ព្រឹតិ្តការណ៍ថ្មីៗ

ទារិកាអភ័ព្វម្នាក់ ដែលគេយកទៅបោះចោល នៅផ្លូវ៦០ម៉ែត្រ ត្រូវបានអ្នករើសអេតចាយប្រទះឃើញយកប្រគល់ឲ្យវិទ្យុABC ហើយយកទៅសង្គ្រោះនៅគន្ធបុប្ផានោះ ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ…!

6 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ​ ៖ គួរឲ្យ​សង្វេគ​ អាណិតយ៉ាងខ្លាំង! ទារិកដ៏កំសត់នេះបានស្លាប់ហេីយ​​ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា​ បានខិតខំអស់ពីលទ្ធភាពហេីយ​ តែពុំអាចជួយសង្គ្រោះទារិកានេះបានទេ ទារិកា​ដ៏កំសត់​នេះបានស្លាប់ហេីយ​ នៅវេលាម៉ោង០៨យប់​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩នេះ ក្រុមការងារ​វិទ្យុABC​ បានសម្ដែងការសុំទោសប្រិយមិត្ត​គ្រប់គ្នា​ ដែលពួកគាត់ជួយក្មេងអត់បាន… ។ បច្ចុប្បន្ន​សពទារិកាដ៏កំសត់នេះ​ ត្រូវបានក្រុមការងារវិទ្យុABC​ នាំយកទៅធ្វើបុណ្យ នៅវត្តសំបួរមាស​ ខណ្ឌដង្កោ​ ដោយមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យគន្ធបុប្ផាថា​ ទារិកា​ពិតជាស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផាពិតមែន តែនៅរងចាំសមត្ថកិច្ចជំនាញផ្នែក​កោសល្យវិច័យ​ចុះត្រួតពិនិត្យមេីលតាមជំនាញសិន​ មុននឹងអនុញាតិអោយបូជា​ ឬបញ្ចុះសពទារិកាដ៏កំសត់នេះ ផងដែរ។

សូមជម្រាបជូនថា​ ដំបូងឡើយ​ មានបុរសជាអ្នករើសអេតចាយ ២បាក់ ដើររើសអេតចាយតាមផ្លូវ​ លឺសំលេងយំ​ង៉ាៗ ស្មានតែឆ្មា​យំ លុះរកមើលឃើញទារិកាម្នាក់ ទើបនឹងកើតបានប៉ុន្មានថ្ងៃ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ នៅក្នុងថង់ខ្មៅមួយនៅក្បែរបង្គោលភ្លើង​ និងមានសំភារៈទារកនៅក្បែរនោះដែរ មេីលទៅទំនងជាឃ្លានខ្លាំងហើយ​ យំឡើងខ្មៅមុខ ដោយស្ទាបទៅនៅមានដង្ហើប​ ទើបលើកមកបី តែមិនស្គាល់លេខទូរស័ព្ទសមត្ថកិច្ចទៀតនោះ ទើបនាំគ្នាបេីកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ​ រហូតទៅដល់មុខវិទ្យុABC រួចប្រគល់ឲ្យក្រុមការងារវិទ្យុABC ជាអ្នកមើលថែបន្តវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជាប់បង្គោលភ្លេីងមួយ​ មុខការដ្ឋានសំណង់អាគារខ្ពស់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់បុរសទាំងពីរនាក់នោះ បានអោយដឹងថា​ នៅមុនពេលកើតហេតុ គាត់បានបេីករ៉ឺម៉កអេតចាយឌុបគ្នា​ រើសអេតចាយ​ តាមផ្លូវនានា​ លុះពេលមកផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចខាងលើស្រាប់តែឃើញថង់ខ្មៅមួយ មានសម្ភារៈទារកនៅក្បែរនោះ គាត់ក៏បើកមើល ស្រាប់តែឃើញទារក​ ដែលទើបនឹងកើតបានប៉ុន្មានថ្ងៃ​ នៅក្នុងថង់ខ្មៅនោះ ដោយមិនដឹងថា​ អ្នកណាយកមកបោះបង់ចោល​នោះទេ នៅក្បែរបង្គោលភ្លើង​ ដោយស្ទាបទៅនៅមានដង្ហើម​ ទើបលើកមកបី តែមិនស្គាល់លេខទូរស័ព្ទសមត្ថកិច្ចទៀតនោះ ហើយងាកមើលឆ្វេងស្ដាំ​ មិនឃើញមានមនុស្សនោះ​ឬសាច់ញាតិក្មេង ទេីបនាំគ្នាបីឡេីងបេីកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ​ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ​ រហូតទៅដល់មុខវិទ្យុABC រួចប្រាប់អ្នកលក់នៅក្នុង Mart ABC ២៤ម៉ោង​ ថាគាត់បានប្រទះឃើញទារិកា ដែលគេយកមកបោះបង់ចោល​ ។

ហើយក្រុមការងារវិទ្យុABC មានលោកដំលូង​ ពិធីករវិទ្យុABC និងកញ្ញា​ ដាវណ្ណ​ បានចេញមកទទួល​ និងធ្វើការសាកសួរព័ត៌មាន​ បានអោយដឹងថា​ បុរសដែលជាអ្នកបើករ៉ឺម៉កអេតចាយឈ្មោះ បញ្ញាអាយុប្រហែល៣០ឆ្នាំ​ ចំណែកឯបុរសជាអ្នកដើររើសអេតចាយនិងជាអ្នកប្រទះឃើញឈ្មោះ ភឿន​ តួ ។ ក្រោយពីសួរនាំរួច​ បងប្រុសជាអ្នករើសអេតចាយ​ ចិត្តល្អទាំង២នាក់​ បានត្រលប់ទៅដើររើសអេតចាយវិញ​ ។

បច្ចុប្បន្នទារិកាដ៏គួរឲ្យអាណិតខាងលើ ត្រូវអ្នករើសអេតចាយទាំង២នាក់នោះ ប្រគល់ឲ្យក្រុមការងារវិទ្យុABC​ យកទៅស្នាក់នៅវិទ្យុហើយដើម្បី​ មើលថែបន្ត​ តែស្ថានភាពទារិកានោះ​ កាន់តែខ្សោយ​ ព្រោះទំនងជានៅក្នុងថង់យូ​ និងស្រែកយំឡេីងខ្មៅមុខអស់ហេីយ​ ទេីបប្រញាប់យកក្មេងទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្លាមៗតែម្ដង៕​

សូមថ្លែងអំណរគុណដល់បងប្រុសអ្នករើសអេតចាយខាងលើ​​ រួមទាំងក្រុមការងារវិទ្យុABC ដែលបានសហការគ្នាជួយ យកចិត្តទុកដាក់ជួយទទួលទារិកាដ៏កំសត់នេះ តែចុងក្រោយទារិកាដ៏កំសត់នេះបានបាត់បង់ជីវិតហើយ​ ក្រោយពីក្រុមគ្រូពេទ្យព្យាយាមអស់ពីលទ្ធភាពទៅហើយ៕​ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ