ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ចាប សុថារិទ្ធ ៖ មុននឹងទៅធ្វើអធិការកិច្ចគេ ត្រូវពិនិត្យខ្លួនឯងជាមុន 

7 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះនៃការងារអធិការកិច្ចជំនាន់ទី២ វគ្គ១ កម្រិត ១ និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន ចំនួន ៤០រូប នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ បានបញ្ជាក់ថា ៖ មុននឹងទៅធ្វើអធិការកិច្ចគេ ត្រូវពិនិត្យខ្លួនឯងជាមុន ដោយយកអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាមកធ្វើជាមូលដ្ឋានគ្រឹះ ។ ព្រោះការងារអធិការកិច្ច គឺជាការងារដ៏មានសារៈសំខាន់ និងស្មុគស្មាញ ដែលទាមទារឲ្យមន្រ្តីអធិការកិច្ចមានសមត្ថភាពជំនាញជ្រៅជ្រះ និងច្បាស់លាស់ក្នុងការចុះបំពេញការងារម្តងៗ។

ដោយមើលឃើញបែបនេះហើយ ទើបលោកជំទាវឧបនាយករដ្ឋមន្ត្រី បានខិតខំបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចនេះឡើង ដើម្បីធ្វើជាយន្តការក្នុងការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីអធិការកិច្ចឲ្យមានកាយសម្បទាវិជ្ជាជីវៈពិតប្រាកដ ។ រីឯវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចដែលបានបញ្ចប់នាពេលនេះ គឺ ដើម្បីរួមចំណែកអនុវត្តឲ្យមានប្រសិទ្ធភាព និងជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាវិស័យអាទិភាពទី១ នៃយុទ្ធសាស្រ្តចតុកោណ ។

ឯកឧត្តម ក៏បានលើកយកប្រសាសន៍ណែនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ចំនួនបីចំណុចសំខាន់ៗ មកធ្វើការជំរាបជូនដល់សិក្ខាកាមទាំងអស់ដើម្បីអនុវត្ត រួមមាន ៖

១.យើងត្រូវចងចាំថា បើយើងមានចំណេះដឹង និងជំនាញហើយ តែមិនមានឆន្ទៈបំពេញការងារឲ្យបានត្រឹមត្រូវ យើងក៏មិនអាចទទួលបានលទ្ធផលល្អដែរ ។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះ ទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអភិវឌ្ឍអង្គភាព និងពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ នោះវានឹងក្លាយជាធាតុចូលមួយ ក្នុងការរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

២.សិក្ខាកាមក៏ដូចជាគណៈប្រតិភូអធិការកិច្ចទាំងអស់ ក៏ត្រូវចងចាំផងដែរថា នៅពេលចុះបំពេញបេសកកម្ម យើងត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ឯករាជ សុចរិតភាព ស្អាតស្អំមិនលំអៀង តមា្លភាពនិងទទួលខុសត្រូវខ្ពស់ដោយឈរលើគោលការណ៍ច្បាប់ជាធំនិងគោរពតាមអភិក្រមទាំង៥ គឺ“ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់”សំដៅបម្រើសេវាសាធារណៈឲ្យកាន់តែល្អ ។ ធ្វើដូច្នេះទើបអាចរក្សាសេចក្តីថ្លៃថ្នូរ ក្នុងការរួមចំណែកក្នុងការបង្ការទប់ស្កាត់ កែលម្អនិងមានវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយការរំលោភដោយអំណាចនិងបាតុភាពអសកកម្មនានា ប្រកបដោយប្រសិទ្ធភាព។

៣.អង្គភាពក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រផ្តល់កិច្ចសហការ និងត្រូវចាត់មន្រ្តីមកចូលរួមការបណ្តុះបណ្តាល ដើម្បីឲ្យវិទ្យាស្ថានជាតិអធិការកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

បើតាមរបាយការណ៍របស់ ឯកឧត្តម បណ្ឌិត សោម បូរ៉ាន់ នាកយកវិទ្យាស្ថានជាតិអធិការកិច្ច បានឲ្យដឹងថាៈ វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋមស្តីពី “មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច” មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចូលរួមសរុបចំនួន៤០នាក់ មកពី អគ្គនាយកដ្ឋានទាំងបី និងមន្ទីរ ទាំង២៥រាជធានី-ខេត្ត ត្រូវបណ្តុះបណ្តាលលើប្រធានបទចំនួន ០៦រួមមាន៖ទស្សនៈទូទៅ នៃការងារអធិការកិច្ច .ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច.ច្បាប់ និងលិខិតបទដ្ឋានក្នុងសកម្មភាពអធិការកិច្ច .ភារកិច្ចនិងសិទ្ធិអំណាចរបស់មន្រ្តីអធិការកិច្ច.វិធីសាស្រ្តធ្វើអធិការកិច្ច.បណ្តឹង និងបែបបទនៃការដោះស្រាយបណ្តឹង។

បើតាមការឲ្យដឹងពីឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅក្រោយបញ្ចប់ពិធីចែកវិញ្ញាបនប័ត្រ នៃវគ្គបណ្តុះបណ្តាលនេះថា៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបានបង្កើតឡើងដោយអនុក្រិត្យលេខ០៣ អនបក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដែលមកដល់បច្ចុប្បន្ន ក្រោមការខិតខំនិងណែនាំដោយផ្ទាល់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឲ្យវិទ្យាស្ថានមួយនេះ ក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សយ៉ាងសំខាន៉ លើវិស័យអធិការកិច្ចបើទោះជាយើងទើបដំណើរការបណ្តុះបណ្តាលកំរិតបឋមក៏ពិតមែនប៉ុន្តែពេលខាងមុខបន្ទាប់ពីអគារវិទ្យាស្ថានសាងសង់រួច យើងនឹងខិតខំរៀបចំឲ្យមានការបណ្តុះបណ្តាលគ្រប់កំរិត ក្រោមកិច្ចស្វែងរកដៃគូរទាំងក្នុង និងក្រៅប្រទេស ឲ្យមកចូលរួមផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ