ផ្លូវ២០០៤ ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខម្ចាស់ម៉ូតូ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ដោយសារទ្រាំលែងបានទៀតហើយ ។

ជនសង្ស័យឈ្មោះ យ៉េន ថា អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះ ឈ្មោះ ទិត ជួន អាយុ២០ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅយានដ្ឋាន ផ្លូវ២០០៤ ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានទីលំនៅ ផ្ទះលេខ៣១ ផ្លូវលំ ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៦ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-5126 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ដូចជាជ្រុលពេកហើយ អ្នករួមការងារជាមួយគ្នាក្នុងយានដ្ឋាន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យខ្ចីម៉ូតូជិះ បែជាយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ យកលុយ៥០០ដុល្លា លេងល្បែងអស់ មកវិញឲ្យលុយ១៥០ដុល្លាឲទៅលួសម្តេចគ្រាន់ មានតែបន្ថែមលុយបង្គ្រប់ខ្លួនឯង លួសយកម៉ូតូមកប្រើប្រាស់វិញ ស្រាប់តែមកដល់រសៀលថ្ងៃទី២៩ ខែមិនា ម្សិលមិញ ជនសង្ស័យបានខ្ចីម៉ូតូ ម្តងទៀត ប្រាប់ថាទៅមើលរថយន្តឲ្យគេ បែជាយកទៅបញ្ចាំនៅ ម្តុំផ្សារជម្ពូវ័នបាត់ បានលុយយកទៅលេងល្បែង លុះមកដល់ព្រលប់ថ្ងៃទី៣០ ខែមិនានេះ មកយានដ្ឋានវិញ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

ជនសង្ស័យបានសារភាពដែរថា ខ្លួនពិតជាយកម៉ូតូ របស់ជនរងគ្រោះខាងលើ ទៅបញ្ចាំបានលុយ៥០០ដុល្លា ចាញ់ល្បែងជល់មាន់អស់ហើយ ។ ជនសង្ស័យបន្តទៀតថា តាមហាងបញ្ចាំស្រួលទេ ឲ្យតែជិះទៅដល់ ទទួល
យកទាំងអស់ ថ្លៃថោក មិនដឹង ទៅតាមសេរី ភិនភាគ មិនបាច់ឯកសារ មិនឯកសារអ្វីទេ ងាយបំផុត ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។ ដោយមើលឃើញ នូវសកម្មភាព របរបញ្ចាំម៉ូតូ ឡាន បច្ចុប្បន្ន ដូចជាងាយណាស់ គ្មានឯកសារសំគាល់យានយន្ត ក៏ហាងទទួលយកដែរ សំខាន់ជិះឲ្យទៅដល់ លុយ លុយ ចង់ប្លន់ លួច ពីណាមកមិនខ្វល់ ទទួលយកទាំងអស់ ទោះជាកន្លងមក មានការរឹតបន្តឹងលើច្បាប់អាជីកម្ម ផ្ទះ ហាង កន្លែងបញ្ចាំយ៉ាងណាក្តី សមត្ថកិច្ច អាជ្ញាធរ គ្រាន់ចុះ ធ្វើ ពិនិត្យ ឲ្យតែល្អមើល មិនខុសណាគៀងត្រីបញ្ចូលទ្រូនោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!