ព្រឹតិ្តការណ៍ថ្មីៗ

ខេត្តព្រះសីហនុ ត្រៀមខ្លួនរៀបចំពិធីសង្ក្រាន្តសមុទ្រ យ៉ាងធំដើម្បីទទួលទេវតាឆ្នាំថ្មី

5 ខែ មុន 28 តូ សុផល

ខេត្តព្រះសីហនុ ត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នាំថ្មីឲ្យគគ្រឹកគគ្រេង និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធីសង្ក្រាន្តសមុទ្រខាងមុងនេះ។

ប្រាកដណាស់នារយៈពេល ២-៣ឆ្នាំ ចុងក្រោយនេះ ដោយសារកំណើនយ៉ាងគំហុកនៃវិនិយោគិនចិន ដែលនាំមកដូវការសាងសង់សំណង់តូចធំទាបខ្ពស់ជាច្រើនគម្រោង ហើយសកម្មភាពសាងសង់សំណង់ទាំងនោះ ក៏បានធ្វើឲ្យមានការរំខានខ្លះៗដល់ដំណើរទេសចរណ៍សម្រាប់ភ្ញៀវទេសចរទូទៅក៏ពិតមែន ក៏ប៉ុន្តែដើម្បីស្តារមុខមាត់ខេត្តទេសចរណ៍ជាប់មាត់សាគរដ៏ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះឡើងវិញផង និងការត្រៀមការរៀបចំសង្ក្រាន្តសមុទ្រដើម្បីទទួលទេវតាឆ្នាំថ្មីនាឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរខាងមុខនេះផង អាជ្ញាធរខេត្តបាននឹងកំពុងដុតដៃដុតជើងមមាញឹកក្នុងការសំអាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងនឹងមកកម្សាន្តខេត្តនេះនៅអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនាពាក់កណ្តាលខែមេសាខាងមុខនេះ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តពិតជាបានត្រៀមខ្លួនរៀបចំឲ្យមានកម្មវិធីសង្ក្រាន្តសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះមែន ដោយគណៈកម្មការរៀបចំពិធីនេះរបស់សាលាខេត្តគ្រោងនឹងរៀបចំពិធីសង្ក្រាន្តសមុទ្រនៅមាត់ឆ្នេរឯករាជ្យតែម្តង ព្រោះទីនោះមានផ្លូវថ្នល់ធំៗ និងទីធ្លាធំទូលាយល្អ មានសួនច្បារល្អស្អាតស្រាប់ មានទាំងដើមរុក្ខជាតិជាច្រើនសម្រាប់ផ្តល់ជាម្លប់គ្រប់គ្រាន់នៅពេលថ្ងៃក្តៅ ដែលវាអំណោយផលល្អទាំងពេលថ្ងៃនិងទាំងពេលយប់ ទីនោះមានភាពងាយស្រួលដល់ការសាងសង់ឆាកវេទិកា ងាយស្រួលទាំងការរៀបចំពិធីផ្សេងៗ គឺរួមមានទាំងពិធីសាសនា, ការលេងល្បែងកម្សាន្តប្រជាប្រិយជាច្រើនមុខ, ការសម្តែងសិល្បៈប្រពៃណី និងសិល្បៈសហសម័យ, ការប្រគុំតន្រ្តីសម័យ និងរៀបចំឲ្យមានស្តង់តាំងពិព័ណ៌សម្រាប់លក់ផលិតផលជាង ២០០ស្តង់ផងដែរ។

លោក សុចិត្រគ្រឹស្នា បានបន្តថា នាពេលបច្ចប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសណាក់ចំនួនជាង ១ម៉ឺនបន្ទប់សម្រាប់ភ្ញៀវជួលស្នាក់នៅ អំឡុងពេលពួកគាត់មកកម្សាន្តនៅទីនេះ។ បន្ថែមលើសពីកន្លែងស្នាក់នៅខេត្តព្រះសីនុ ក៏សម្បូរទៅមានភោជនីយដ្ឋាន និងអាហារដ្ឋានជាង ៣០០កន្លែងសម្រាប់ទទួលផ្គត់ផ្គង់ម្ហូបអាហារជូនភ្ញៀវទូទៅ។

លោក លីម ចាន់ភារុន តំណាងក្រុមហ៊ុនប្ល៊ូ​មេឌា (Blue Media) បានឲ្យដឹងថា ខាងក្រុមហ៊ុនប៊្លូមីឌាបានសហការជាមួយសាលាខេត្តដើម្បីត្រៀមរៀបចំកម្មវិធីសង្ក្រាន្តសមុទ្រសម្រាប់អបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពាក់កណ្តាលខែ
មេសាខាងមុងនេះ។ លោកបានបន្តថា យើងនឹងរៀបចំជាឆាកវេទិកាធំមួយសម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងរបាំត្រុដិ ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ ពិធីស្រង់ព្រះនៅថ្ងៃចូលឆ្នាំទី៣ ការលេងល្បែងប្រជាប្រិយផ្សេងៗ(បោះឈូង អង្គុញ ទាញព្រ័ត្រ, វាយក្អមជាដើម) មានការប្រគុំតន្រី្តសម្រាប់រាំលេងកម្សាន្ត ការសម្តែងសិល្បៈប្រពៃណីនិងសហសម័យ ពិធីបណ្តែតគោមទឹកនិងពិធីបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័ណ៌លក់ផលិតផលផ្សេងៗចំនួនជិត ៣០០ស្តង់។ បន្ថែមលើសពីនោះទៀត យើងក៏ត្រៀមរៀបចំឲ្យមានទីកន្លែងសម្រាប់បាញ់ទឹក (គឺបន្ទប់ពីពិធីស្រង់ព្រះរួចហើយ)នាពេលណាថ្ងៃមានកម្តៅខ្លាំងផងដែរ។

លោក លីម ចាន់ភារុន បានបន្តថា តាមការគ្រោងទុកកម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃសម្រាប់កម្មវីធីសង្ក្រាន្តសមុទ្រ ប៉ុន្តែដោយឡែកសម្រាប់កម្មវិធីតាំងពិព័ណ៌លក់ផលិតផលនានានោះ គណៈកម្មការរៀបចំឲ្យមានរយៈពេលច្រើនថ្ងៃ(គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០៩១៩) ជាងនេះ។ ហើយយើងត្រៀមនឹងរៀបចំជាកម្មវិធីវិធីកម្សាន្តប្លែកគ្នាជាច្រើននៅតាមថ្ងៃនីមួយៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងការកម្សាន្តសប្បាយសម្រាប់មហាជនទូទៅផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!