ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបញ្ជូនខ្លួន យិន ម៉ាណា ដែលបើករថយន្តបុកនិស្សិតស្លាទៅសាលាដំបូងរាជធានីភ្នំពេញ

1 ខែ មុន 333 តូ សុផល

(ភ្នំពេញ)៖ បន្ទាប់ពីលោក យិន ហ្គិច ជាឪពុកបាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចចាត់ការ ភ្លាមៗនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ជនសង្ស័យឈ្មោះ យិន ម៉ាណា ដែលជាតៃកុងរថយន្ត Range Rover ស្លាកលេខ2AF- 7777 បុកនិស្សិតឈ្មោះ ឌុំ រីដា ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។

ពាក់ព័ន្ធករណីនេះ លោក សែម គន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង ថា សំណុំរឿងខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញកសាង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។

សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥០០០ដុល្លារ។

បន្ទាប់ពីចូលបុណ្យសព លោក យិន ហ្គិច បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។

ទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះត្រូវបានមហាជនរិះគន់ និងសម្តែងក្តីខឹងសម្បារ និងទទូចឲ្យមានការចាត់ផ្លូវច្បាប់លើជនបង្កឲ្យសាកសមនឹងកំហុស ដើម្បីទុកជាការព្រមានដល់អ្នកបើកបរដ៏ទៃទៀត។ 

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើបង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុក ជនរងគ្រោះដែលកំពុងជិះម៉ូតូគុបជ្រុងនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយបង្កហេតុ តែកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែសំណាងល្អដែលមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្តរហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តខាងលើបាន៕ 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!