ព្រឹតិ្តការណ៍ថ្មីៗ

ដកតំណែងមេប៉ុស្តិ័កំពង់សឹង ចាប់បញ្ជូន ជឹម រតនៈ  ជឹម វិន ​ និង សេង ឈិន រួមទាំងមិត្តភក្តិចំនួន២នាក់ទៀត ទៅតុលាការ  ករណីបាញ់សម្លាប់ដោយចោទថា លួចរថយន្ត

2 ខែ មុន 929 តូ សុផល

យោងតាម ផេកហ្វេសបុកផ្លូវការ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញលទ្ធផល

នៃការស៊ើបបអង្កេត ករណីផ្ទុះអាវុធនៅព្រៃវែង៖  ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលដែលសមត្ថកិច្ចគ្រប់ផ្នែកបានធ្វើការស៊ើបអង្កេត និង ចាត់វិធានការតាមនីតិវិធី លើករណីផ្ទុះអាវុធ កាលពីម៉ោង២៣ និង ០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ មានដូចតទៅ៖

១- អំពីដើមចមនៃបញ្ហា៖ ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ (ជាម្ចាស់រថយន្ត) បានយកប្រាក់ ៣០០០ដុល្លារសហរដ្ឋអាមេរិក ពី សេង ឈិន ទៅ លស់យករថយន្តរបស់ខ្លួន ដែល បានបញ្ចាំ រួច យក រថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលអោយជនជាតិចិន បាន
រយៈពេល ៣ខែហើយ ក្នុង១ខែ ទទួលបាន៤៥០ដុល្លារសហរដ្ឋអាមេរិក ( ចែកគ្នា បាន ២២៥$ ម្នាក់) ។ លុះដល់ថ្ងៃកើតហេតុ ដោយសារ រថយន្តនោះខូច និង ដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះ បានយករថយន្តនោះ មកជួសជុល ដែល ជាមូលហេតុ បណ្តាលអោយ ឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និង បាន ទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់។

២- អំពីការពិនិត្យកន្លែងកើតហេតុ៖ មានការបាញ់ដោយកាំភ្លើងចំនួន ១០ គ្រាប់ ដោយ ឈ្មោះ ជឹម រតនៈ (ជានាយផ្នែកអន្តោប្រវេសន៍ ស្រុកព្រះស្តេច) និង ជឹម វិន(ជាមន្ត្រីប៉ុស្តិ៍កំពង់សឹង្ហ) ដោយក្នុងនោះគ្រាប់កាំភ្លើង៥ គ្រាប់បានចំទៅលើជនរងគ្រោះ បណ្តាល អោយស្លាប់។

ដោយយោងលើ អង្គហេតុខាងលើនេះ សមត្ថកិច្ចបានចាត់វិធានការតាមនីតិវិធីដូចខាងក្រោម៖
– បញ្ជូនឈ្មោះ ជឹម រតនៈ និង ជឹម វិន ដែលជាអ្នកបាញ់ ទៅតុលាការ ពីបទ ផ្ទុះអាវុធ
បណ្តាលអោយស្លាប់មនុស្ស ។
– បញ្ជូន ឈ្មោះ សេង ឈិន និង មិត្តភក្តិចំនួន២នាក់ទៀតទៅ តុលាការ ដោយ ចោទពីបទ ផ្តល់សក្ខីកម្ម មិនពិត ។
– ដាក់ពិន័យកងកម្លាំងនគរបាលលើមេប៉ុស្តិ៍ ជា ឡាឌីន ដែលដឹកនាំកម្លាំងដោយអត្តនោម័ត ក្រោមរូបភាពដកមុខតំណែងពីមេប៉ុស្តិ៍ដើម្បីស្រាវជ្រាវបន្ត។
– ដោយឡែក មនុស្សចំនួន ៤នាក់ ដែលរួមមាន អ្នករួមដំនើរជាមួយជនរងគ្រោះ អ្នកបើកឡានអោយជនដែលផ្ទុះអាវុធ និង មនុស្សពីរ នាក់ដែលរួមដំណើរ ជាមួយអ្នកដើមបណ្តឹង សមត្ថកិច្ចបាន ដោះលែង ដោយធ្វើកិច្ចសន្យា អោយត្រលប់មកធ្វើជាសាក្សី វិញ ពេលណាដែលសមត្ថកិច្ចត្រូវការ។

ចំពោះវិធានការ និង​ដំណោះស្រាយជាបន្តទៀត គឺជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងសាលាដំបូងខេត្តព្រៃវែង ដើម្បីបើកសវនការផ្តន្ទាទោសជនល្មើសទាំងនោះតាមច្បាប់​ ជាធរមាន​។

ខ្ញុំសង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការនឹងផ្តល់យុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង ជូនសង្គមជាតិយើងទាំងមូល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!