ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាប្រចាំឆ្នាំ ២០១៩ ចំនួន ៣០លានរៀលដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

7 ខែ មុន 25 តូ សុផល

ភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ នេះ

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០១៩ ជាមូលប្បទានបត្រចំនួន ៣០លានរៀល ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំជូនមជ្ឈមណ្ឌលនេះ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ក្នុងឱកាសដែល សម្តេច បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស នៃមជ្ឈមណ្ឌលខាងលើនេះ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសប្រគល់ថវិកានោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះ កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌល។ ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសមកពីប្រទេសផ្សេងៗជាច្រើន ជាពិសេសគឺអាជ្ញាធរមូលដ្ឋាន ដែលជួយធ្វើឱ្យកុមារី យុវនារីទាំងអស់មានភាពកក់ក្តៅ មានទីពឹងពាក់ និងអ្នកមួយចំនួនបានធ្វើសមាហរណកម្មទៅរស់នៅមូលដ្ឋានវិញ។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ